ប្រែសម្រួល : កញ្ញាដាលីស (បាងកកប៉ុស្តិ៍) ៖ ទិសដៅនយោបាយនិងសេដ្ឋកិច្ចសកលបានផ្លាស់ប្តូរភ្លាមៗ នៅពេលដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីនបានបញ្ជាឱ្យឈ្លានពានអ៊ុយក្រែនក្រោមលេសបេសកកម្ម “ប្រតិបត្តិការពិសេស” នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២។
ទាហានរុស្ស៊ីជាង ២០០.០០០ នាក់ និង រថក្រោះនិងរថពាសដែកជាច្រើនគ្រឿងបានរុលចូលយ៉ាងលឿនដើម្បីវាយប្រហារទីក្រុងគៀវ រដ្ឋធានីរបស់អ៊ុយក្រែន។ តែការខូចខាតយ៉ាងធ្ងន់ធ្ងរពីសង្គ្រាមនេះបានជំរុញឱ្យតម្លៃប្រេងឆៅនៅទីផ្សារ ICE Brentកើនឡើងពី ៩០ ដុល្លារក្នុងមួយបារ៉ែលស្មើនឹង ១២៨ ដុល្លារក្នុងមួយបារ៉ែលក្នុងរយៈពេលមួយខែ។ ទោះយ៉ាងណាការតស៊ូដ៏ខ្លាំងក្លារបស់អ៊ុយក្រែនជាមួយនឹងកាំជ្រួចទំនើបៗដែលគាំទ្រដោយលោកខាងលិចបានបំផ្លាញយន្តហោះចម្បាំងនិងរថក្រោះរបស់រុស្ស៊ីជាច្រើន ដែលបណ្តាលឱ្យសង្គ្រាមអូសបន្លាយដល់ឆ្នាំ ២០២៣។
រុស្ស៊ីបានយកថាមពលធ្វើជាអាវុធដើម្បីទប់ទល់នឹងលោកខាងលិចដោយកាត់បន្ថយការនាំចេញនិងគំរាមបញ្ឈប់ការផ្គត់ផ្គង់ថាមពលទៅកាន់អឺរ៉ុប ដែលបណ្តាលឱ្យតម្លៃថាមពលកើនឡើងខ្ពស់។ សហរដ្ឋអាម៉េរិកនិងសម្ពន្ធមិត្តរបស់ខ្លួនបានដាក់ទណ្ឌកម្មមួយចំនួនលើថាមពលរុស្ស៊ីដើម្បីរឹតត្បិតចំណូលសង្គ្រាមរបស់រុស្ស៊ី។ ក្នុងពេលជាមួយគ្នានេះដែរ សហភាពអឺរ៉ុប (EU)ប្រទេសឧស្សាហកម្មឈានមុខគេទាំងប្រាំពីរ (G7)និងអូស្ត្រាលី បានកំណត់តម្លៃប្រេងឆៅដឹកតាមសមុទ្ររបស់រុស្សីត្រឹម ៦០ ដុល្លារក្នុងមួយបារ៉ែល ដែលចាប់ផ្តើមចូលជាធរមានពីថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០២២។ ក្រុមហ៊ុនដឹកជញ្ជូននិងក្រុមហ៊ុនធានារ៉ាប់រងប្រេងតាមសមុទ្រនៅក្រោម EU និង G7នឹងអាចធ្វើប្រតិបត្តិការដឹកជញ្ជូនប្រេងឆៅតាមសមុទ្ររបស់រុស្ស៊ីបាន លុះត្រាតែពិដានតម្លៃមិនលើសពី៦០ដុល្លារ។
ទោះបីជា EU មិនបានកំណត់កាលវិភាគសម្រាប់ការដាក់ទណ្ឌកម្មលើឧស្ម័នធម្មជាតិពីរុស្ស៊ីក៏ដោយ ក៏ប៉ុន្តែរុស្ស៊ីបានកាត់បន្ថយការចែកចាយរបស់ខ្លួនរួចទៅហើយដើម្បីបង្ខំឱ្យ EU ទូទាត់ជាប្រាក់រូបិល្លិ៍ (Rouble)។ ខណៈ EU បង្កើនល្បឿនស្តុកទុកឧស្ម័នឱ្យលើសពីកម្រិត ៨០ ភាគរយនៃសមត្ថភាពផ្ទុកសរុបមុនថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២២ ដើម្បីបំពេញតម្រូវការរដូវរងា EUមានគោលបំណងបញ្ចប់ការពឹងផ្អែកលើឧស្ម័នធម្មជាតិពីប្រទេសរុស្ស៊ី និងងាកទៅរកឧស្ម័នធម្មជាតិ LNGពីសហរដ្ឋអាម៉េរិកនិងកាតា និងបំពង់បង្ហូរឧស្ម័នពីប្រទេសន័រវែស។
