ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អាជ្ញាធរបាននិយាយថា បុរសម្នាក់ ដែលត្រូវបានចោទប្រកាន់កាលពីឆ្នាំមុនពីបទវាយប្រហារជនចំណាកស្រុកបានបាញ់សម្លាប់មនុស្សបីនាក់នៅឯមជ្ឈមណ្ឌលវប្បធម៌ឃឺដកាលពីថ្ងៃសុក្រទី២៣ធ្នូក្នុងទីក្រុងប៉ារីសក្នុងការវាយប្រហារមួយដែលហាក់មានគោលបំណងផ្តោតជាពិសេសទៅលើជនបរទេស។
ការបាញ់ប្រហារ ដែលបានបណ្តាលឱ្យមនុស្សបីនាក់រងរបួសផងដែរនោះ បានអង្រួនសហគមន៍ជនជាតិឃឺដនៅក្នុងរដ្ឋធានីបារាំងនិងបានបង្កឱ្យមានការប៉ះទង្គិចគ្នាមួយប្រាវរវាងក្រុមឃឺដដ៏ខឹងសម្បានិងប៉ូលិស។ វាក៏បានអង្រួនដល់អ្នករកស៊ីនៅក្នុងសង្កាត់អ៊ូអរនៅកណ្តាលទីក្រុងប៉ារីសនៅមុនថ្ងៃបុណ្យណូអែលផងដែរ និង ធ្វើឱ្យមន្ត្រីប្រុងជើងការខ្ពស់សម្រាប់អំពើហិង្សាបន្ថែមទៀត។
អាជ្ញាធរបានកំណត់អត្តសញ្ញាណជនសង្ស័យជាបុរសទីក្រុងប៉ារីសអាយុ៦៩ឆ្នាំដែលបានជាប់ពន្ធនាគារពីបទវាយប្រហារជនចំណាកស្រុករស់នៅក្នុងតង់ ហើយត្រូវបានដោះលែងនៅដើមខែនេះ។អ្នកស៊ើបអង្កេតកំពុងពិចារណាអំពីលទ្ធភាពហេតុផលរើសអើងជាតិសាសន៍សម្រាប់ការបាញ់ប្រហារនេះ។
យោងតាមអភិបាលក្រុងលោក អាឡិចសាន់ដ្រា ខ័រដេបាដ (Alexandra Cordebard)បានឱ្យដឹងថាការវាយប្រហារបានកើតឡើងនៅកណ្តាលថ្ងៃត្រង់នៅមជ្ឈមណ្ឌលវប្បធម៌និងភោជនីយដ្ឋានមួយកន្លែងនិងហាងកាត់សក់នៅក្បែរនោះ។
ការប៉ះទង្គិចគ្នាមួយប្រាវបានផ្ទុះឡើងនៅក្នុងសង្កាត់វប្បធម៌របស់ពួកគេនៅប៉ុន្មានម៉ោងក្រោយ នៅពេលដែលសមាជិកសហគមន៍ជនជាតិឃឺដបានស្រែកពាក្យស្លោកប្រឆាំងនឹងរដ្ឋាភិបាលតួកគី ហើយប៉ូលិសបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងមនុស្សដែលមានកំហឹងកាន់តែខ្លាំងឡើង។ ធុងសំរាមមួយចំនួនត្រូវបានដុត។
រដ្ឋមន្ត្រីមហាផ្ទៃលោក ជើរ៉ាល់ ដាមេនីន (Gerald Darmanin) បាននិយាយថា ជនសង្ស័យបានកំណត់គោលដៅយ៉ាងច្បាស់លាស់លើជនបរទេស ហើយបានធ្វើសកម្មភាពតែម្នាក់ឯង ហើយមិនជាប់ពាក់ព័ន្ធជាមួយចលនាស្តាំនិយមជ្រុលឬចលនាជ្រុលនិយមណាមួយផ្សេងនោះឡើយ។
ប្រធានាធិបតីបារាំងលោក អេមម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានសរសេរនៅលើ Twitter ថា “ជនជាតិឃឺដរបស់បារាំងគឺជាគោលដៅនៃការវាយប្រហារដ៏អាក្រក់នៅកណ្តាលបេះដូងទីក្រុងប៉ារីស។ សូមចូលរួមរំលែកទុក្ខដល់ជនរងគ្រោះ អ្នកដែលកំពុងតស៊ូដើម្បីរស់រានមានជីវិត ដល់គ្រួសារ និង មនុស្សជាទីស្រលាញ់របស់ពួកគេ”៕
ការប៉ះទង្គិចគ្នាមួយប្រាវបានផ្ទុះឡើងនៅក្នុងសង្កាត់វប្បធម៌របស់ជនជាតិឃឺដនៅទីក្រុងប៉ារីសកាលពីថ្ងៃសុក្រ