ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ យោងតាមទីភ្នាក់ងារទេសចរណ៍រដ្ឋាភិបាល ថៃនឹងសំរេចលើសផែនការសំរាប់ការទទួលភ្ញៀវទេសចរបរទេសដល់ទៅ១៥ភាគរយ ជំរុញដោយការសំរុកចូលមកទស្សនាថៃនៅចុងឆ្នាំនេះ សំរាប់ភ្ញៀវមកពីអឺរ៉ុបនិងអាម៉េរិក។
យុត្ថាសាក់ ស៊ូផាសន(Yuthasak Supasorn) ប្រធានអាជ្ញាធរទេសចរណ៍ថៃ បាននិយាយថា យ៉ាងហោចណាស់អ្នកដំណើរអន្តរជាតិ១១,៥លាននាក់មកថៃនៅឆ្នាំនេះ នៅពេលការកំណត់គោលដៅត្រឹមតែ១០លាននាក់។តាំងពីមុនមកគិតត្រឹមថ្ងៃ២០ធ្នូ អ្នកដំណើរបរទេស១០,៩លាននាក់បានមកដល់ថៃរួចហើយ និងជាច្រើនទៀតនឹងសំរុកមកនៅប៉ុន្មានថ្ងៃចុងក្រោយចុងឆ្នាំ២០២២នេះ។
សូមបញ្ជាក់ថា ចំនួនភ្ញៀវទេសចរចូលថៃបានកើនឡើងចាប់តាំងពីពាក់កណ្តាលឆ្នាំ នៅពេលការរឹតត្បិតប្រឆាំងកូវីដស្ទើរទាំងអស់ត្រូវបានដកចេញ ដោយផ្តល់កម្លាំងជំរុញដល់សេដ្ឋកិច្ចធំបំផុតទីពីរនៅប្លុកអាស៊ាននេះ។ប្រមាណ១២ភាគរយនៃផលិតផលសរុបក្នុងស្រុកថៃបានមកពីវិស័យទេសចរណ៍មុនពេលផ្ទុះកូវីដកាលពីបីឆ្នាំមុន។
លោក យុត្ថាសាក់ បាននិយាយថា ចំណូលមកពីវិស័យទេសចរណ៍រួមទាំងអ្នកដំណើរក្នុងស្រុក នឹងឡើងដល់ចំនួន១,៥ទ្រីលានបាត(៤៣ពាន់លានដុល្លារ)នៅឆ្នាំ២០២២ ស្មើប្រហែលពាក់កណ្តាលនៃចំណូលមុនកូវីដ។លោកបានបញ្ជាក់ថាភ្ញៀវមកពីម៉ាឡេស៊ី ឥណ្ឌា ឡាវ កម្ពុជានិងសិង្ហ ជាទីផ្សារទេសចរណ៍ធំរបស់ថៃនិងអ្នកមកពីអឺរ៉ុបនិងអាម៉េរិកក៏កំពុងកើនឡើងដោយសារតែអាកាសធាតុត្រជាក់នៅទីនោះ។
ចិន ដែលធ្លាប់ជាក្រុមទេសចរបរទេសធំបំផុតនៅថៃកាលពីបីឆ្នាំមុន នៅមិនទាន់បើកការធ្វើដំណើរអន្តរជាតិទេដោយសារវិធានការកូវីដ តែប្រហែលជានៅដើមឆ្នាំក្រោយទើបចាប់ផ្តើមបើក។
ឥឡូវ ទីភ្នាក់ងារទេសថៃកំណត់ចំនួនភ្ញៀវទេសចរបរទេសមកកាន់ថៃនៅឆ្នាំ២០២៣ចំនួន២០លាននាក់ ស្មើនឹងពាក់កណ្តាលនៃចំនួនភ្ញៀវមកកាន់ថៃនៅឆ្នាំ២០១៩៕
យ៉ាងហោចណាស់ភ្ញៀវបរទេស១១,៥លាននាក់នឹងមកដល់ថៃនៅត្រឹមដំណាច់ឆ្នាំ២០២២ ដោយកើនលើសផែនការ១៥ភាគរយ