ដោយ៖ ដេប៉ូ / ភ្នំពេញ៖ នៅលើបណ្តាញផ្សព្វផ្សាយសង្គម សព្វថ្ងៃនេះ មានព័ត៌មាន ក្លែងក្លាយមួយចំនួន កំពុងបំភាន់មតិសាធារណជន ឱ្យបន្ទច់បង្អាក់ដំណើរការ អភិវឌ្ឍប្រទេស ដែលជាការខិតខំប្រឹងប្រែង ដោយលំបាករបស់ រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងន័យនេះ ក្រសួងការងារ ចង់ឱ្យអ្នកលេងបណ្តាញសង្គម ត្រូវផ្សព្វផ្សាយនូវព័ត៌មានពិត ទាក់ទងនឹងសមិទ្ធផលនានា របស់រាជរដ្ឋាភិបាល ដើម្បីឱ្យសាធារណមតិ ទាំងក្នុង និងក្រៅប្រទេស បានយល់ដឹង និងចូលរួមចំណែក ក្នុងការការពារសមិទ្ធផល អស់ទាំងនេះ ឱ្យស្ថិតស្ថេរគង់វង្ស។ នេះជាការថ្លែងបញ្ជាក់ ពីសំណាក់ លោក អ៊ិត សំហេង រដ្ឋមន្រ្តី្ក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់បណ្តាញសង្គម Facebook នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ ដែលរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-កូរ៉េ (CKCC) លោក អ៊ិត សំហេង បានឱ្យដឹងថា៖ បន្ទាប់ពីវគ្គបណ្តុះ បណ្តាលនេះទៅ លោកសង្ឃឹមថា សិក្ខាកាម ទាំងអស់ នឹងមានសមត្ថភាពខ្ពស់ ក្នុងការប្រើប្រាស់បណ្តាញសង្គម ដើម្បីធ្វើការផ្សព្វ ផ្សាយព័ត៌មាន និងសមិទ្ធផល នានា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ទន្ទឹមនឹងនោះ សិក្ខាកាម ក៏ចេះប្រើប្រាស់ហេ្វសប៊ុក ជាមធ្យោបាយ ដើម្បីវាយបក ឬបកស្រាយបំភ្លឺសាធារណៈ មតិ រាល់ព័ត៌មានញុះញង់ បំផុសបំផុល ប្រជាភិថុតិ ឬបំភ្លៃការពិត នៅតាមបណ្តាញ Facebook និងបណ្តាញសង្គមផ្សេងទៀត ឱ្យបានទាន់ពេលវេលា។

លោក អ៊ិត សំហេង បានលើកឡើង ដោយបញ្ជាក់ថាៈ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញលើការប្រើប្រព័ន្ធបច្ចេកវិទ្យា​ ដើម្បីជំរុញល្បឿនការងារឱ្យបាន លឿន ទាន់ពេលវេលា កាត់បន្ថយការចំណាយ​និងផ្សព្វផ្សាយព័ត៌មាន ពិតពីកម្ពុជា ឱ្យបានដល់ដៃសាធារណជន ក្នុងនិងក្រៅប្រទេស។ ឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំង លើការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យា ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ ការប្រើប្រាស់បច្ចេកវិទ្យា ក្នុងការបណ្តុះបណ្តាលបច្ចេក ទេសវិជ្ជាជីវៈ សំដៅធ្វើឱ្យប្រជាជន ជាពិសេសយុវជនទាំងអស់ ទទួលបាននូវ ការសិក្សាបច្ចេកវិទ្យា ការអប់រំប្រកបដោយ គុណភាព និងសមត្ថភាព ដើម្បីឱ្យពួកគេ ក្លាយជាធនធានមនុស្ស ដ៏មានសក្តានុពល ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ ឱ្យកាន់តែរីកចម្រើន។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានបញ្ជាក់ថាៈ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកបណ្ដាញសង្គមហ្វេសប៊ុក ជាយន្តការដ៏សំខាន់មួយ ក្នុងការធ្វើការ និងទទួលនិងដោះស្រាយ នូវសំណូមពរ ឬបញ្ហានានា ដោយតម្រូវឱ្យគ្រប់ក្រសួង ស្ថាប័ន ត្រូវតែមានផេករបស់ខ្លួន ដើម្បីទទួលព័ត៌មាន និងដោះស្រាយនូវរាល់ កង្វល់នានារបស់ប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណងឱ្យសិក្ខាកាម បានយល់ដឹង អំពីបច្ចេកទេសនៃការប្រើប្រាស់ ប្រព័ន្ធបណ្តាញសង្គម ឱ្យកាន់តែមានប្រសិទ្ធភាព ដូចជា ការថត ការកាត់ត រូបភាពតាមទូរស័ព្ទ និងរបៀបបង្កើត Tiktok, ការជ្រើសរើសរូបភាព និងព័ត៌មាន ក្នុងការផ្សព្វផ្សាយ, ការចុះបដិសេធ ឬគាំទ្រ លើព្រឹត្តិការណ៍ ឬព័ត៌មាននានា, ការផ្សព្វផ្សាយសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល សកម្មភាពរបស់ថ្នាក់ដឹកនាំ ផលប្រយោជន៍នានា ដល់បងប្អូនកម្មករ និយោជិត និងសាធារណជន, ការបែងចែកព័ត៌មាន ដែលផ្ទុយពីការពិត ទៅនឹងព័ត៌មានពិត ដែលគួរជឿ និងមិនគួរជឿ, ការរៀបចំខ្លឹមសារសរសេរ និងយុទ្ធសាស្ត្រដែលមានភាព ទាក់ទាញ ប្រកបដោយប្រសិទ្ធភាព៕/V/R