ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ សំណុំរឿងបង្កៃគ្រាប់បែក នៅចំណុចមុខសណ្ឋាគារណាហ្គា២ ចៅក្រមបានសម្រេចឃុំខ្លួនជនជាតិ ចំនួន ពីរនាក់ ពីបទបោះបង់អាវុធ នៅទីសាធារណៈ តាមមាត្រា ៤៩១ នៃក្រមព្រហ្មទណ្ឌ​នៅថ្ងៃទី២៣​ ខែធ្នូ ឆ្នាំ២០២២នេះ។

សំណុំរឿងបង្កៃគ្រាប់បែក នៅចំណុចមុខសណ្ឋាគារណាហ្គា២ តំណាងអយ្យការ បានសម្រេចបើកការស៊ើបសួរ ជនសង្ស័យចំនួន ពីរនាក់ ពីបទបោះបង់អាវុធ នៅទីសាធារណៈ តាមមាត្រា ៤៩១ នៃក្រមព្រហ្មទណ្ឌ។ នេះបើតាមការបញ្ជាក់របស់ លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២២។

សមត្ថកិច្ច បានបញ្ជូនខ្លួនជនជាតិចិន ចំនួន ពីរនាក់ (ប្រុស ១នាក់ ស្រី១នាក់) ពាក់ព័ន្ធ ករណីបង្កៃគ្រាប់បែក នៅចំណុចមុខសណ្ឋាគារណាហ្គា២ ស្ថិតនៅផ្លូវរដ្ឋសភា ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ទៅសាលាដំបូង រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២។ ការបញ្ជូនទៅតុលាការនេះ គឺបន្ទាប់ពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ចប់ការសាកសួរ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅចំណុចផ្ទះលេខ១៩ បូរីប៉េងហួត បឹងស្នោរ ផ្លូវM-០២ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីលល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានបញ្ជាក់ថាៈ “ជនសង្ស័យចំនួន ២នាក់ ក្នុងចំណោម ៥នាក់ ត្រូវបានបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២។ ជនសង្ស័យ ទាំងពីរនាក់ មានដូចជា ១.ឈ្មោះ YANG JIAKANG ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិចិន (ម្ចាស់រថយន្ត LANG ROVER DEFENDER ពណ៌ស្លែ សេរី២០២១ ពាក់ផ្លាកលេខ កម្ពុជា-LC.9888) និងទី២.ឈ្មោះ TU LINAN ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិចិន”។

សូមជម្រាបថា កាលពីព្រឹកព្រលឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ស្ត្រីអ្នកបោសសំរាមម្នាក់ បានប្រទះឃើញគ្រាប់បែក មួយគ្រាប់ នៅលើមុខសណ្ឋាគារណាហ្គា២ ផ្លូវរដ្ឋសភា ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ បន្ទាប់ពីទទួលបានព័ត៌មាននេះ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន សហការជាមួយកម្លាំង នាយកដ្ឋាននគរ បាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានធ្វើការស្រាវជ្រាវ តាមរយៈកាមេរ៉ាសុវត្ថិភាព នៅក្បែរកន្លែងកើតហេតុ រហូតឈានដល់ឃាត់ខ្លូនជនសង្ស័យ ចំនួន ៥ នាក់ (ជនជាតិចិន ៤នាក់ “ប្រុស ៣នាក់ និងស្រី១នាក់)” និងស្ត្រីខ្មែរ ១នាក់ រួមទាំងរថយន្ត ១គ្រឿង ម៉ាក LANG ROVER DEFENDER ពណ៌ស្លែ សេរី២០២១ ពាក់ផ្លាកលេខ កម្ពុជា-LC.9888 នៅចំណុចផ្ទះលេខ១៩ បូរីប៉េងហួត បឹងស្នោរ ផ្លូវ M-០២ សង្កាត់និរោធ ខណ្ឌច្បារអំពៅ៕/V-PC