ការឡើងថ្លៃថាមពលបានបង្កឱ្យមានអតិផរណា។ ជាងនេះទៅទៀត ការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិ ដែលក្នុងនោះរុស្ស៊ីនិងអ៊ុយក្រែនជាអ្នកនាំចេញដ៏សំខាន់នោះ ត្រូវបានរំខានដោយសារសង្គ្រាមដែលធ្វើឱ្យវិបត្តិថាមពលនិងអាហារកាន់តែធ្ងន់ធ្ងរ មុនពេលកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិត្រូវបានសម្រេចនៅពាក់កណ្តាលខែមិថុនា ឆ្នាំ២០២២។ អតិផរណាខ្ពស់បានជំរុញឱ្យធនាគារកណ្តាលនានាបង្កើនអត្រាការប្រាក់។ ធនាគារកណ្តាលអាម៉េរិក (Fed)បានដំឡើងអត្រាការប្រាក់ដល់ ៥ ភាគរយនៅត្រីមាសទីបីនៃឆ្នាំ ២០២២ ពីចំនួន ០-០,២៥ ភាគរយ។ ក្រៅពីនេះ ការឡើងថ្លៃប្រេងឥតល្ហែក៏បានបង្ហួតប្រេងបម្រុងយុទ្ធសាស្ត្ររបស់អាម៉េរិកផងដែរ ដោយសារសកម្មភាពរបស់រដ្ឋាភិបាលអាម៉េរិកក្នុងការបញ្ចេញប្រេងបម្រុងប្រហែល ១៨០ លានបារ៉ែលក្នុងអំឡុងខែឧសភា-ធ្នូឆ្នាំ២០២២ ដើម្បីសម្រាលតម្លៃប្រេងសាំងនិងម៉ាស៊ូតក្នុងស្រុកសម្រាប់អតិថិជន។
អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍កំណើនសេដ្ឋកិច្ចសកល (GDP) ក្នុងឆ្នាំ ២០២២ នៅកម្រិត ៣,២ ភាគរយបើធៀបនឹងឆ្នាំ ២០២១។នេះគឺជាការទម្លាក់ចុះយ៉ាងខ្លាំងពីការព្យាករណ៍នៅដើមឆ្នាំ ២០២២ នៅកម្រិត ៣,៩ ភាគរយ។ IMFក៏បានកែសម្រួលការព្យាករណ៍ GDPពិភពលោកសម្រាប់ឆ្នាំ ២០២៣ មកត្រឹម ២,៧ ភាគរយផងដែរ ដោយសារតែការកើនឡើងអត្រាការប្រាក់ តម្លៃថាមពល និងថ្លៃហិរញ្ញប្បទាន។ កត្តាទាំងនេះបានបង្កើនការចំណាយហិរញ្ញវត្ថុចំពោះអាជីវកម្ម និង កាត់បន្ថយប្រាក់ចំណេញសាជីវកម្ម និងអំណាចទិញរបស់អតិថិជន។ អំពីប្រទេសចិនវិញទោះបីរដ្ឋាភិបាលបានសម្រាលវិធានការកូវីដសូន្យរបស់ខ្លួនបន្ទាប់ពីការតវ៉ាទ្រង់ទ្រាយធំក្នុងខែវិច្ឆិកាឆ្នា២០២២ក៏ដោយ ក៏ផលប៉ះពាល់នៃវិធានការគ្រប់គ្រងជំងឺរាតត្បាតរបស់ខ្លួននៅតែបង្កផលប៉ះពាល់ដល់ការនាំចូលប្រេងឆៅរបស់ចិន ដោយធ្លាក់ចុះ ១,៤ ភាគរយក្នុងអំឡុងខែមករាដល់ខែវិឆ្ឆិកាឆ្នាំ២០២២ គឺស្មើនឹង ១០,០៦ លានបារ៉ែលក្នុងមួយថ្ងៃ កៀកនឹងបរិមាណនាំចូលក្នុងឆ្នាំ ២០២០។
ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ប៉ាន់ប្រមាណថា តម្រូវការប្រេងពិភពលោកក្នុងឆ្នាំ ២០២២ នឹងកើនឡើង ២,១ លានបារ៉ែលក្នុងមួយថ្ងៃធៀបនឹងឆ្នាំមុន។នេះត្រូវបានកែសម្រួលចុះក្រោមពីការព្យាករណ៍នៅដើមឆ្នាំ ២០២២ ជាមួយនឹងការកើនឡើង ៣,៦ លានបារ៉ែលក្នុងមួយថ្ងៃធៀបនឹងឆ្នាំមុន។ នៅឆ្នាំ ២០២៣ តម្រូវការប្រេងពិភពលោកត្រូវគេរំពឹងថានឹងកើនឡើង ១,៦លានបារ៉ែលក្នុងមួយថ្ងៃស្មើនឹង ១០១,៤ លានបារ៉ែលក្នុងមួយថ្ងៃ ខ្ពស់ជាងឆ្នាំ ២០១៩ នៅពេលកូវីដ១៩បានចាប់ផ្តើមផ្ទុះឡើង។
ទីផ្សារប្រេងនៅឆ្នាំ ២០២៣ ទំនងជាមានការប្រែប្រួលខ្លាំងដោយសារតែការរឹតបន្តឹងការផ្គត់ផ្គង់ បន្ទាប់ពីការដាក់ទណ្ឌកម្មលើប្រេងឆៅដឹកតាមសមុទ្ររបស់រុស្ស៊ីបានចាប់ផ្តើមនៅថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២២។ (ទណ្ឌកម្មលើផលិតផលប្រេញចម្រាញ់ដឹកតាមសមុទ្រនឹងត្រូវបានដាក់នៅថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៣)។ រដ្ឋបាលបៃដិនបានព្យាយាមកែលម្អស្ថានភាពផ្គត់ផ្គង់ប្រេងឆៅពិភពលោកដោយអនុញ្ញាតឱ្យវ៉េណេស៊ុយអេឡានាំចេញប្រេងឆៅ។ វ៉េណេស៊ុយអេឡានឹងបង្កើនផលិតកម្មប្រេងពីកម្រិតបច្ចុប្បន្ន ៦៩០.០០០ បារ៉ែលក្នុងមួយថ្ងៃរហូតដល់ ៧២០.០០០ បារ៉ែលក្នុងមួយថ្ងៃនៅឆមាសទីពីរឆ្នាំ២០២៣ ដែលនឹងជួយសម្រាលស្ថានភាពផ្គត់ផ្គង់ដ៏តានតឹង។
ក្នុងឆ្នាំ២០២៣ អង្គការ OPECនិងសម្ពន្ធមិត្តរបស់ខ្លួន (OPEC+)នឹងបន្តគ្រប់គ្រងការផលិតប្រេងឆៅផ្អែកតាមកិច្ចព្រមព្រៀងចុងក្រោយបំផុតកាលពីថ្ងៃទី៥ធ្នូ ឆ្នាំ២០២២(កាត់បន្ថយការផលិត២លានបារ៉ែលក្នុងមួយថ្ងៃចាប់ពីខែវិច្ឆិកាឆ្នាំ២០២២រហូតដល់ដំណាច់ឆ្នាំ២០២៣) រហូតដល់កិច្ចប្រជុំលើកក្រោយនៅថ្ងៃទី ៤ មិថុនា ឆ្នាំ២០២៣។ ការផលិតរបស់ OPEC+សម្រាប់ខែតុលាឆ្នាំ២០២២គឺស្ថិតនៅកម្រិត ៣៨,៤៧លានបារ៉ែលក្នុងមួយថ្ងៃឬប្រហែល២លានបារ៉ែលក្នុងមួយថ្ងៃទាបជាងកូតាផលិតកម្ម។
សូមរង់ចាំតាមដានជាបន្ត ខណៈសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនអូសបន្លាយចូលដល់រដូវរងា និង G7 សហភាពអឺរ៉ុបនិងអូស្ត្រាលីកំណត់ពិដានតម្លៃប្រេងរបស់រុស្ស៊ីព្រមទាំងការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលនៅជុំវិញពិភពលោក នឹងបង្កើតឱ្យមានការប្រែប្រួលតម្លៃប្រេងបន្តពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៣។
អ្នកវិភាគរបស់ក្រុមហ៊ុន PRISM ប៉ាន់ប្រមាណតម្លៃប្រេងឆៅនៅឌូបៃក្នុងឆ្នាំ ២០២៣ ថានឹងស្ថិតក្នុងចន្លោះពី ៨០-៩០ ដុល្លារក្នុងមួយបារ៉ែល៕