ប្រែសម្រួល : កញ្ញាដាលីស (CGTN) ៖ ស្ថានីយវារីអគ្គិសនីបៃហេតាន (Baihetan)ដែលផលិតថាមពល ១៦ ជីហ្គាវ៉ាត់ (GW)របស់ចិន បានដំណើរការពេញលេញកាលពីថ្ងៃអង្គារទី២០ធ្នូ។
វាជាស្ថានីយវារីអគ្គិសនីធំជាងគេទីពីររបស់ពិភពលោក បើគិតពីសមត្ថភាពដំឡើងសរុប គឺទីពីរបន្ទាប់ពីគម្រោងទំនប់វារីអគ្គិសនី Three Gorges នៅខេត្តហ៊ូប៉ីភាគកណ្តាលប្រទេសចិន។
ជាមួយនឹងអង្គភាពផលិតវារីអគ្គិសនីធំជាងគេចំនួន ១៦ របស់ពិភពលោក ដែលអង្គភាពនីមួយៗមានសមត្ថភាពដំឡើង ១ ជីហ្គាវ៉ាត់ ស្ថានីយនេះអាចផលិតអគ្គិសនីបាន ៦២.៤០០ ជីហ្គាវ៉ាត់ម៉ោងក្នុងមួយឆ្នាំ ដែលគ្រប់គ្រាន់សម្រាប់តម្រូវការប្រើប្រាស់អគ្គិសនីរបស់ប្រជាជនប្រមាណ ៧៥ លាននាក់។
ទំនប់វារីអគ្គិសនីបៃហេតានគឺជាទស្សនីយភាពវិស្វកម្មនៅលើទន្លេជីនសា (Jinsha) ដែលជាផ្នែកមួយខាងលើទន្លេយ៉ាងសេ ហើយហូរកាត់ខេត្តស៊ីឈ័ននិងយូនណាននៅភាគនិរតីប្រទេសចិន។
ជាមួយនឹងកម្ពស់ខុសគ្នា ៥.១០០ ម៉ែត្រ ទន្លេនេះគឺល្អសម្រាប់ផ្តល់ថាមពលវារីអគ្គិសនី ប៉ុន្តែវាក៏មានបញ្ហាប្រឈមផងដែរសម្រាប់ទំនប់ក្នុងការទប់ទល់នឹងបរិមាណសម្ពាធទឹកដ៏ច្រើននេះ៕
ស្ថានីយវារីអគ្គិសនីបៃហេតានដំណើរការពេញលេញកាលពីថ្ងៃអង្គារទី២០ធ្នូ(រូបស៊ីនហួរ)