ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
លុក
កិរិយាសព្ទ
ចូលសំរុកមិនឲ្យដឹងខ្លួន; ចូលរុកទម្លាយ; ចូលរុករាន
លុកទ័ព; លុកព្រៃ; ចូលលុកក្នុងផ្ទះ ។
ធ្វើទឹកឲ្យកម្រើករំជួល, ឲ្យល្អក់
ក្មេងលុកទឹកល្អក់អស់! ។
លុកលុយ ឬ លុយលុក រុករានទន្ទ្រានចូល, រុករានចូលសុសសព្វ, ដើរចូលសព្វអន្លើ
លុកលុយឥតញញើត; គោលុកលុយដំណាំ ។
វក់
កិរិយាសព្ទ
ច្របល់សព្វអន្លើ
វក់ស្ករត្នោតឲ្យរឹង ( ច្រើនប្រើ វឹត ជាង ) ។
វរចិត្តខ្លាំង; រឹតឆ្កួត
វក់ចិត្ត; វក់ឆ្កួត ។
ងប់ចិត្តប្រព្រឹត្តលង់ក្នុងអំពើឥតប្រយោជន៍
វក់កញ្ឆា, វក់ស្រា, វក់ល្បែង, វក់ដើរលេងយប់ ។
ខំប្រឹងហួសកំណត់ឥតឈប់សម្រាក
វក់ធ្វើការ, វក់រៀន។
វក់វី ឬ វីវក់ វិលចុះវិលឡើងដដែលៗដូចគេវី
ដើរវក់វីច្រើនសាច្រើនត្រឡប់ ។ ធ្វើការវក់វី ឬ –វីវក់ ធ្វើការច្របូកច្របល់ ច្រើនមុខ នេះផងនោះផង ។ ប្រើវក់វី ប្រើឲ្យធ្វើការច្របូកច្របល់ហួសប្រមាណ ។ ល ។
សកម្ម
(សៈកាំ)
គុណសព្ទ
( បា. ) ដែលប្រកបដោយកម្ម, ដែលប្រព្រឹត្តទៅមួយអន្លើដោយកម្ម; ដែលទាក់ទងដោយការងារ, ដែលនៅមិនស្ងៀម, ដែលចេះតែមានដំណើររវើករសិបជានិច្ច ( បារ. Actif ) ។
សក់
នាមសព្ទ
អាការៈមួយប្រភេទ ជាសរសៃល្អិតៗដុះលើក្បាលមនុស្សឬលើក្បាលសត្វពួកខ្លះ : កាត់សក់, សិតសក់, បួងសក់, កោរសក់, សក់សេះ ។ សក់ក រោមរឹងសរសៃថ្លោសៗ ដុះលើដងកសេះ ( ទីទៃពីសក់ក្បាលនិងសក់ស្វាយរបស់វា ) ។ សក់កណ្ដាញ់ សក់ដែលក្រញាញ់ចាក់ស្រែះ ជាប់បេះមិនចេញដូចគេព្រលាំងជ័រ ។ សក់ក្រញាញ់ សក់រួញរេញមិនរាប ។ សក់គោលិទ្ធ ( ព. ប្រ. ) សក់បាក់ក្រាបរាបលើសាច់ក្បាល វៀចប៉ាន់ប៉ែវដោយអន្លើ ។ សក់ពោត ( ព. ប្រ. ) សរសៃល្អិតៗ ទន់ល្មៃដែលកើតមាន នៅខាងចុងផ្លែពោត មានសណ្ឋានស្រដៀងនឹងសរសៃសក់ ។ សក់ព្រៃ សក់កំណើតដែលដុះលើក្បាលកូនខ្ចីតាំងពីនៅក្នុងផ្ទៃមាតាមក : មង្គលកោរសក់ព្រៃ ។ សក់រួញអង្គាដី ( ព. ប្រ. ) សក់ស្លូតដែលរួញរមួលខ្ពស់ខ្លះទាបខ្លះ ។ សក់ស្លូត ( ព. ប្រ. ) សក់មិនរួញមិនក្រញាញ់ មិនរបះរបើង ។ ល ។
សត្តមហាឋាន
(ស័ត-តៈមៈ–)
នាមសព្ទ
( បា. ) ទីធំឬទីដ៏ប្រសើរ ៧ កន្លែង; ជាឈ្មោះទី៧ អន្លើដែលព្រះសក្យមុនីសម្ពុទ្ធទើបបានត្រាស់ថ្មីៗ ទ្រង់គង់នៅសម្រាកព្រះអង្គដោយការសោយវិមុត្តិសុខ ក្នុងកន្លែងមួយៗកំណត់៧ថ្ងៃៗ, រួមជា៤៩ថ្ងៃ ។ សត្តមហាឋាននេះ នៅត្រង់តំបន់មួយហៅ ពុទ្ធគយា ក្នុងប្រទេសឥណ្ឌា មាននៅប្រាកដមកដល់សព្វថ្ងៃនេះដោយមានចេតិយដ្ឋានជាគ្រឿងសម្គាល់; ពួកពុទ្ធមាមកៈគ្រប់ប្រទេស តែងកាត់ស្វះពន្លះទៅធ្វើនមស្ការបូជាតាមកាលរដូវឥតអាក់, ឬនៅថែទាំគោរពជានិច្ចនៅនោះក៏មាន ។