ដោយៈ គង់ហេង / កំពង់ចាម៖ បញ្ហាសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅខេត្តកំពង់ចាម ឆ្នាំសិក្សា២០២១-២០២២ ទទួលបាននិទ្ទេស «A» (អេ) តែចំនួន ៧៣ នាក់ គឺថយចុះជាងកាលពីឆ្នាំសិក្សា ២០២០-២០២១ ចំនួន ៤៥ នាក់នោះ គឺអាចបណ្តាលមកបរិបទជំងឺកូវីដ ១៩ រាតត្បាត រយៈពេលប្រមាណ បីឆ្នាំ កន្លងទៅនេះ។ នេះបើការឱ្យដឹងពីលោក លី ម៉េងសាន ជាប្រធានមន្ទីរអប់រំ យុវជន និងកីឡា នៅថ្ងៃទី ២៣ ធ្នូនេះ។

លោកប្រធានមន្ទីររូបនេះ បានឱ្យដឹងថាៈ កត្តាថយចុះសិស្សនិទ្ទេស«A» ខេត្តកំពង់ចាម ដែលកាលពីឆ្នំា២០២១ ចំនួន ១១៨ នាក់ មកនៅចំនួន ៧៣ នាក់នេះ គឺនៅក្នុងចន្លោះបីឆ្នាំ ២០១៩-២០២២ ពួកគាត់ (សិស្ស) ក្រោយពីប្រឡងជាប់ ថ្នាក់វិទ្យាល័យ ពីថ្នាក់ទី១០ ដល់ទី១២ គឺស្ថិតក្នុងបរិបថជំងឺកូវីដ ១៩ បង្កឱ្យខកខាន សិក្សា នៅសាលា គឺនៅសិក្សាដដែល តាមរយៈអនឡាញ នៅតាមលំនៅឋាន អីចឹងហើយ គុណភាពសិស្សល្អបំផុតនិទ្ទេស «A» អាចស្រុតចុះបន្តិចបន្តួច ដោយសារសិក្សាមិនបានដិតដល់។

លោក លី ម៉េងសាន បានបន្តថាៈ ប៉ុន្តែយើងទទួលអត្រាកើនឡើងវិញ សិស្សដែល ប្រឡងជាប់សញ្ញាបត្រទុតិយភូមិ ឆ្នាំ២០២២នេះ ច្រើនជាងឆ្នាំ២០២១ គឺឆ្នាំ២០២១ ទទួលបានតែជាង ៦៥ ភាគរយ ហើយឆ្នាំ២០២២ នេះ យើងទទួលបានចំនួនជាង ៧៣ ភាគរយ លើសថ្នាក់ជាតិទៅទៀត គឺជាការល្អប្រពៃ គ្រាន់តែថយចុះនិទ្ទេស A ប៉ុណ្ណោះ។

សូមបញ្ជាក់ថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលបានប្រព្រឹត្ត កាលពីថ្ងៃទី៥ ធ្នូ ឆ្នាំនេះ គឺបានប្រកាសនៅថ្ងៃទី ២៣ ធ្នូនេះ បេក្ខជនប្រឡងចំនួន ៧.០៦០ នាក់ គឺប្រឡងជាប់ចំនួន ៥.២១១ នាក់ គឺស្មើនឹង ៧៣,៨១ ភាគរយ ក្នុងនោះ និទ្ទេស A ចំនួន ៧៣ នាក់, និទ្ទេស B ចំនួន ៤១៣ នាក់, និទ្ទេស C ចំនួន ១.០៩៣ នាក់, និទ្ទេស D ចំនួន ១.៩៨៤ នាក់ និងនិទ្ទេស E ចំនួន ២.២៣៦ នាក់៕ V / N