ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ ក្រសួងសេដ្ឋកិច្ចរបស់ប្រទេសឯកោនេះបានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំងកាលពីថ្ងៃសៅរ៍ថា ក្រុមមេដឹកនាំតាលីបង់ដែលកំពុងកាន់អំណាចបានប្រាប់ទៅអង្គការក្រៅរដ្ឋាភិបាល( NGOs)ជាតិនិងអន្តជាតិអោយឈប់ប្រើនិយោជិតជាស្ត្រីបន្ទាប់ពីការការតវ៉ាប្រឆាំងនឹងបំរាមសម្លៀកបំពាក់របស់ក្រុមសាសនាអ៊ីស្លាមប្រកាន់តឹងមួយនេះ។
បទបញ្ជាគំរាមផ្អាកច្បាប់អនុញ្ញាតអោយអង្គការ NGOsធ្វើការនៅក្នុងប្រទេសនេះ ក្នុងករណីមានអង្គការណាមួយខកខានមិនបានធ្វើតាមការណែនាំ។
បទបញ្ជាចុងក្រោយនេះកើតឡើងមិនដល់មួយសប្តាហ៍ផងក្រោយពីអាជ្ញាធរតាលីបង់ហាមស្ត្រីមិនអោយទៅរៀននៅសកលវិទ្យាល័យ ដែលនាំអោយមានការថ្កោលទោសនិងការប្រឆាំងតវ៉ាជាសកល។
ក្រុមតាលីបង់ពេលខ្លួនចូលកាន់កាប់អំណាចកាលពីខែសីហាឆ្នាំមុន បានសន្យាគ្រប់គ្រងអំណាចជាមួយនឹងច្បាប់វិន័យមិនសូវតឹងតែងដូចកាលពីខ្លួនគ្រប់គ្រងអាហ្វហ្គានីស្ថានកាលពីលើកមុន តែពួកគេនៅតែរឹតត្បិតតឹងតែងលើស្ត្រី ដោយបិទខ្ទប់ជីវិតសាធារណៈរបស់គេ។
មន្ត្រីនៅអង្គការរដ្ឋាភិបាលមួយពាក់ព័ន្ធនឹងការងារមនុស្សធម៌បានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំងថា «យើងនឹងផ្អាកសកម្មភាពរបស់យើងទាំងអស់ចាប់ពីថ្ងៃអាទិត្យ។យើងនឹងបើកកិច្ចប្រជុំជាមួយមន្ត្រីជាន់ខ្ពស់មកពីអង្គការក្រៅរដ្ឋាភិបាលទាំងអស់ដើម្បីសំរេចថាត្រូវដោះស្រាយបញ្ហានេះរបៀបណា»។
សូមបញ្ជាក់ថា អង្គការក្រៅរដ្ឋាភិបាលជាតិនិងអន្តរជាតិរាប់សិប បន្តធ្វើការក្នុងវិស័យជាច្រើននៅទូទាំងតំបន់ជនបទនៃប្រទេសអាហ្វហ្គានីស្ថាន ក្រោយតាលីបង់ចូលកាន់អំណាចជាថ្មីកាលពីឆ្នាំមុន ហើយនិយោជិតរបស់គេជាច្រើនជាស្ត្រី។
វាជាការវាយប្រហារចុងក្រោយបំផុតលើសិទ្ធិស្ត្រីនៅអាហ្វហ្គានីស្ថាន។
កាលពីថ្ងៃអង្គារ អាជ្ញាធរបានហាមមិនអោយស្ត្រីទាំងអស់ទៅរៀននៅសកលវិទ្យាល័យ ដោយបង្កការថ្កោលទោសពីអាម៉េរិក អង្គការសហប្រជាជាតិនិងប្រជាជាតិកាន់សាសនាអ៊ីស្លាមជាច្រើន។ក្រុមប្រទេសG7បាននិយាយថា ការហាមប្រាមនេះមានន័យស្មើនឹង«ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ»។
ជាការឆ្លើយតបនឹងបំរាមនេះ និស្សិតប្រុសប្រមាណ៤០០នាក់ បានធ្វើពហិកាមិនចូលរួមការប្រឡងមួយនៅក្រុងកាន់ដាហា (Kandahar) ក្នុងការបង្ហាញការជំទាស់ដ៏កម្រមួយ។
ក្រុមតាលីបង់បានហាមប្រាប់រួចហើយមិនអោយក្មេងស្រីជំទង់ទៅរៀននៅវិទ្យាល័យ និងស្ត្រីជាច្រើនត្រូវបង្ខំអោយឈប់ពីការងាររដ្ឋ ហាមឃាត់ការធ្វើដំណើរឆ្ងាយដោយគ្មានសាច់ញាតិប្រុសទៅជាមួយនិងបញ្ជាអោយស្ត្រីបិទបាំងរាងកាយពេលចេញពីក្រៅផ្ទះ។ពួកគេក៏មិនត្រូវអនុញ្ញាតអោយចូលក្នងឧទ្យានិងសួនសាធារណៈផងដែរ៕
ស្ត្រីអាហ្វហ្គានីស្ថាន ប្រឆាំងនឹងបំរាមមិនអោយស្ត្រីទៅសិក្សានៅសកលវិទ្យាល័យ