ដោយ៖ រ៉ាម៉ន / ភ្នំពេញៈ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ម៉ប់ សារិន បានថ្លែងថាៈ សមិទ្ធផលទាំងឡាយ ដែលបានកសាង នៅក្នុងសង្គម ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ គឺបានកើតចេញពីមនុញ្ញផល “សន្តិភាព” និងការអភិវឌ្ឍជាតិ មាតុភូមិ ក្រោមនយោបាយ ឈ្នះ-ឈ្នះ” របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោកកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភាកាតើខ្សែបូរនិងជាគណៈអធិបតី

លោកប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញចូលរួម ក្នុងពិធីសម្ពោធឧបដា្ឋនសាលា និងសមិទ្ធផលនានា ព្រមទាំងចម្រើនព្រះជន្ម ព្រះចៅអធិការ វត្តព្រែកជ្រៃ ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ក្រោមអធិបតីភាពលោកកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ នេះ។

លោក ម៉ប់ សារិន បានបញ្ជាក់ថាៈ នាពេលបច្ចុប្បន្ន បងប្អូនប្រជាពលរដ្ឋខ្មែរ និង ពុទ្ធសាសនិកជន គ្រប់និគម បាននឹងកំពុងរីករាយ ទទួលយកនូវមនុញ្ញផល នៃសុខសន្តិភាព ស្ថិរភាព ការបង្រួបបង្រួមជាតិ ប្រជាធិបតេយ្យ និងការបើកទូលាយ ក្នុងការប្រតិបត្តិសាសនា ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ផ្តើមចេញពីកិច្ចខិតខំប្រឹងប្រែង បញ្ចប់សង្គ្រាមស៊ីវិលដ៏រាំរ៉ៃ ផ្ទៃក្នុងប្រទេស អូសបន្លាយពេលវេលា ជាច្រើនទសវត្សរ៍ ។ ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចតជោ ហើយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ គឺជាខួបលើកទី២៤ ទិវានយោបាយ “ឈ្នះ-ឈ្នះ” ដែលប្រជាជនកម្ពុជា បានកំណត់ ដើម្បីជាការរំលឹកដឹងគុណ និងចងចាំគុណូបការៈដ៏ថ្លៃថ្លាបំផុត របស់សម្ដេចតេជោ ។

លោកបានបញ្ជាក់ទៀតថាៈ “សន្តិភាព” គឺជាកត្តាសារវន្ត និងមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយប្រសិនបើប្រទេសជាតិរបស់យើង គ្មានសុខសន្តិភាព គ្មានការបង្រួបបង្រួមជាតិ និងគ្មានការអភិវឌ្ឍ ម៉្លេះសមសមិទ្ធផល ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត វត្តអារាម និងទីកន្លែង សក្ការៈបូជា គ្រប់ទិសទីពាសពេញផ្ទៃប្រទេស ពិតជាមិនអាចកសាងឡើងជាបន្តបន្ទាប់ ច្រើនអនេក ដូចសព្វថ្ងៃនេះឡើយ។

លោកបានបន្ថែមថាៈ បន្ទាប់ពីពិធីសម្ពោធនេះ ឧបដ្ឋានសាលាដ៏ថ្មីស្រឡាង និងសមិទ្ធផល នានា ក្នុងទីវត្តព្រែកជ្រៃ នឹងក្លាយជាប្រយោជន៍ សម្រាប់ព្រះថេរានុថេរៈ គ្រប់ព្រះអង្គ បំពេញសង្ឃកម្មតាមពុទ្ធោវាទ និងជាទីសនាសនៈ ដ៏គត់មត់ សម្រាប់សីលវន្ត សីលវតី និងបងប្អូនពុទ្ធបរិស័ទទាំងអស់ ប្រតិបត្តិធម៌វិន័យ ទុកជាធម្មទានដ៏ល្អល្អះ ក្នុងវិស័យពុទ្ធសាសនា។

លោកកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងឱ្យដឹងថាៈ ការរីកចម្រើនឥតឈប់ឈរ ក្នុងវិស័យពុទ្ធសាសនា ដែលជាសាសនា របស់រដ្ឋ គឺបានកើតចេញអំពីជំនឿដ៏ជ្រះថ្លា និងមោះមុត របស់ពុទ្ធសាសនិកកម្ពុជា នៅទូទាំង ប្រទេស និងក្រៅប្រទេស។ ការរីកចម្រើនផ្នែកវិស័យពុទ្ធសាសនា គឺពិតជាបានរួមចំណែកដ៏ សំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម តាមរយៈការអប់រំ ការអភិវឌ្ឍធនធានមនុស្ស និងបានដើរតួនាទីស្នូយ៉ាងសំខាន់ក្នុងការលើកកម្ពស់ ការអភិរក្សវប្បធម៌ សន្តិភាព សាមគ្គីភាព និងមិត្តភាព ដែលជាមាគ៌ាដ៏ប្រពៃ នាំឱ្យសម្រេចគោលដៅសង្គម គឺបំបាត់អំពើហិង្សា ប្រទូស្តរាយ ការប្រព្រឹត្តិអំពើទុច្ចរិត និងអនាចារ្យផ្សេង២។

សូមបញ្ជាក់ថា ចំពោះសមិទ្ធផល ដែលត្រូវសម្ពោធឆ្លង ក្នុងពេលនេះ គឺឧបដ្ឋានសាលាថ្មី ១ខ្នង មានទំហំ ២២ ម៉ែត្រ គុណនឹង ៣៧ ម៉ែត្រ កម្ពស់ជាន់ផ្ទាល់ដី កុដិថ្មី ១ខ្នង មានទំហំ ៨ម៉ែត្រ គុណនឹង ១២ម៉ែត្រ និង ១ខ្នងទៀត ទំហំ ៦ម៉ែត្រ គុណនឹង ៨ ម៉ែត្រ រោងភត្ត ១ខ្នង មានទំហំ ១០ម៉ែត្រ គុណនឹង ២២ម៉ែត្រ និង ក្លោងទ្វារចូលវត្តចំនួន ២ ច្រក រួមមាន ខ្លោងទ្វារទី១ មានទទឹង ១០ម៉ែត្រ កម្ពស់ ១១,៥ម៉ែត្រ និងខ្លោងទ្វារទី២ មានទទឹង ៧៥ម៉ែត្រ កម្ពស់ ១១,២ ម៉ែត្រ អមដោយរបងថ្មីប្រវែង ១២៩ ម៉ែត្រ។

ក្រៅអំពីសមិទ្ធផល ដូចបានជម្រាប ជូនខាងលើនេះ ក៏នៅមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធ រូបវន្តមួយចំនួនទៀត ដែលត្រូវបានកសាងឡើង ក្នុងទីវត្តព្រែកជ្រៃ ក្នុងនោះ រួមមាន ចាក់ដីបំពេញទីធ្លាវត្ត អស់ចំនួន ៥.៣២៥ ឡាន ចាក់បេតុងក្នុងបរិវេណវត្ត ទំហំ ៥.៣១៥ ម៉ែត្រក្រឡា, កសាងបន្ទប់ទឹកប្រើប្រាស់ក្នុងវត្ត ចំនួន ៨ បន្ទប់ និងដាំដើមឈើ គ្រប់ប្រភេទ ក្នុងវត្ត ចំនួន ២.០១៥ ដើម រួមទាំងរៀបចំកែលម្អសោភ័ណភាព ក្នុងវត្តផងដែរ ហើយបើសរុប ជារួម គម្រោងនេះចំណាយបច្ច័យកសាង អស់ចំនួន ៧៦៨.៩៥០ដុល្លារ ៕/V/