ដោយ៖ ម៉េងឆៃ / ភ្នំពេញ៖ នៅក្នុងសប្តាហ៍នេះ មានព្រឹត្តិការណ៍ជាតិសំខាន់ៗជាច្រើនបានកើតឡើង។ ក្នុងនោះ រួមមាន៖
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលពានរង្វាន់ “សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក» រួមទាំងការសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវភ្ជាប់ស្រុកព្រៃនប់ ទៅកាន់ក្រុងព្រះសីហនុ ជាដើម។

១- សម្តេចតេជោ ហ៊ុន សែន ទទួលពានរង្វាន់ “សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក»

កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទទួលពានរង្វាន់ “សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក»។ ពានរង្វាន់នេះ ផ្តល់ជូនពីវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក។ ពានរង្វាន់នេះ ត្រូវបានផ្តល់ជូនសម្តេចតេជោក្រោមហេតុផលថា សម្តេច ហ៊ុន សែន បានលះបង់ និងបង្កើតស្នាដៃល្អៗជាច្រើន ចំពោះប្រជាជនកម្ពុជា និងតំបន់អាស៊ាន ក្នុងរយៈពេលជាង ៤ ទសវត្សរ៍កន្លងទៅនេះ។

២- ក្រសួងសុខាភិបាល ណែនាំឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នការពារសុខភាព ពិសេសកូវីដ១៩ ក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់

ក្រសួងសុខាភិបាល ណែនាំឱ្យប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន និងការពារសុខភាព ពិសេសការពារនូវការចម្លងជំងឺកូវីដ១៩ ក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់។ ក្រៅពីបន្តវិធានការការពារកូវីដ ៣កុំ និង៣ការពារ ក្រសួងក៏បានណែនាំឱ្យប្រជាពលរដ្ឋ ពិសេសត្រូវទទួលទានទឹកអោយបានច្រើន ចៀសវាងការបាត់បង់ជាតិទឹក នៅពេលសរីរាង្គ ខិតខំទប់ទល់ទៅនឹងភាពត្រជាក់។

៣-អគ្គនាយកសហព័ន្ធសន្តិភាពសកល កោតសរសើរពីភាពប៉ិនប្រសព្វនៃការអនុវត្តនយោបាយការទូតរបស់កម្ពុជា

អគ្គនាយកសហព័ន្ធសន្តិភាពសកល លោក យ៉ុន យ៉ុងហូ ក្នុងឱកាសអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ បានថ្លែងការកោតសសើរ ពីភាពប៉ិនប្រសព្វនៃការអនុវត្តន៍នយោបាយការទូតរបស់កម្ពុជា ពិសេសការដឹកនាំដោយជោគជ័យកិច្ចប្រជុំកំពូលអាស៊ានរបស់សម្តេចតេជោ។ ក្រៅពីថ្លែងការកោតសសើរពីភាពប៉ិនប្រសព្វនៃការអនុវត្តន៍នយោបាយការទូតរបស់កម្ពុជា អគ្គនាយកសហព័ន្ធសន្តិភាពសកល ក៏បានស្នើសុំគោលការណ៍ និងការគំាទ្រពីកម្ពុជា លើធម្មនុញ្ញសន្តិភាពពិភពលោក និងគម្រោងសាងសង់សួនសន្តិភាពមេគង្គផងដែរ។

៤- ក្រសួងធនធានទឹកប្រកាសថា អាកាសធាតុនៅកម្ពុជា នឹងបន្តចុះត្រជាក់រហូតដល់ថ្ងៃទី២៧ធ្នូ

ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសកាលពីថ្ងៃទី២០ ខែធ្នូថា អាកាសធាតុនៅកម្ពុជា នៅតែបន្តចុះត្រជាក់ ចាប់ពីថ្ងៃទី២១-២៧ ខែធ្នូ ដោយសារកម្ពុជា បន្តទទួលឥទ្ធិពលពីទ្រនុងនៃសម្ពាធខ្ពស់ពីប្រទេសចិន និងខ្យល់មូសុងឦសាន្ត ក្នុងកម្រិតមធ្យម។ ក្នុងនោះ បណ្តាខេត្តមួយចំនួនត្រជាក់ជាងគេ រួមមាន ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ សីតុណ្ហភាពអប្បបរមា មានក្នុងរង្វង់ ១៧-១៨អង្សាសេ។

៥-ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស៊ើបអង្កេតករណីវាយកម្ទេចកុដិបុរាណ ក្នុងវត្តឧណ្ណាលោម

