ប្រែសម្រួល : កញ្ញាដាលីស (CGTN) ៖ ការកើនឡើងករណីស្លាប់ដោយកូវីដ១៩និងការសេពគ្រឿងញៀនហួសកម្រិតបានជំរុញអាយុកាលរស់នៅជាមធ្យមនៅអាម៉េរិកឈានដល់កម្រិតទាបបំផុតចាប់តាំងពីឆ្នាំ១៩៩៦ នេះបើយោងតាមរបាយការណ៍ថ្មីមួយចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ដោយមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺរបស់សហរដ្ឋអាម៉េរិក (CDC)។
មានអ្នកស្លាប់សរុបចំនួន ៣.៤៦៤.២៣១ នាក់នៅក្នុងសហរដ្ឋអាម៉េរិកក្នុងអំឡុងឆ្នាំ ២០២១ គឺច្រើនជាងចំនួនសរុបដែលបានរាយការណ៍ក្នុងឆ្នាំ២០២០ដល់ទៅ ៨០.៥០២ នាក់ នេះបើយោងតាម CDC ។
យោងតាម CDCបានឱ្យដឹងថា អាយុសង្ឃឹមរស់នៅពេលកើតសម្រាប់ប្រជាជនអាម៉េរិកបានថយចុះពី ៧៧ ឆ្នាំក្នុងឆ្នាំ ២០២០ មកត្រឹម ៧៦,៤ ឆ្នាំក្នុងឆ្នាំ ២០២១ដែលជាការធ្លាក់ចុះសម្រាប់ឆ្នាំទីពីរជាប់ៗគ្នា។
ជំងឺបេះដូងនៅតែជាមូលហេតុនាំមុខគេនៃការស្លាប់នៅសហរដ្ឋអាម៉េរិកកាលពីឆ្នាំមុន បន្ទាប់មកគឺជំងឺមហារីក និង កូវីដ១៩។
នៅឆ្នាំ ២០២១ ជនជាតិអាម៉េរិកជិត ១០៧.០០០ នាក់បានស្លាប់ដោយសារការសេពគ្រឿងញៀនហួសកម្រិត ដែលកើនឡើងជិត ១៦ ភាគរយធៀបនឹងឆ្នាំ ២០២០ នេះបើយោងតាម CDC ។ ការស្លាប់ដោយការសេពគ្រឿងញៀនហួសកម្រិតបានកើនឡើងប្រាំដងក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះក្នុងប្រទេសនេះ៕
ទិដ្ឋភាពតាមដងផ្លូវក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២២