ដោយ:ប.ជ័យ/បន្ទាយមានជ័យ៖មេខ្យល់ជនជាតិឥណ្ឌូណេស៊ីបាននាំជនជាតិឥណ្ឌូនេស៊ីចំនួនប្រាំបីនាក់ពីកាស៊ីណូអូរស្មាច់រីសត នៅច្រកព្រំដែនអន្តរជាតិអូរស្មាច់ក្រុងសំរោង ខេត្តឧត្តរមានជ័យ ទៅទម្លាក់ចោលជិតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនបរទេសទាំងនោះ ប្រុងឆ្លងដែនខុសច្បាប់កាលពីថ្ងៃទី២៣ ខែធ្នូ ម៉ោង១៨:៣០យប់ ពីកម្ពុជាទៅប្រទេសថៃនៅត្រង់ចំណុចខាងលិចប៉ុស្តិ៍ប្រហែល៥០០ម៉ែត្រ ភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ជិតព្រំប្រទល់ក្រុងប៉ោយប៉ែត។នេះបើតាមកម្លាំងនគរបាលប៉ុស្តិ៍ការពារព្រំដែនសិលាខ្មែរនៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ ឱ្យដឹងកាលពីថ្ងៃទី២៤ខែធ្នូ ។

ប្រភពបន្តថាជនជាតិឥណ្ឌូណេស៊ីទាំងនោះប្រាប់នគរបាលព្រំដែនថាពួកគេត្រូវមេខ្យល់ម្នាក់នាំពីអូរស្មាច់ដើម្បីរកផ្លូវកាត់ណាមួយឆ្លងចូលទៅប្រទេសថៃ មុននឹងវិលទៅមាតុប្រទេសដើមវិញ។ប៉ុន្តែពួកគេខ្លះថា ដើម្បីទៅរកការងារធ្វើខាងអនឡាញនៅក្នុងប្រទេសថៃឬនៅប្រទេសកម្ពុជា ដែលជាប់ព្រំដែនថៃ ។

សមត្ថកិច្ចបន្តថា មេខ្យល់ជនជាតិឥណ្ឌូណេស៊ីម្នាក់ ឈ្មោះថំមី(Tommy) បានទម្លាក់កូនខ្យល់ទាំងប្រាំបីនាក់នោះចោលនៅក្បែរប៉ុស្តិ៍នគរបាលការពារព្រំដែនសិលាខ្មែរ ហើយគេបានបើកឡានរត់គេចខ្លួនបាត់ទៅ ។

ជនជាតិឥណ្ឌូនេស៊ីខាងលើ ត្រូវបានបញ្ជូនមកទីបញ្ជាការនគរបាលការពារព្រំដែនវរ:សេនាតូច៩១១ រួចបញ្ជូនឱ្យនគរបាលជំនាញនៃអធិការដ្ឋានក្រុងប៉ោយប៉ែតដើម្បីសួរនាំធ្វើកំណត់ហេតុ។

លោកឧត្តមសេនីយ៍ត្រីអេង លីហួរ ស្នងការរងទទួលជំនាញអន្តោរប្រវេសន៍ប្រាប់កាសែតរស្មីកម្ពុជានៅថ្ងៃទី២៥ខែធ្នូថា ក្រោយបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។នគរបាលជំនាញបានសួរចម្លើយបំភ្លឺពីជនជាតិឥណ្ឌូណេស៊ីទាំងប្រាំបីនាក់ថាពិតជាបម្រុងឆ្លងដែនខុសច្បាប់ដែលត្រូវនគរបាលជំនាញអន្តោប្រវេសន៍ធ្វើការឬក៏ពួកគេរងគ្រោះដោយអំពើជួញដូរមនុស្សឬជាអំពើជួញដូរកម្លាំងពលកម្ម។ព្រោះថា ពួកគេបានបំភ្លឺថា មេខ្យល់បានធ្វើបាបពួកគេ និងចាប់ចងដូចដឹកជ្រូកពីអូរស្មាច់ទៅរកការងារធ្វើខាងអនឡាញនៅក្រុងប៉ោយប៉ែត?។

សមត្ថកិច្ចបានបញ្ជាក់ថាតាមរយៈការបញ្ជាក់របស់ជនជាតិឥណ្ឌូនេស៊ីទាំងនេះមានតម្រុយថាជនជាតិឥណ្ឌូណេស៊ីម្នាក់ដែលសង្ស័យថាមេខ្យល់ឈ្មោះថំមីនោះបានខឹងនឹងអ្នកទាំងប្រាំបីនាក់។ពួកគេឡូឡានិងចង់ចេញពីរថយន្តពេលកំពុងបើកបរ។ហេតុនេះបានជាជនសង្ស័យមេខ្យល់បានសម្រេចបញ្ឈប់រថយន្តហើយទម្លាក់អ្នកទាំងប្រាំបីនាក់ចោលនៅតាមផ្លូវជិតប៉ុស្តិ៍នគរបាលព្រំដែនសិលាខ្មែរនោះ ៕សរន