ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ចាន់អូចា បានប្រាប់សារព័ត៌មានកាលពីថ្ងៃសុក្រទី២៣ធ្នូថា លោកនឹងស្វះស្វែងកាន់តំណែងនាយករដ្ឋមន្ត្រីមួយអាណត្តិទៀត និងបានប្រកាសបេក្ខភាពនាយករដ្ឋមន្ត្រីសំរាប់គណបក្សទើបបង្កើតថ្មីមួយសំរាប់ការបោះឆ្នោតនៅឆ្នាំក្រោយ។
ប្រាយុទ្ធ បានឡើងកាន់អំណាចក្នុងនាមជាមេទ័ពក្នុងរដ្ឋប្រហារយោធាឆ្នាំ២០១៤ មុនក្លាយជានាយករដ្ឋមន្ត្រីស្របច្បាប់ក្រោយការបោះឆ្នោតឆ្នាំ២០១៩ តែប្រជាប្រិយភាពរបស់លោកបានធ្លាក់ចុះចំពេលមានសញ្ញាបែកបាក់ក្នុងគណបក្សកាន់អំណាច។
នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់ អូចា នឹងស្វះស្វែងរកអំណាចមួយអាណត្តិទៀតក្នុងការបោះឆ្នោតសកលដែលគ្រោងធ្វើនៅមុនខែឧសភាឆ្នាំក្រោយ
លោកបានប្រាប់អ្នកយកព័ត៌មាននៅក្រៅវិមានរដ្ឋាភិបាលក្នុងទីក្រុងបាងកកថា គណបក្សប្រជាជាតិថៃឯកភាព(United Thai Nation Party)ដែលទើបបង្កើតឡើងថ្មី «សុំគាំទ្រខ្ញុំជាបេក្ខជននាយករដ្ឋមន្ត្រីសំរាប់ការបោះឆ្នោតនាពេលខាងមុខ» ។
«ខ្ញុំនឹងបញ្ជាក់អោយច្បាស់នៅថ្ងៃនេះថា ៖ ខ្ញុំបានសំរេចចិត្តចូលរួមតួនាទីនេះ »។
លោកប្រាយុទ្ធត្រូវបានរំពឹងទុកជាទូទៅថានឹងចាកចេញពីគណបក្ស ផាឡាង ប្រាចារ៉ាត(PPRP)របស់លោកដែលកំពុងដឹកនាំរដ្ឋាភិបាលចំរុះបច្ចុប្បន្នក្រោយពីគណបក្សPPRPបានប្រកាសកាលពីសប្តាហ៍មុនថា ប្រធានបក្សគឺឧបនាយករដ្ឋមន្ត្រី ប្រាវីត វង់ស៊ូវ៉ាន(Prawit Wongsuwan)នឹងជាបេក្ខជននាយករដ្ឋមន្ត្រីរបស់បក្សសំរាប់ការបោះឆ្នោតនាពេលខាងមុខ។
ឧបនាយករដ្ឋមន្ត្រី ប្រាវីត វង់ស៊ូវ៉ាន(មុខកណ្តាល) ប្រកាសបេក្ខភាពនាយករដ្ឋមន្ត្រីសំរាប់គណបក្សPPRP
សូមបញ្ជាក់ថា លោកប្រាយុទ្ធ និងប្រាវីត បានបំរើក្នុងជួរយោធាថៃហើយជោគវាសនានយោបាយរបស់អ្នកទាំងពីរមានភាពប្រទាកគ្នាអស់ពេលរាប់ទសវត្សរ៍មកនេះ។ប្រាយុទ្ធបាននិយាយថាទំនាក់ទំនងរវាងលោកនិងប្រាវីតនៅរឹងមាំ ទោះជាចែកផ្លូវនយោបាយគ្នាក្តី។
ឥឡូវបក្សភឿថៃ ដែលជាបក្សប្រឆាំងកំពុងមានប្រជាប្រិយភាពខ្ពស់ក្រោយការស្ទង់មតិជាច្រើនលើក តែរដ្ឋធម្មនុញ្ញថៃបច្ចុប្បន្នដែលព្រាងឡើងក្នុងសម័យយោធាគ្រប់គ្រងប្រទេស អនុគ្រោះដល់បណ្តាគណបក្សណាដែលមានទំនាក់ទំនងល្អជាមួយយោធា ក្នុងការបង្កើតរដ្ឋាភិបាល៕