បុរស​ម្នាក់​ជិះ​ម៉ូតូ​ឆ្លងផ្លូវ ទៅបុក​រថយន្ត​ធុន​ធំ ហើយ​ដួល​ចូល​ក្រោម​រថយន្ដ​កិន​ស្លាប់​

1383
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​នៅនឹងកន្លែង​កើតហេតុ ដោយ​ជិះ​ម៉ូតូ​បត់​ឆ្វេង​ឆ្លងផ្លូវ​ខ្វះ​ការប្រុងប្រយ័ត្ន ទៅបុក​កង់​ខាងមុខរ​ថយ​ន្ត​ធុន​ធំ​១​គ្រឿង រួច​ដួល​ចូល​ក្រោម​ឡាន​កិន​ខ្ទេច​ក្បាល​យ៉ាង​អាណោច​អធម៌​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​គួរ​ឲ្យ​រន្ធត់​នេះ កើតឡើង​កាលពី​ល្ងាច​ថ្ងៃទី​៧​ខែកក្កដា​ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ នៅ​ចំណុច​ក្រុមទី​១២ ចន្លោះ​បង្គោល​គីឡូ​ម៉ែត​លេខ​២៥៣-២៥៤ ស្ថិតក្នុង​ភូមិ​កកោះ ឃុំ​កកោះ ស្រុក​មោងឫស្សី​។​

​លោក ឌឿ​ន សម្បត្តិ អធិការរង​ទទួល​ផ្នែក​សណ្តាប់ធ្នាប់​ស្រុក​មោងឫស្សី បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ត្រូវ​រថយន្ត​កិន​ខ្ទេច​ក្បាល​ស្លាប់​មានឈ្មោះ ពៅ សុវណ្ណ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ឫស្សី​១ ឃុំ​មោង ស្រុក​មោងឫស្សី ចំណែក​តៃកុង​រថយន្ត​ធុន​ធំ មិន​ស្គាល់​អត្តសញ្ញាណ ក្រោយ​កើតហេតុ​បាន​រត់​គេចខ្លួនបាត់ បន្សល់ទុក​រថយន្ត​នៅនឹងកន្លែង​។​

​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​បាន​ប្រាប់​សមត្ថកិច្ច ដែល​ចុះទៅ​វាស់វែង​ថា មុនពេល​កើតហេតុ​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០១៨ គ្មាន​ស្លាក​លេខ​បើកបរ​ពី​ទិស​បាត់ដំបង​ទៅ​ទិស​ភ្នំពេញ​។ ពេលមកដល់​កន្លែងកើតហេតុ បាន​បត់​ឆ្វេង​ឆ្លងកាត់​ផ្លូវ​ទៅបុក និង​កង់​មុខ​រថយន្ដ​មួយគ្រឿង​ម៉ាក អ៊ី​ស៊ុយ​ស៊ុយ ពណ៌​ស ធុន​ធំ​ដឹកជញ្ជូន​ទំនិញ​ពាក់​ស្លាក​លេខ ភ្នំពេញ 3E 3262 អ្នកបើកបរ មិន​ស្គាល់ឈ្មោះ (​រត់គេច​ខ្លន​) ធ្វើដំណើរ​ច្រាស់ទិស​គ្នា បណ្តាល​ឲ្យ​ដួល​ចូល​ក្រោម​រថយន្ត​ត្រូវ​រថយន្ត​កិន​ខ្ទេច​ក្បាល​ស្លាប់​យ៉ាង​វេទនា​។

​លោក​អធិការរង​បាន​បញ្ជាក់ថា ក្រោយពេល​វាស់វែង​រួច បានប្រគល់​សាកសព​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែក​មធ្យោបាយ​ទាំងពីរ​គ្រឿង ត្រូវ​ប៉ូលិស​ចរាចរណ៍​ខេត្ត​យកទៅ​ដោះស្រាយ​តាម​នីតិវិធី​៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