កាលពីថ្ងៃទី២១ ខែធ្នូ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសថា នឹងសហការជិតស្និទ្ធជាមួយអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើការស៊ើបអង្កេត និងដោះស្រាយតាមវិធានការច្បាប់ លើករណីវាយកម្ទេចកុដិបុរាណ ក្នុងវត្តឧណ្ណាលោម។ ចំពោះទីតាំងកុដិបុរាណ ចំនួន០៣ ដែលបា នវាយកម្ទេច ក្រសួង នឹងរក្សាទីតាំងនោះ ពុំឲ្យមានការសាងសង់សំណង់អ្វីថ្មី រហូតដល់នីតិវិធីនានា ដែលមានជាធរមាន ត្រូវបានដោះស្រាយបញ្ចប់រួចរាល់។

៦-សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវតភ្ជាប់ស្រុកព្រៃនប់ ទៅក្រុងព្រះសីហនុ

កាលពីព្រឹកថ្ងៃទី២២ ខែធ្នូ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ តភ្ជាប់ស្រុកព្រៃនប់ ទៅក្រុងព្រះសីហនុ ប្រវែងជាង ៤៣គីឡូម៉ែត្រ តម្លៃជាង ៧៦លានដុល្លារ ។ ផ្លូវនេះ តភ្ជាប់រវាងស្រុកព្រៃនប់ ទៅក្រុងព្រះសីហនុ មានប្រវែងសរុបជាង ៤៣គីឡូម៉ែត្រ ត្រូវបានស្ថាបនា និងកែលំអរឡើងវិញ រួចរាល់ជាស្ថាពរ ក្រោមកញ្ចប់ថវិកាជាតិប្រមាណ ៧៦លានដុល្លារអាមេរិក។ ផ្លូវនេះ ដើរតួនាទីយ៉ាងសំខាន់ ដល់ការដឹកជញ្ជូន ការធ្វើដំណើរ និងបម្រើវិស័យទេសចរណ៍នៅខេត្តព្រះសីហនុ ជាប់មាត់សមុទ្រ។

៧-សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ម្តងទៀតពីជោគជ័យ ក្នុងតួនាទីជាប្រធានអាស៊ាន និង ប្រកាសប្តេជ្ញាបន្តធ្វើការជិតស្និទ្ធជាមួយអាស៊ាន

ក្នុងពិធីសម្ពោធផ្លូវ នៅខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី២២ ខែធ្នូ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ម្តងទៀតថា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ កម្ពុជាបានបំពេញការងារការទូតរបស់ខ្លួន ដោយទទួលបានលទ្ធផលជោគជ័យ គួរអោយកត់សំគាល់។ នោះគឺកម្ពុជា បានបង្ហាញនូវសមត្ថភាព និងភាពជឿជាក់ ក្នុងការបំពេញតួនាទីភារកិច្ចក្នុងតំបន់ និងអន្ដរជាតិ ដែលចូលរួមចំណែកដល់ការលើកកម្ពស់សន្ដិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។

៨-លទ្ធផលប្រឡងបាក់ឌុប៖ ឆ្នាំនេះ សិស្សប្រឡងជាប់ច្រើនជាងឆ្នាំមុន តែនិទ្ទេស A ថយចុះ

ដូចការគ្រោងទុក កាលពីរសៀលថ្ងៃទី២២ ខែធ្នូ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសលទ្ធផលប្រឡងបាក់ឌុប។ ក្នុងចំណោមបេក្ខជនជិត ១៣ម៉ឺននាក់ គឺឆ្នាំនេះ មានសិស្សប្រលងជាប់ជាង ៩ម៉ឺននាក់ ស្មើនឹងជាង ៧២%។ ក្នុងនោះ និទ្ទេស A ១០៤៩នាក់, និទ្ទេស B ៧២៣២នាក់, និទ្ទេស C ១៩០៥៣នាក់, និទ្ទេស D ៣១ ១៦៦នាក់ និងនិទ្ទេស E ៣២ ៤៥០នាក់។ ចំនួនបេក្ខជនប្រឡងបាក់ឌុប នៅឆ្នាំនេះ ជាប់ច្រើនជាងឆ្នាំមុន ប៉ុន្តែសិស្សពូកែ ឆ្នើម ប្រឡងជាប់និទ្ទេស A ថយចុះប្រមាណ ៧០០នាក់ បើធៀបនឹងឆ្នាំ២០២១។

៩-កម្ពុជាប្រកាសគាំទ្រប្រធានអាស៊ានថ្មី ឆ្នាំ២០២៣ ក្នុងការបន្តស្វែងរកដំណោះស្រាយនយោបាយដោយសន្តិវិធី លើបញ្ហាមីយ៉ាន់ម៉ា

