ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ កីឡាករសូហ្វតិន្នីសជម្រើសជាតិកម្ពុជា យី សរសារិទ្ធ ពេលនេះ កំពុងតែសម្លៀងខ្នាយ ដើម្បីត្រៀមស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ មកដល់។

កីឡាករដែលមានឆន្ទៈខ្ពស់រូបនេះ បានលើកឡើងពីចន្លោះប្រហោង ដែលរូបគេកំពុង មានបច្ចុប្បន្ន តែគេរំពឹងថា បំពេញរាល់ចំណុចខ្វះខាតឲ្យបានល្អប្រសើរ បាន១០០ភាគរយមុនពេលកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ចាប់ផ្ដើម ដើម្បីគោលដៅដែលខ្លួនបានដាក់ចេញឲ្យបាន។

កីឡាកររូបនេះ បានអះអាងថាៈ សម្រាប់ចំណុចខ្វះខាត កីឡាករគ្រប់រូប ប្រាកដជាមានខ្លះមិនខាន ពោលគឺគ្មាននរណាល្អគ្រប់ដប់ឡើយ។ដូច្នេះរូបគេ ក៏នៅមានចំណុចខ្វះខាតច្រើនដែរ ។ ទោះបីជាយ៉ាងណា រូបគេបានប្តេជ្ញាចិត្តថា នឹងព្យាយាមហ្វឹកហាត់បំពេញចន្លោះប្រហោង ហើយក៏បាននិងកំពុងហ្វឹកហាត់ រាល់ថ្ងៃ ដើម្បីកែលម្អនូវរាល់ចំណុចខ្វះខាតទាំងនោះ។

ជាម្ចាស់មេដាយប្រាក់ ពីការប្រកួតកីឡាសូហ្វតិន្នីសជើងឯកអាស៊ាន ឆ្នាំ២០១៦ រូបនេះ បានលើកឡើងថាៈ «សម្រាប់ចំណុចខ្វះខាតមាន គឺរូបគេ នៅមានរាល់ថ្ងៃនេះ នៅស្ទើរបច្ចេកទេសទទួលសេវាបែបស្លាយខ្លីៗ។ មានន័យថា យើងត្រូវប្រើកម្លាំងខ្លាំង ក្នុងការរត់ទៅទទួលសេវានោះ ហើយចំណុចមួយទៀត គឺល្បឿនជើងនៅយឺតបន្តិច។ យ៉ាងណា រាល់ថ្ងៃនេះ គេកំពុងពង្រឹងបន្ថែមចំណុចទាំងនេះ ហើយវាក៏បានប្រសើរឡើងច្រើនជាប្រចាំដែរ»។

កីឡាកររូបនេះ បានបន្តថាៈ « ខ្ញុំមើលឃើញថាមុនពេលស៊ីហ្គេមចាប់ផ្ដើម ចំណុចខ្វះខាតទាំងអស់ នឹងមិនមានបញ្ហាទៀតទេ ព្រោះយើងបានប្រឹងប្រែងរាល់ថ្ងៃ។ លោកគ្រូ ក៏បានណែនាំជាប្រចាំ។ និយាយទៅ យើងប្រឹងប្រែងគ្រប់គ្នា ព្រោះដើម្បីសម្រេចគោលដៅ យកមេដាយជូនជាតិ ឲ្យបាន សម្រាប់ស៊ីហ្គេម ២០២៣ហ្នឹង»។

យី សរសារិទ្ធ ក៏បានលើកឡើងទៀតថាៈ គេបានកំណត់គោលដៅរបស់ខ្លួនរួចហើយ គឺយកឲ្យបានមេដាយមាស សម្រាប់ស៊ីហ្គេម ២០២៣ ។ បើសិនធ្វើមិនបានមេដាយមាសទេនោះ រូបគេបានគិតថា យ៉ាងហោចត្រូវឈានជើងចូលវគ្គ ៤នាក់ ចុងក្រោយឲ្យបាន។សម្រាប់ប្រទេសដែលជាគូប្រជែងខ្លាំងបំផុតរបស់ សរសារិទ្ធ គឺហ្វីលីពីន ឥណ្ឌូណេស៊ី និង ថៃ ដែល ៣ ប្រទេសនេះ សុទ្ធតែខ្លាំងៗ៕/V/R