ដោយៈ ប.ខុន / ភ្នំពេញៈ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ បានបើកទ្វារទឹក ទំនប់អាងទឹកស្ទឹងស្រែងទី១ ដើម្បីបញ្ចេញទឹក តាមរយៈដងស្ទឹងស្រែង បញ្ជូនទៅស្រោចស្រពដំណាំស្រូវប្រាំង ឆ្នាំ២០២២-២០២៣ ចំនួន ២.០០០ ហិកតា ដែលកំពុងត្រូវការទឹក ស្ថិតនៅឃុំទឹកជោរ ឃុំប្រាសាទ និង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

លោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ថាៈ ទ្វារទឹកទំនប់អាងទឹកស្ទឹងស្រែងទី១ នៅថ្ងៃនេះត្រូវ បានក្រុមការងារ បើកបញ្ចេញទឹកទម្លាក់ចូលស្ទឹងស្រែង ដើម្បីបញ្ជូនទៅស្រោចស្រព ដំណាំស្រូវប្រាំង ជាង ២.០០០ ហិកតា នៅក្នុងឃុំទឹកជោរ ឃុំប្រាសាទ និង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលកំពុងត្រូវការទឹកចាំបាច់។

ប្រធានមន្ទីរធនធានទឹកទឹក ខាងលើ បាននិយាយឱ្យដឹងទៀតថាៈ ការបញ្ចេញទឹកទម្លាក់ ចូលស្ទឹងស្រែង បន្ទាប់ពីទំនប់បង្ហៀរ នៃសំណង់កាត់ស្ទឹងនេះ លែងមានទឹកហូរពីលើ ដើម្បីបញ្ជូនទៅស្រោចស្រពដំណាំស្រូវ នៅសងខាងស្ទឹងក្រឡាញ់នៃម្ខាង ក្នុងភូមិសាស្ត្រស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ និងម្ខាងស្ទឹងស្រុកក្រឡាញ់ ខេត្តសៀមរាប ដែលមានផ្ទៃដីស្រូវប្រាំង ជាច្រើនពាន់ហិកតា បន្ទាប់ពីសំណង់ស្ទាក់ទឹក ស្ទឹងក្រឡាញ់ ត្រូវបានធ្វើរួច កាលពីពីរឆ្នាំមុន។

លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ថាៈ តំបន់សងខាងស្ទឹង ក្រឡាញ់ នៅផ្នែកជិតបឹងទន្លេសាប ពីមុនមក មិនដែលមានធ្វើស្រូវប្រាំងទេ ដោយសារ ពិបាកក្នុងការទាញយកទឹក ពីក្នុងស្ទឹងក្រឡាញ់ ដែលនៅរដូវប្រាំង បែបនេះ ទឹកធ្លាក់ចុះដល់ បាតស្ទឹងជ្រៅ សូម្បីតែទឹកប្រើប្រាស់ប្រចាំថ្ងៃ ក៏ពិបាកដែរ។ តែបន្ទាប់ពីក្រសួងធនធានទឹក និងឧតុនិយម បានសាងសង់សំណង់ស្ទាក់ទឹក ស្ទឹងក្រឡាញ់​នៅក្នុងឃុំប្រាសាទ រួចមក ស្ទឹង មាននៅសល់ទឹកពេញ អាចទាញយក ទៅប្រើប្រាស់ និងស្រោចស្រព បានយ៉ាងងាយស្រួល។ ពីមុន ផុតរដូវវស្សា ទឹកហូរធ្លាក់ ចូលបឹងទន្លេសាបអស់។

អ្នកនាំពាក្យក្រសួងជំនាញខាងលើ បាននិយាយឱ្យដឹងទៀតថាៈ ការដាំដុះស្រូវប្រាំង នៅសងខាងស្ទឹងក្រឡាញ់ ពេលនេះ ទើបចាប់ផ្តើមធ្វើប្រដេញទឹក នៅផ្នែកខាងលើបាន ជាង ២.០០០ ហិកតា នៅផ្នែកខាងក្រោម ធ្វើមិនទាន់បានទេ ដោយសារទឹកបឹង ទន្លេសាប នៅខ្ពស់។

ផ្ទៃដីស្រូវប្រាំង នៅសងខាងស្ទឹងក្រឡាញ់ នៃស្រុកភ្នំស្រុក និងស្រុកក្រឡាញ់ មាន ចំនួនប្រមាណជា ១៥ ពាន់ហិកតា ដែលពេលនេះពឹងផ្អែកលើប្រភពទឹកទម្លាក់មកពី បណ្តាអាងទឹកធំៗ នៅក្នុងខេត្តឧត្តរមានជ័យ៕ V / N