ប្រទេសកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសជំហរគំាទ្រប្រទេសឥណ្ឌូណេស៊ី ជាប្រធានអាស៊ានប្តូរវេន នៅឆ្នាំ២០២៣ ក្នុងការបន្តស្វែងរកដំណោះស្រាយនយោបាយដោយសន្តិវិធី លើបញ្ហាមីយ៉ាន់ម៉ា។ការប្រកាសជំហររបស់កម្ពុជានេះបានធ្វើឡើងក្នុងកិច្ចប្រជុំពិគ្រោះយោបល់ក្រៅផ្លូវការថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពី ស្ថានការណ៍នៅមីយ៉ាន់ម៉ា ដែលរៀបចំដោយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសថៃ នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។

១០-បេក្ខជនមួយចំនួន តវ៉ានឹងលទ្ធផលប្រឡងបាក់ឌុប

ក្រោយប្រកាសលទ្ធផលប្រឡងបាក់ឌុប នៅថ្ងៃទី២៣ ខែធ្នូ មានបេក្ខជនមួយចំនួន និងអាណាព្យាបាល បានប្រមូលតវ៉ា នៅមុខក្រសួងអប់រំ។ មន្ត្រីក្រសួងអប់រំ បានទទួលយកពាក្យតវ៉ារបស់ពួកគេ ទៅពិនិត្យហើយ។ ការតវ៉ាបែបនេះ ក៏ធ្លាប់កើតឡើងដែរ កាលពីឆ្នាំមុនៗ។ ប៉ុន្តែក្រោយពេលពិនិត្យផ្ទៀងផ្ទាត់រួចរាល់ ក្រសួងអប់រំ បានសម្រេចរក្សាទុកលទ្ធផលដដែល។

១១-សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការប្រកួតកីឡាវាយកូនគោល «ពានរង្វាន់សម្តេចតេជោលើកទី៦» អបអរខួប២៤ឆ្នាំ នៃការបញ្ចប់សង្គ្រាម

កាលពីព្រឹកថ្ងៃសៅរ៍ ទី២៤ ខែធ្នូ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីបើកការប្រកួតកីឡាវាយ កូនគោល «ពានរង្វាន់សម្តេចតេជោ លើកទី៦» ដែលរៀបចំធ្វើនៅទីលាន វាយកូនគោលវឌ្ឍនៈហ្គោលរីសត ក្នុងរាជធានីភ្នំពេញ។ ការប្រកួតកីឡាវាយកូនគោលដណ្តើមពានរង្វាន់សម្តេចតេជោ លើកទី៦ មានកីឡាករជាតិ និងអន្តរជាតិ ចូលរួមចំនួន ១៧៤រូប ធ្វើឡើង ដើម្បីអបអរសាទរការបិទបញ្ចប់ភ្លើងសង្គ្រាម នៅកម្ពុជា ក្រោមនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន ដែលគិតមកទល់ពេលបច្ចុប្បន្ន មានរយៈពេល ២៤ឆ្នាំហើយ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨-ថ្ងៃទី២៩ ខែធ្នូ។

១២-រាជរដ្ឋាភិបាល បង្កើតក្រុងថ្មីបីនិងស្រុកថ្មីពីរទៀត នៅខេត្តកណ្តាល ខេត្តក្រចេះ និងខេត្តកំពង់ស្ពឺ

កាលពីថ្ងៃទី២៣ ខែធ្នូ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យ ដាច់ដោយឡែកពីគ្នា យ៉ាងហោចណាស់បួន ដោយបានសម្រេចបង្កើតក្រុងថ្មីពីរទៀត នៅខេត្តកណ្តាល គឺ «ក្រុងអរិយក្សត្រ» និង «ក្រុងសំពៅពូន»។ ក្នុងនោះ ក៏មានបង្កើតក្រុងថ្មីមួយ និងស្រុកថ្មីមួយ នៅខេត្តកំពង់ស្ពឺ ដោយបំបែកស្រុកឧដុង្គ ជាពីរ គឺ «ក្រុងឧដុង្គម៉ែជ័យ» និង«ស្រុកសាមគ្គីមុនីជ័យ»។ ក្រៅពីនោះ រាជរដ្ឋាភិបាល ក៏បានសម្រេចបង្កើតស្រុកថ្មីមួយទៀត នៅខេត្តក្រចេះ គឺ «ស្រុកអូរគ្រៀងសែនជ័យ»៕សរន