ដោយ៖ សុវណ្ណកុម្ភៈ/ភ្នំពេញ៖ ការប្រកួតកីឡាវាយកូនបាល់ជើងឯកជាតិឆ្នាំ២០២២ បានបញ្ចប់ការប្រកួតហើយដោយក្រសួងការពារជាតិឈរនៅកំពូលតារាង។ នេះជាការប្រកួតដោយប្រើប្រាស់ថវិកាប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និង កីឡា។
ក្រុមកីឡាករ កីឡាការិនីក្រសួងការពារជាតិគ្រងតំណែងជើងឯកឆ្នាំ២០២២ បន្ទាប់ពីក្រុមនេះដណ្តើម បានមេដាយមាស ២ គ្រឿង និងប្រាក់ ២ គ្រឿងនៃការប្រកួតកីឡាវាយកូនបាល់ ជ្រើសរើសជើង ឯកប្រចាំឆ្នាំ២០២២ នៅទីលានហ្វឹកហាត់ របស់សហព័ន្ធក្នុងពហុកីឡដ្ឋានជាតិ អូឡាំពិក រាជធានីភ្នំពេញ ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា រៀបចំដោយសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា។
លោក ជា ពៅ អគ្គលេខាធិការរងនៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានប្រាប់ឲ្យដឹងថាយើងបានរកឃើញម្ចាស់មេដាយមាសចំនួន២វិញ្ញាសា គឺវិញ្ញាសាវាយឯកត្តជននារី មេដាយមាសបានទៅលើកីឡាការិនី ញ៉ែម ស្រីនុច ខេត្តសៀមរាប មេដាយប្រាក់បានទៅលើកីឡាការិនី ឡៅ ពេជ្ររស្មី ក្រសួងសេដ្ឋកិច្ច និង មេដាយសំរិទ្ធបានទៅលើកីឡាការិនី ច័ន្ទសុវណ្ណលីនណា ខេត្តសៀមរាប ។
វិញ្ញាសាវាយគូបុរស មេដាយមាសបានទៅលើកីឡាករ ឡុង សំនៀង និងកីឡាករ ឱ សារិទ្ធ ក្រសួងការពារជាតិ មេដាយប្រាក់បាន ទៅលើកីឡាករ ឃ្លាំង ពន្លក និងកីឡាករ អ៊ិត ប៊ុនធា ក្រសួងការពារជាតិ និង មេដាយសំរិទ្ធបានទៅ លើកីឡាករ យឿន សុធឿន និងកីឡាករ ទេព ទីម៉ូធី ខេត្តកណ្តាល។
វិញ្ញាសាវាយទោលបុរស មេដាយមាសបានទៅលើកីឡាករឡុងសំនៀងក្រសួងការពារជាតិ មេដាយប្រាក់បានទៅ លើកីឡាករ ឃ្លាំង ពន្លក ក្រសួងការពារជាតិ និងមេដាយសំរិទ្ធបានទៅលើកីឡាករ កីឡាករ ទេព ទីម៉ូធី ខេត្តកណ្តាល។
វិញ្ញាសាវាយគូនារី មេដាយមាសបានទៅលើកីឡាការិនី ញ៉ែម ស្រីនុច និងកីឡាការិនីញ៉ែម សុភ័ក្ត្រ ខេត្តសៀមរាប មេដាយប្រាក់បានទៅលើកីឡាការិនី ឡៅ ពេជ្ររស្មី និងកីឡាការិនី សឿម កក្កដា ក្រសួងសេដ្ឋកិច្ច និង មេដាយសំរិទ្ធបាន ទៅលើកីឡាការិនី ច័ន្ទ សុវណ្ណលីនណា និងកីឡាការិនី ដាន់ រ៉ាន់ ខេត្តសៀមរាប។
ការប្រកួតកីឡាវាយកូនបាល់ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២២កីឡាករកីឡារិនីមានចូលរួមចំនួន៤៩នាក់មកពីក្លិបកីឡាវាយកូនបាល់ខេត្តសៀមរាបក្លិបកីឡាវាយកូនបាល់ខេត្តព្រះវិហារក្លិបកីឡាវាយកូនបាល់ខេត្តកណ្តាលក្លិបកីឡាវាយកូនបាល់សេដ្ឋកិច្ចក្លិបកីឡាវាយកូនបាល់ក្រសួងការពារជាតិ និងក្លិបកីឡាវាយកូនបាល់ឌីវិនកូ។ឆ្នាំនេះសហព័ន្ធបានដាក់បួនវិញ្ញាសា គឺវិញ្ញាសាឯកត្តជនបុរស វិញ្ញាសាឯកត្តជននារី វិញ្ញាសាវាយគូបុរស និងវិញ្ញាសាវាយគូនារី៕/R