ដោយៈសុផល/ភ្នំពេញ៖ដោយសារមានការគាំទ្រយ៉ាងច្រើនពីសំណាក់មាតាបិតាកុមារ និង ប្រជាជនខ្មែរគ្រប់មជ្ឈដ្ឋាន មន្ទីរព្យាបាលកុមារដំរីបានពង្រីកការផ្ដល់សេវា បន្ថែមផ្នែករោគស្ដ្រី និងសម្ភពហើយបានប្ដូរឈ្មោះទៅជា “មន្ទីរព្យាបាលស្ដ្រី និងកុមារដំរី” ដើម្បីចូលរួមលើកកម្ពស់គុណភាព និងសុវត្ថិភាពលើវិស័យសុខាភិបាល។
ថ្លែងក្នុងពិធីបើកដាក់ឱ្យដំណើរការមន្ទីរព្យាបាលស្ដ្រី និងកុមារដំរី នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ នៅសង្កាត់ភ្នំពេញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិត អៀង ហួរ នាយកមន្ទីរព្យាបាលស្ដ្រីនិងកុមារដំរីបានគូសបញ្ជាក់ថា៖ការពង្រីកសេវាកម្មបន្ថែមផ្នែករោគស្ដ្រីនិងសម្ភពនេះគឺដោយមានការគាំទ្រនិងផ្ដល់នូវទំនុកចិត្ដពីអាណាព្យាបាលមាតាបិតាដែលជឿនិងទុកចិត្ដមកទទួលយកនូវសេវាកម្មនៅមន្ទីរព្យាបាលកុមារដំរីនាពេលកន្លងមកនិងដើម្បីជាការរួមចំណែកលើកស្ទួយសេវាសុខាភិបាលនៅក្នុងប្រទេសកម្ពុជា។
លោកវេជ្ជបណ្ឌិតបានថ្លែងថាដោយមើលឃើញពីតម្រូវការចាំបាច់ក្នុងសង្គមផ្នែកសុខាភិបាលឲ្យកាន់តែទូលំទូលាយផងនោះជាពិសេសក្រោមការដឹកនាំដ៏ឆ្លាតវៃ របស់រាជរដ្ឋាភិបាល មន្ទីរព្យាបាលបានពង្រីកឱ្យមានសេវាពិនិត្យនិងព្យាបាលរោគស្ដ្រី ដោយយកចិត្ដទុកដាក់ទៅលើស្ដ្រី ព្រមទាំងការ សម្រាលកូន ដោយសុវត្ថិភាព ផ្តោតលើការផ្ដល់សេវាប្រកបដោយគុណភាព ដើម្បីប្រកួតប្រជែងជាមួយប្រទេសជិតខាង និងអន្ដរជាតិ នាពេលខាងមុខ។
ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិតបានថ្លែងបញ្ជាក់ថា៖ «ការពង្រីកសេវាកម្មបន្ថែមខាងលើ ពួកយើងចង់ឱ្យប្រជាជនកម្ពុជាទុកចិត្ដលើសេវាសុខាភិបាលក្នុងស្រុក ផងដែរ ដើម្បីលើកកម្ពស់សេដ្ឋកិច្ច និងពង្រឹងលើគុណភាពនៃការព្យាបាល»។
លោកវេជ្ជបណ្ឌិត អៀង ហួរ បានអះអាងថា តម្រូវការផ្នែកសេវាសុខាភិបាលក្នុងស្រុកមានការកើនឡើង ហើយមន្ទីរព្យាបាលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញតម្រូវការជូនប្រជាជនកម្ពុជា គឺការផ្ដល់សេវា ដែលមានគុណភាព សុវត្ថិភាពជូនប្រជាជន ព្រមទាំងមានតម្លៃសមរម្យ។
