ដោយៈ ចាន់តូ / ភ្នំពេញៈ បុរសម្នាក់បានបែកក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីបើកម៉ូតូយ៉ាងលឿន ទៅបុកជាមួយនឹងរថយន្តដឹកថ្ម ខណៈកំពុងតែបត់ឆ្លងផ្លូវចូលការដ្ឋាន កាលពីវេលាម៉ោង ៩យប់ ថ្ងៃសៅរ៏ ទី២៤ ខែធ្នូ ឆ្នាំ២០២២ តាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចនគរបាលមូលដ្ឋាន បានឱ្យដឹងថាៈជនរងគ្រោះ មានឈ្មោះ ឈន់ តៃឈី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ អាសយដ្ឋាននៅភូមិព្រែកសាម៉ាន់ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។ ជនរងគ្រោះ ជិះម៉ូតូម៉ាកហុងដា ហ្វីណូ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1BT.0485 ។ ចំណែកឯរថយន្ត ធុនធំដឹកថ្ម មិនទាន់ដឹងស្លាកលេខ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថាដំបូងឡើយ គេឃើញរថយន្តធុនធំដឹកថ្ម បើកតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីទិសខាងលិច មកខាងកើត ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏បត់ឆ្វេងដៃ ចូលការដ្ឋាន ក៏ស្រាប់តែមានម៉ូតូម៉ាកហុងដា ហ្វីណូជិះដោយបុរសម្នាក់ បើកតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីទិសខាងកើត មកខាងលិច យ៉ាងលឿន បានមកបុករថយន្តចំពីមុខពេញទំហឹង បណ្ដាលឱ្យដួលខ្ទាតមនុស្ស ចូលកង់រថយន្ត កិនបែកក្បាលស្លាប់ភ្លាមៗ។ ក្រោយពីកិនហើយ រថយន្ត ក៏បើកចូលក្នុងការដ្ឋានក្រឡុកស៊ីម៉ង់ត៍ បាត់ទៅ។

ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកវាស់វែង យកមធ្យោបាយពាក់ព័ន្ធ ទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នា នៅពេលក្រោយ។ ចំណែកសពសមត្ថកិច្ចដឹកយកទៅតម្កល់ទុក នៅវត្តទឹកថ្លារង់ចាំសាច់ញាតិ មកទទួលយកធ្វើបុណ្យតាមប្រពៃណី៕/V/R