ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ លោក សាម ប៊ែងមែន ហ្វ្រាយ (Sam Bankman-Fried)ត្រូវបានដោះលែងដោយបង់ជាកញ្ចប់សញ្ញាប័ណ្ណតម្លៃ ២៥០ លានដុល្លារកាលពីថ្ងៃព្រហស្បតិ៍ ខណៈគាត់កំពុងរង់ចាំការកាត់ទោសជុំវិញការដួលរលំក្រុមហ៊ុនរូបិយប័ណ្ណអេឡិចត្រូនិក FTX ដែលរដ្ឋអាជ្ញាអាម៉េរិកហៅថាជា “ការក្លែងបន្លំដ៏មហាអស្ចារ្យ”។
រដ្ឋអាជ្ញាសហព័ន្ធនៅម៉ាហាថែន (Manhattan) បានចោទប្រកាន់គាត់ថាលួចលុយរាប់ពាន់លានដុល្លារនៅក្នុងមូលនិធិអតិថិជននៅក្រុមហ៊ុន FTXដើម្បីទប់ការខាតបង់នៅឯមូលនិធិការពារហានិភ័យរបស់គាត់គឺក្រុមហ៊ុន Alameda Research ។
លោកប៊ែងមែន ហ្វ្រាយមិនត្រូវបានស្នើឱ្យសារភាពទោសកាលពីថ្ងៃព្រហស្បតិ៍ទេ។ ពីមុនគាត់ធ្លាប់បានទទួលស្គាល់បរាជ័យក្នុងការគ្រប់គ្រងហានិភ័យនៅក្រុមហ៊ុនFTXប៉ុន្តែនិយាយថាគាត់មិនជឿថាគាត់ត្រូវមានទោសព្រហ្មទណ្ឌទេ។
មេធាវីការពារក្តីរបស់គាត់គឺលោក ម៉ាក ខូហិន (Mark Cohen) បានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ទាប់ពីសវនាការនៅក្នុងតុលាការសហព័ន្ធម៉ាហាថែន។
លោករដ្ឋអាជ្ញា នីកូឡាស រូស (Nicolas Roos) បានប្រាប់ចៅក្រមអាម៉េរិកលោក ហ្គាព្រីល ហ្គោរិនស្តេន (Gabriel Gorenstein)ថាកញ្ចប់ប្រាក់នៅក្រៅឃុំនេះនឹងតម្រូវឱ្យប៊ែងមែនហ្វ្រាយប្រគល់លិខិតឆ្លងដែនរបស់គាត់ ហើយបន្តស្នាក់នៅក្នុងផ្ទះឪពុកម្តាយរបស់គាត់នៅទីក្រុងប៉ាឡូអាល់តូ (Palo Alto) រដ្ឋកាលីហ្វ័រញ៉ា។
គាត់ក៏នឹងត្រូវតម្រូវឱ្យទទួលការព្យាបាលនិងវាយតម្លៃសុខភាពផ្លូវចិត្តជាប្រចាំផងដែរ។
លោករូសបានហៅកញ្ចប់ធានាក្រៅឃុំនេះថាជា “សញ្ញាប័ណ្ណសុំនៅក្រៅឃុំដ៏ធំបំផុតមិនធ្លាប់មាន”៕
លោកប៊ែងមែនហ្វ្រាយបង់លុយ២៥០លានដុល្លារសុំនៅក្រៅឃុំ តែនៅក្រោមការឃុំខ្លួនក្នុងផ្ទះក្នុងពេលរង់ចាំសវនាការកាត់ទោស