លោកស្រីវេជ្ជបណ្ឌិត ទេព សម្ផស្ស ឯកទេសផ្នែកសម្ភព និងរោគស្ដ្រី នៃមន្ទីរព្យាបាលស្ដ្រី និងកុមារដំរី បានឱ្យដឹងផងដែរថាការបើកពង្រីកសេវាបន្ថែមនេះក្នុងគោលដៅចង់ចូលរួមជួយលើកស្ទួយដល់ផ្នែកសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយអត្រាមរណភាពរបស់ស្ដ្រី និងកុមារ ឱ្យកាន់តែទាបបំផុតស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។លោកស្រីវេជ្ជបណ្ឌិតសង្ឃឹមថា ការបើកពង្រីកសេវាកម្មនេះ នឹងចូលរួមជួយលើកស្ទួយដល់ផ្នែកសម្ភព រោគស្ដ្រី និងកុមារនិងអាចឆ្លើយតបទៅតាមតម្រូវការប្រជាជនខ្មែរ។
លោកស្រីវេជ្ជបណ្ឌិតយល់ថា៖ «សព្វថ្ងៃនេះ ជំងឺរោគស្ដ្រីកើតមានច្រើន ដោយសារតែស្ដ្រីខ្លះគាត់អត់ទាន់ទទួលព័ត៌មាននិងការព្យាបាលបានត្រឹមត្រូនៅក្នុងប្រទេស ស្ដ្រីខ្លះគាត់មានលទ្ធភាពពួកគាត់ក៏បានចាកចេញទៅព្យាបាលនៅក្រៅប្រទេស។ក្រុមគ្រូពេទ្យពួកយើងនឹងអាចផ្ដល់ព័ត៌មានដល់ស្ដ្រីដែលអាចមកពិគ្រោះនិងព្យាបាលនៅក្នុងមន្ទីរពេទ្យយើងបានគ្រប់ពេលវេលា»។ លោកស្រីបានកត់សម្គាល់ឃើញថា បច្ចុប្បន្ន មន្ទីព្យាបាលស្ដ្រី និងកុមារីដំរី បានទទួលព្យាបាលគ្រប់ជំងឺកុមារទាំងអស់ ក្នុងនោះជំងឺកុមារខ្លះ គាត់មានភាពស្លេកស្លាំង ខ្លះខ្វះជីវជាតិអាហារខ្លះទៀតមានជំងឺបេដូងចំហពីកំណើតជាដើម។
លោកស្រីវេជ្ជបណ្ឌិតបានបន្ថែមទៀតថា ដូច្នេះ ដើម្បីកាត់បន្ថយកុំឱ្យមានជំងឺទាំងអស់នោះកើត ឡើងលើកុមារពួកយើងខ្ញុំសូមលើកទឹកចិត្តឱ្យស្ត្រីកំពុងពរពោះគ្រប់រូបមកពិគ្រោះជាមួយពេទ្យជំនាញផ្ដើមស្រាវជ្រាវរកប្រវត្ដិជំងឺគ្រោះថ្នាក់តាំងពីកំណកំណើតពីក្នុងផ្ទៃមក។ លោកស្រីវេជ្ជបណ្ឌិតបន្ដថាពេលសម្រាល ក៏មានពេទ្យផ្នែកកុមារ ជួយសម្រួលផ្នែកសរីរាង្គដល់កុមារហើយនឹងមិនមានបញ្ហាក្នុងការសម្រាលទាំងម្ដាយក៏ដូចជាទារកផងដែរ។
សូមជម្រាបជូនថាមន្ទីរព្យាបាលស្ដ្រីនិងកុមារដំរី មានបន្ទប់សម្រាលដោយធម្មជាតិដោយបំពាក់ដោយឧបករណ៍ទំនើបតាមបទដ្ឋានអន្ដរជាតិ បន្ទប់វះកាត់ និងបន្ទប់ក្រោយការវះកាត់និងមានបន្ទប់សម្រាកសម្រាប់កុមារនិងស្ដ្រីសរុប៣៤បន្ទប់។ទន្ទឹមនេះមានវេជ្ជបណ្ឌិតផ្នែករោគស្ដ្រីចំនួន០៦នាក់វេជ្ជបណ្ឌិតផ្នែកកុមារចំនួន០៨នាក់និងបុគ្គលិកនិងគ្រូពេទ្យសរុបជាង៣០នាក់។
នៅចុងឆ្នាំ២០២២នេះដែរ មន្ទីរព្យាបាលស្ដ្រី និងកុមារដំរី ក៏នឹងបញ្ចុះតម្លៃរហូតដល់៥០ភាគរយ សម្រាប់ការពិនិត្យ ព្យាបាល រោគស្ដ្រី និងការពិនិត្យផ្ទៃពោះ៕Ph