ដោយ : ប.ជ័យ / បន្ទាយមានជ័យ៖សមត្ថកិច្ចកាលពីថ្ងៃទី២៤ខែធ្នូបានបញ្ជូនបុរសបើកបររថយន្តធុនធំម្នាក់ទៅផ្នែកជំនាញ​
ពាក់ព័ន្ធនឹងបទជាប់សង្ស័យល្បួងក្មេងស្រីយកទៅរំលោភបានសម្រេចជាច្រើនលើកទើបបែកការណ៍។ជនជាប់សង្ស័យឈ្មោះ ពៅ សុខឃឿន ហៅតឿ អាយុ៣០ឆ្នាំ មុខរបរអ្នកបើកបរឡានដឹកកុងតឺន័រ។

កម្លាំងនគរបាលប៉ុស្តិ៍សង្កាត់និមិត្ត និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះឃាត់ខ្លួន ពៅ សុខឃឿន យកទៅសួរនាំបន្ទាប់ពីម្តាយមីងកុមារីរងគ្រោះប្តឹងថាបុរសនេះបានលួងលោមនិងចាប់រំលោភក្មួយគាត់បានសម្រេចជាច្រើនដង នៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។ស្រ្តីឈ្មោះ មឿន មុំ អាយុ ៣០ឆ្នាំមុខរបរមេផ្ទះបានប្ដឹងថា ឈ្មោះ ពៅ សុខឃឿន ហៅតឿ មុខរបរអ្នកបើកបរឡានដឹកកុងតឺន័រ បានលួងលោមក្មួយស្រីរបស់គាត់អាយុ១៣ ឆ្នាំទៅ រំលោភជាបន្តបន្ទាប់រហូតដល់ទៅប្រាំបីដងកាលពីថ្ងៃទី១៧,១៨,១៩ ខែធ្នូ។លុះចុងក្រោយក្នុងខែធ្នូដដែលទើបអ្នកស្រី ដឹងពេលក្មួរបស់ខ្លួនដោយសារក្មួយស្រីបានបាត់រដូវជាច្រើនថ្ងៃ ។អ្នកស្រីជជីកសួរនាំ ក៏ទើបដឹងពីរឿងរ៉ាវទាំងនេះ។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានឱ្យដឹងកាលពីថ្ងៃទី២៤ខែថាក្រោយទទួល បណ្តឹង​ពីជនរងគ្រោះ និងបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកក៏បានដឹកនាំកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលនិមិត្តនិងកម្លាំងអធិការដ្ឋានចុះស្រាវជ្រាវនិងបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ពៅ សុខឃឿន ហៅតឿ មានទីលំនៅបច្ចុប្បន្នភូមិអង្គរបានទី៩ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម យកមកសួរនាំ។នៅចំពោះមុខសមត្ថកិច្ចជនជាប់សង្ស័យបានសារភាពថា កាលពីខែសីហាកន្លងទៅដល់ថ្ងៃទី១៩ ខែធ្នូ រូបគេពិតបានលួងលោមរួមភេទជាមួយក្មេងស្រីនេះមែន តែបានច្រើនលើកដូចការចោទប្រកាន់ទេ។

នៅថ្ងៃទី២៤ ខែធ្នូនេះ ជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារ អនីតិជននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមច្បាប់៕សរន