ដោយ៖ សុវណ្ណកុម្ភៈ/ភ្នំពេញ៖ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាមប្រាក់រង្វាន់លើកទឹកចិត្តចំពោះជ័យលាភីមានរហូតដល់ទៅជាង៤.០០០លានរៀលដែលប្រាក់រង្វាន់នេះនឹងត្រូវផ្ដល់ជូនដល់ជ័យលាភីនាដើមសប្ដាហ៍ក្រោយ។
ពិធីប្រគល់រង្វាន់នេះនឹងធ្វើឡើងនៅទីស្តីការក្រសួងការពារជាតិក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ជូនដល់គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ដែលជាម្ចាស់មេដាយមាស ប្រាក់ និងសំរឹទ្ធ ដែលដណ្តើមបានលើ១៥ប្រភេទកីឡា មានមេដាយមាស ៩វិញ្ញាសា ប្រាក់ ១៣វិញ្ញាសា និងសំរឹទ្ធ ៤១វិញ្ញាសា សរុប ៦៣វិញ្ញាសា ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីខែឧសភា ឆ្នាំ២០២២។
ប្រាក់រង្វាន់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលនឹងផ្តល់ជូនតាមគោលការណ៍នេះរួមមាន៖ មេដាយមាស១គ្រឿង ទទួលបានប្រាក់រង្វាន់ ៤០លានរៀល មេដាយប្រាក់១គ្រឿងទទួលបាន ៣០លានរៀល និងមេដាយសំរឹទ្ធ១គ្រឿង ទទួលបាន១៦លានរៀល។ចំពោះគ្រូបង្វឹកទទួលបានប្រាក់រង្វាន់ ១០០ភាគរយស្មើនឹងកម្រិតមេដាយខ្ពស់ជាងគេ។ រីឯគ្រូជំនួយនឹងទទួលបាន ៧០ភាគរយនៃមេដាយដែលអត្តពលិករបស់ខ្លួនដណ្តើមបាន។ ចំនួនគ្រូបង្វឹក និងអត្តពលិកជ័យលាភីដែលនឹងទទួលបានប្រាក់រង្វាន់នេះ សរុប ១៣៥នាក់ ក្នុងនោះគ្រូបង្វឹក៤២នាក់ និងអត្តពលិក ៩៣នាក់៕R