ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ យ៉ាងហោចណាស់មនុស្ស១៣នាក់បានស្លាប់និង១៩នាក់រងរបួសនៅជប៉ុនចាប់តាំងពីថ្ងៃសៅរ៍មុន ដោយអាកាសធាតុត្រជាក់ខ្លាំងបាននាំមកការធ្លាក់ព្រិលដ៏ក្រាស់រួមទាំងខ្យល់ខ្លាំងនៅទូទាំងតំបន់ចាប់ពីហុកកៃដូ(Hokkaido)នៅភាគខាងជើងដល់តំបន់គ្យូស៊ុ(Kyushu)នៅភាគនិរតីប្រទេស។
ដោយបង្ហាញតួលេខនេះកាលពីថ្ងៃសុក្រ រដ្ឋមន្ត្រីបង្ការគ្រោះមហន្តរាយនិងនាយករដ្ឋមន្ត្រី ហ្វ៊ុយមីអុ គីស៊ីដា បានអំពាវនាវអោយប្រជាជនមានការប្រុងប្រយ័ត្នខ្ពស់នៅចុងសប្តាហ៍នេះដែលចំពេលធ្វើដំណើរកម្សាន្តបុណ្យគ្រីសម៉ាស(ណូអែល)។
ពួកលោកបានអំពាវនាវអ្នកដែលរស់នៅក្នុងតំបន់ដែលត្រូវបានព្យាករណ៍ថាមានការធ្លាក់ទឹកកកខ្លាំងអោយនៅក្នុងផ្ទះ ដោយកុំចេញទៅណាបើមិនមានការចាំបាច់។
ព្រិលធ្លាក់ខ្លាំងនៅក្រុងកាណាហ្សាវ៉ា(Kanazawa)នៅតំបន់ អ៊ីស៊ីកាវ៉ា( Ishikawa)កាលពីថ្ងៃសុក្រ
ព្រិលធ្លាក់ខ្លាំងនៅក្រុងអ៊ូអូនុយម៉ា(Uonuma)ក្នុងតំបន់នីអ៊ិហ្កាតា(Niigata) កាលពីថ្ងៃ២០ធ្នូ
ការហោះហើររបស់យន្តហោះប្រមាណ២០០ជើងត្រូវបានលុបចោលកាលពីថ្ងៃសុក្រ និងការបិទផ្លូវត្រូវបានរាយការណ៍ថាមាននៅ៥៨កំណាត់ផ្លូវលើផ្លូវល្បឿនលឿនចំនួន១៥។ការដាច់ភ្លើងក៏ប៉ះពាល់ដល់មនុស្សយ៉ាងតិច១០.០០០គ្រួសារកាលពីថ្ងៃសុក្រ ។
ព្រិលក៏បណ្តាលអោយបាក់ដំបូលផ្ទុះ រំលំបង្គោលភ្លើងនិងសូឡា។
ក្នុងពេលជាមួយគ្នា ទីភ្នាក់ងារឧតុនិយមជប៉ុនក៏បានចេញការព្រមានអំពីការធ្លាក់ព្រិលខ្លាំងនៅទូទាំងតំបន់ធំៗនៃប្រទេសរហូតដល់ថ្ងៃចន្ទលើកលែងតែមហាតំបន់តូក្យូ ដែលនឹងមានពន្លឺព្រះអាទិត្យនៅចុងសប្តាហ៍នេះ។
ការស្លាប់ភាគច្រើនបណ្តាលមកពីការងារយកព្រិលចេញ ដោយម្ចាស់ផ្ទះខ្លះត្រូវព្រិលធ្លាក់ពីដំបូលមកសង្កត់លើក្នុងពេលសម្អាតព្រិលចេញពីដំបូលផ្ទះឬចេញពីផ្លូវបើកបរ។មានម្នាក់ទំនងជាស្លាប់ដោយការពុលផ្សែងក្នុងពេលដុតធ្យូងដំដៅនៅក្នុងបន្ទប់។ក្រៅពីនេះស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវរអិល។
នៅជប៉ុនខាងលិចនិងខាងត្បូងជួបការធ្លាក់ព្រិលខ្លាំងរួមមានទីក្រុងហ៊ីរ៉ូស៊ីម៉ា(Hiroshima) កូជី(Kochi)និងគូម៉ាម៉ូតុ(Kumamoto)។
កាលពីថ្ងៃអង្គារ រថយន្តប្រមាណ៨០០គ្រឿងបានជាប់នៅលើចម្ងាយផ្លូវ២២,៥គីឡូម៉ែត្រនៅទីក្រុងណាហ្កាអូកា(Nagaoka)និងកាស៊ីវ៉ាហ្សាគី(Kashiwazaki)ក្នុងតំបន់នីអ៊ិហ្កាតា ដោយបង្ខំអោយយោធាជប៉ុនចូលជួយកាយព្រិលចេញពីផ្លូវ។វាចំណាយពេល៣៨ម៉ោងទម្រាំដោះស្រាយការកកស្ទះបាន។
កាលពីថ្ងៃសុក្រ យានយន្តជាង១០០ក៏ជាប់នៅទីក្រុងកូជី និងឧបទ្ទវហេតុស្រដៀងគ្នាក៏កើតមាននៅទីក្រុងមួយចំនួនទៀតរបស់ជប៉ុន៕