ដោយ៖ សុវណ្ណកុម្ភៈ/ភ្នំពេញ៖ នាខេត្តសៀមរាបសហព័ន្ធខ្មែរកីឡាទោចក្រយានបានរៀបចំវគ្គបណ្តុះបណ្តាលបច្ចេកទេសស្នងការរៀបចំការប្រកួតកីឡាទោចក្រយានដើម្បីត្រៀមរៀបចំការប្រកួតកីឡាទោចក្រយានជើងឯកថ្នាក់ជាតិ នាថ្ងៃទី២៦ ដល់២៧ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តសៀមរាប។
អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាទោចក្រយានលោក នូ ចំរើន បានលើកឡើងថា គោលបំណងចម្បងនៃវគ្គបណ្តុះបណ្តាលនេះ គឺស្របតាមផែនការកសាងធនធានមនុស្ស របស់សហព័ន្ធខ្មែរកីឡាទោចក្រយានឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាអាស៊ី អាគ្នេយ៍ (SEA GAME) លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជា ណាចក្រ កម្ពុជា។
ការរៀបចំវគ្គនេះធ្វើឡើងក្រោមការចង្អុលបង្ហាញជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរ កីឡាទោចក្រយាន ដោយមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា។ វគ្គបណ្តុះបណ្តាលនេះគឺដើម្បីអភិវឌ្ឍន៍សមត្ថភាពធនធានមន្ត្រីបច្ចេកទេសសហព័ន្ធ
ក្នុងការរៀបចំការប្រកួតឱ្យសមស្រប និងអនុលោមទៅតាមស្តង់ដាររបស់សម្ព័ន្ធកីឡាទោចក្រយានអន្តរជាតិ-Union Cyclist International (UCI) និងសហព័ន្ធកីឡា ទោចក្រយានទ្វីបអាស៊ី Asian Cycling Confederation (ACC) ខណៈពេល វេលាកាន់តែខើច ទៅៗនៃដំណើរឆ្ពោះទៅ ស៊ីហ្គេម ២០២៣។
លោកអគ្គលេខាធិការបានចាត់ទុកថាវគ្គបណ្តុះបណ្តាលនេះពិតជាមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់សមត្ថភាពធនធានមនុស្សលើផ្នែករៀបចំការប្រកួតកីឡាទោចក្រយានដើម្បីរៀបចំការប្រកួតឱ្យមានភាពសុក្រិតយុត្តិធម៌សុខសុវត្ថិភាពនិងត្រៀមខ្លួនចូលរួមដឹកនាំ រៀបចំការប្រកួតកីឡាលក្ខណៈអន្តរជាតិនានា និងជាពិសេសគោលដៅត្រៀមទទួល ធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣ តែម្តង។ការសិក្សានេះផ្តោតលម្អិតលើការរៀបចំការ ប្រកួតកីឡាប្រភេទកង់គួក (Road Bike) និងកង់ភ្នំ (Mountain Bik) ទាំងទ្រឹស្តី និងការអនុវត្តផ្ទាល់នៅទីលានផងដែរ។
វគ្គនេះមានសិក្ខាកាម ២៥នាក់ (នារី២នាក់) ក្រោមការចែករំលែក ចំណេះដឹង និងបទពិសោធន៍ពីគ្រូឧទ្ទេសអន្តរជាតិ លោក Nuthapong Lohitnavy ប្រធាន គណៈកម្មការស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម និងជាប្រធាន គណៈកម្មការស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ ដោយលោកជា អ្នកត្រួត ពិនិត្យ និងវាយតម្លៃលើផ្លូវប្រកួតកង់គួក-កង់ភ្នំ ដើម្បីឱ្យស្របតាមគោលការណ៍អាស៊ី និងពិភពលោកទៀតផង៕/R