ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អ្នកចាត់ការទូទៅលោក អេរិក ថេន ហាក់ (Erik ten Hag) បាននិយាយថា ក្រុមបិសាចក្រហម Manchester United បានបន្តកិច្ចសន្យារយៈពេលមួយឆ្នាំសម្រាប់កីឡាករជម្រើសដំបូងចំនួនបួននាក់ រួមទាំងខ្សែប្រយុទ្ធអង់គ្លេស ម៉ាកូស រ៉ាស្វត (Marcus Rashford) ផងដែរ ។
រ៉ាស្វត, ឌីហ្គោ ដាឡុត (Diogo Dalot), ហ្វ្រេត (Fred) និង លូក ស (Luke Shaw) សុទ្ធតែស្ថិតក្នុងឆ្នាំចុងក្រោយនៃកិច្ចព្រមព្រៀងរបស់ពួកគេ ប៉ុន្តែមានជម្រើសក្នុងការបន្តកុងត្រារបស់ពួកគេរហូតដល់ ១២ ខែ។
រ៉ាស្វតបានរកឃើញទម្រង់លេងរបស់គេឡើងវិញនៅរដូវកាលនេះក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីថេនហាក់ ដោយលេងបាន ២០ ប្រកួតក្នុងរាល់ការប្រកួតទាំងអស់ និងស៊ុតបញ្ចូលទីបាន ៩ គ្រាប់។ ដាឡុត, ហ្វ្រេត និង ស ក៏បានចូលរួមក្នុងក្រុមយ៉ាងខ្លាំងផងដែរ ដោយម្នាក់ៗបានបង្ហាញខ្លួនច្រើនជាង ១៥ ដងក្នុងការប្រកួតទាំងអស់។
លោក ថេន ហាក់ បានប្រាប់វេបសាយរបស់ក្លិបក្នុងការដកស្រង់ចេញពីបទសម្ភាសមួយដែលគ្រោងចុះផ្សាយនៅថ្ងៃអង្គារខាងមុខថា “ពិតណាស់ ខ្ញុំអាចបញ្ជាក់រឿងនេះបាន”។
“យើងសប្បាយចិត្តព្រោះក្រុមកំពុងដំណើរការក្នុងទិសដៅត្រឹមត្រូវ ហើយកីឡាករទាំងនោះមានការរួមចំណែកយ៉ាងច្រើនក្នុងទិសដៅនោះ។ យើងចង់អភិវឌ្ឍ យើងចង់គាំទ្រកីឡាករទាំងនោះ ហើយយើងចង់ឱ្យពួកគេបន្តដំណើរការរបស់យើង”។
“ដូច្នេះ នោះគឺជាមូលហេតុដែលយើងឈានដល់ការសម្រេចចិត្តទាំងនោះ ខ្ញុំប្រាកដថាពួកគេគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ។ យើងចង់បង្កើតក្រុមសម្រាប់អនាគត សម្រាប់រយៈពេលវែងជាងនេះ ហើយកីឡាករទាំងនោះត្រូវតែជាផ្នែកមួយរបស់វា”។
អ្នកចាំទី ដេវីត ដេ ហ៊ែ (David de Gea) ដែលស្ថិតក្នុងឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់គេនិងមានជម្រើសស្រដៀងគ្នាសម្រាប់ការបន្តកុងត្រាដែរនោះ មិនទាន់ឈានដល់កិច្ចព្រមព្រៀងជាមួយក្លិបនៅឡើយទេ។ លោកថេនហាក់បាននិយាយកាលពីខែតុលាថាគាត់សង្ឃឹមថាកីឡាករអេស្ប៉ាញរូបនេះនឹងបន្តនៅទឹកដី Old Trafford ៕
រ៉ាស្វត, ឌីហ្គោ ដាឡុត, ហ្វ្រេត និង លូក ស ត្រូវបានក្លិបបន្តកុងត្រាឱ្យ១ឆ្នាំទៀត