ដោយៈប្ញទ្ធីស័ក្តិ/ភ្នំពេញ៖អ្នកវិនិយោគិនចិនម្នាក់បានទម្លាយឱ្យដឹងថា ខ្លួនបានចាញ់បោកលោក កែវ មុនីរតន៍ និងបក្ខពួកទាក់ទងរឿងទិញដីទំហំ ៥៤ហិកតា ស្ថិតនៅឃុំបសេដ្ឋ ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានលក់ដីខ្យល់ឱ្យខ្លួនក្នុងតម្លៃជាងពីរលានដុល្លារ។ខណៈបច្ចុប្បន្ននេះជនឆបោកកំពុងមានសេរីភាពដើរហើរដោយសេរីដោយសារមានខ្នងបង្អែក។

អ្នកស្រី ហ៊្វូក ម៉ឺងឈី ជនជាតិចិន បានប្រាប់អ្នកសារព័ត៌មានថា អ្នកស្រីបានដាក់ពាក្យសុំកិច្ចអន្តរាគមន៍ពី ថ្នាក់មូលដ្ឋានភូមិ ឃុំ ស្រុក រហូតដល់អភិបាលខេត្ត សុំកិច្ចអន្តរាគមន៍ និងដោះស្រាយ តែរហូតដល់ពេល នេះនៅតែមិនមានដំណោះស្រាយជូនអ្នកស្រី ទោះបីជាអ្នកស្រីបានប្រគល់ប្រាក់អស់ច្រើនលានដុល្លារឱ្យទៅជនឆបោក ហើយបានបង់ពន្ធត្រឹមត្រូវតាមច្បាប់កំណត់ ដូចបញ្ជាក់ក្នុងលិខិតបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនវត្ថុលេខ ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ និងលិខិតលេខចុះ ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២០។

បន្ទាប់ពីបានប្រគល់ប្រាក់តាមកិច្ចសន្យាទិញលក់ហើយ ស្រាប់តែឈ្មោះ កែវ មុនីរតន៍ ចេះតែគេចវេសមិនព្រមកាត់ប្លង់រឹងឱ្យ។អ្នកស្រីមានមន្ទិលសង្ស័យ ក៏បានដាក់ពាក្យសុំដីការសម្រេច រក្សាការពារលើដីទំហំ ៥៤ហិកតា ដែលបានទិញ ប្រគល់ប្រាក់ និងបង់ពន្ធដល់សាលាស្រុក ហើយសាលា ដំបូងខេត្តកំពង់ស្ពឺក៏បានចេញដីការសម្រេចរក្សាការពារតាមការស្នើសុំ ដើម្បីការពារផលប្រយោជន៍ស្របច្បាប់ កុំឱ្យមានការខូចខាតទ្រព្យសម្បត្តិរបស់ជនរងគ្រោះ ដូចបញ្ជាក់ក្នុងដីការសម្រេចរក្សាការពារលេខ១១៦ ចុះថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ របស់សាលាដំបូងខេត្តកំពង់ស្ពឺ។

អ្នកស្រីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីលេចលឺព័ត៌មានថា ដីដែលអ្នកស្រីប្តឹងទប់ស្កាត់នោះ ត្រូវបានជនឆបោក លក់បន្តឱ្យអ្នកដទៃ។អ្នកស្រីឆ្ងល់ថា ហេតុអ្វីបានជាអាជ្ញាធរដែនដី ភូមិ ឃុំ ស្រុក ខេត្ត ពន្ធដាខេត្ត និងមន្ទីរសុរិយោដី កាត់ឈ្មោះដីកំពុងមានទំនាស់ដោះស្រាយនៅតុលាការ? ឬដីការសម្រេចការពាររបស់តុលាការ មិនមានតម្លៃ ?

អ្នកវិនិយោគិនចិន អ្នកស្រី ហ៊្វូក ម៉ឺងឈី បានសុំសម្តេចតេជោ ហ៊ុន សែន ជួយអន្តរាគមន៍ និងរកយុត្តិធម៌ រឿងលោកកែវ មុនីរតន៍ និងបក្ខពួរឿងលក់ដីខ្យល់ ៥៤ហិកតា តម្លៃជាង ២លានដុល្លារនិងចាត់វិធានការស្រាវជ្រាវរឿងមិន ប្រក្រតីក្នុងការកសាងប័ណ្ណកម្មសិទ្ធិទាំងបំពាននេះ។

ទាក់ទងករណីនេះ លោក កែវ មុនីរតន៍ និងបក្ខពួកមិនអាចសុំការបកស្រាយបានទេនៅរសៀលថ្ងៃទី២៥ខែធ្នូនេះ៕សរន/R