ប្រែសម្រួលៈបំណង(MailOnline)៖មនុស្សដល់ទី២៥០លាននាក់បានឆ្លងកូវីដ១៩នៅរយៈពេលតែ២០ថ្ងៃដំបូងនៃខែធ្នូនេះនៅចិន នេះបើតាមការវាយតំលៃរបស់ពួកមន្ត្រីនៅពេលចលាចលអំពីការផ្ទុះជំងឺឆ្លងកូវីដ១៩កំពុងបន្តកើតមាននៅចិន។
បើតាមការផ្សាយរបស់សារព័ត៌មានអង់គ្លេសMailOnlineចុះផ្សាយថ្ងៃសៅរ៍ទី២៤ធ្នូនេះ មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺចិន(CCDC)ជឿថាប្រជាជនចិន១៨ភាគរយបានឆ្លងកូវីដ១៩នៅ២០ថ្ងៃដំបូងនៃខែធ្នូនេះបន្ទាប់ពីរដ្ឋាភិបាលទីក្រុងប៉េកាំងសំរេចចិត្តបញ្ឈប់ការអនុវត្តវិធាការគ្រប់គ្រងកូវីដដ៏តឹងរឹងរបស់ខ្លួនកាលពីខែមុន។
ឥឡូវបណ្តាមន្ទីរពេទ្យកំពុងជោរជន់ដោយអ្នកជំងឺ និងកន្លែងតម្កល់សពក៏ពោរពេញដោយសាកសព តែតួលេខផ្លូវការបង្ហាញការឆ្លងថយចុះនៅពេលចិនឈប់ធ្វើតេស្តិ៍រកវីរុសក្នុងទ្រង់ទ្រាយធំៗ។
ពួកអ្នកជំនាញការបានប្រាប់សារព័ត៌មានMailOnlineថា កំណើននៃការឆ្លងនេះអាចរុញផ្នែកផ្សេងទៀតនៃពិភពលោកវិលទៅរកការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនេះឡើងវិញ។
ហេតុអ្វីបានជាចិនរងការវាយប្រហារពីកូវីដខ្លាំងយ៉ាងណឹង?
ចិនបច្ចុប្បន្នកំពុងស្ថិតក្នុងព្យុះស៊ូណាមីកូវីដមួយ នេះបើតាមពួកគ្រូពេទ្យធ្វើការក្នុងប្រទេសចិន។នៅពេលរដ្ឋាភិបាលបញ្ឈប់ការអនុវត្តវិធានការគ្រប់គ្រងកូវីដដ៏តឹងតែងមក ចំនួនឆ្លងផ្លូវការបានថយចុះ តែវីរុសកំពុងរាលដាលពេញបន្ទុក។
ប្រជាជនចិនចាក់វ៉ាក់សាំងផលិតនៅក្នុងស្រុកដូចជា Sinovac និង Sinopharmមិនមែនជាវ៉ាក់សាំងលោកខាងលិចដែលផលិតដោយប្រើបច្ចេកវិទ្យាmRNAទេ។វ៉ាក់សាំងកូវីដចិនត្រូវបានគេគិតថាខ្សោយក្នុងការប្រយុទ្ធទល់នឹងកូវីដ១៩ ជាពិសេសពពួកវីរុសបំប្លែងខ្លួនថ្មី។
កន្លងមកចិនបានជួយមិនអោយផ្ទុះជំងឺនេះខ្លាំងដោយសារវិធានការចត្តាឡីស័ក កេណ្ឌប្រជាជនធ្វើតេស្តិ៍រកមេរោគនិងបិទខ្ទប់តំបន់កើតជំងឺរហូតលែងមានឆ្លងនៅនឹងកន្លែងផ្ទុះជំងឺនីមួយៗតាមអ្វីដែលគេហៅថាគោលនយោបាយ«សូន្យកូវីដ»តែបន្ទាប់ពីឈប់អនុវត្តវិធានការនេះភ្លាម ជនដែលមិនត្រូវបានការពារដោយវ៉ាក់សាំងគ្រប់គ្រាន់ និងក្រុមមនុស្សងាយរងគ្រោះក្លាយជាមុខសញ្ញារបស់វីរុសកូវីដភ្លាម។
សារព័ត៌មានលោកខាងលិចខ្លះនិយាយថា មនុស្សដល់ទៅ១លាននាក់អាចស្លាប់ដោយកូវីដនៅចិននៅប៉ុន្មានខែខាងមុខនៅពេលប្រមុខអង្គការសុខភាពពិភពលោកបាននិយាយថា ស្ថានភាពដ៏អាក្រក់នៅចិនបង្ហាញថា ជំងឺឆ្លងនេះនៅមិនទាន់ចប់ទេ។
សុន យ៉ាង(Sun Yang)នាយករងនៃមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺចិនCCDCបានបញ្ចេញតួលេខនេះក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃពុធ នេះបើតាមសារព័ត៌មានFinancial Times។លោកយ៉ាងបាននិយាយថា វីរុសនេះបានឆ្លងរាលដាលក្នុងអត្រានិងល្បឿនលឿនមួយ និងថាប្រជាជនក្រុងប៉េកាំងនិងខេត្តស៊ីឈ័នប្រមាណពាក់កណ្តាលបានឆ្លងរួចហើយ។
តួលេខផ្លូវការចិនបានបង្ហាញការឆ្លងកូវីដនៅចិនបានធ្លាក់ចុះ៤៧ភាគរយក្នុងរយៈពេលមួយសប្តាហ៍ មកនៅជាមធ្យមក្នុងមួយថ្ងៃ១.៨០១នាក់កាលពីថ្ងៃ២០ធ្នូ តែវាអាចទាបជាងចំនួនឆ្លងមែនទែនឆ្ងាយដោយសារតែរដ្ឋឈប់ធ្វើតេស្តិ៍ទ្រង់ទ្រាយធំ៕
អាជ្ញាធរបង្ហាញថាការឆ្លងកូវីដ១៩នៅចិនថយចុះជិតពាក់កណ្តាល តែរូបភាពក្នុងសារព័ត៌មានលោកខាងលិចបង្ហាញមន្ទីរពេទ្យពោរពេញដោយអ្នកជំងឺខុសប្លែកពីមុនឆ្ងាយក្រោយអាជ្ញាធរលុបចោលការអនុវត្តគោលនយោបាយសូន្យកូវីដកាលពីខែមុន