ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ រដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាង យី កាលពីថ្ងៃអាទិត្យបានការពារជំហររបស់ចិនស្តីពីសង្គ្រាមអ៊ុយក្រែននិងអោយសញ្ញាថា ចិននឹងពង្រឹងទំនាក់ទំនងជាមួយរុស្ស៊ីនៅឆ្នាំខាងមុខ។
ថ្លែងតាមវីដេអូផ្សាយបន្តផ្ទាល់នៅក្នុងរដ្ឋធានីប៉េកាំង លោកក៏បានបន្ទោសអាម៉េរិកចំពោះការចុះដុនដាបខ្លាំងឡើងនៃទំនាក់ទំនងរវាងមហាអំណាចទាំងពីរ ដោយថារដ្ឋាភិបាលទីក្រុងប៉េកាំង«ប្រឆាំងជំទាស់យ៉ាងមុតមាំចំពោះគោលនយោបាយខុសឆ្គងរបស់អាម៉េរិក»។
សូមបញ្ជាក់ថា ចិនព្យាយាមទប់ទល់នឹងសម្ពាធលោកខាងលិចលើពាណិជ្ជកម្ម បច្ចេកវិទ្យា សិទ្ធិមនុស្សនិងការអះអាងរបស់ខ្លួនលើដែនទឹកធំល្វឹងល្វើយនៅមហាសមុទ្ធប៉ាស៊ីហ្វិកខាងលិច ដោយចោទប្រកាន់អាម៉េរិកថាសម្លុតគំរាម។ចិនក៏មិនព្រមថ្កោលទោសប្រតិបត្តិការយោធារុស្ស៊ីចូលអ៊ុយក្រែន និងក៏មិនចូលរួមការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ីដែរ ដែលកាន់តែធ្វើអោយបែកបាក់ជាមួយអឺរ៉ុបនិងអាម៉េរិក។
លោកវ៉ាងបាននិយាយថា «ចិននឹងពង្រឹងទំនុកចិត្តយុទ្ធសាស្ត្រទ្វេភាគីនិងកិច្ចសហការផ្តល់ផលប្រយោជន៍ទៅវិញទៅមក»ជាមួយរុស្ស៊ី។
អំពីវិបត្តិអ៊ុយក្រែន លោកវ៉ាង យី បាននិយាយថា «យើងប្រកាន់ខ្ជាប់គោលការណ៍គ្រឹះពិតមិនលម្អៀង ដោយគ្មានគាំទ្រភាគីណាមួយ ឬក៏បន្ថែមប្រេងលើភ្លើងទេ និងក៏មិនឆ្លៀតកេងចំណេញពីស្ថានការណ៍នេះដែរ»។
រដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី បានការពារជំហរប្រទេសលោកអំពីសង្គ្រាមនៅអ៊ុយក្រែន និងអោយសញ្ញាថានឹងពង្រឹងទំនាក់ទំនងជាមួយរុស្ស៊ីថែម ។ក្នុងរូប លោកវ៉ាង ថតជាមួយសមភាគីរុស្ស៊ី ក្នុងជំនួបទ្វេភាគីមួយនៅក្រៅកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ីបូព៌ាលើកទី១២នៅក្រុងភ្នំពេញកាលពីថ្ងៃ៥សីហា ២០២២
ទោះជាចិននិងរុស្ស៊ីស្ថិតក្រោមសម្ពាធពីលោកខាងលិចដូចគ្នា តែអនាគតរបស់ចិននៅពាក់ព័ន្ធនឹងទីផ្សារព្រមទាំងបច្ចេកវិទ្យាអាម៉េរិកនិងអឺរ៉ុប ។ប្រធានាធិបតី ស៊ី ជីនភីង ជំរុញអោយឧស្សាហកម្មចិនកាន់តែពឹងលើខ្លួនឯងច្រើនឡើង តែលោកវ៉ាងបានទទួលស្គាល់ថា បទពិសោធន៍បានបង្ហាញថា«ចិននិងអាម៉េរិកមិនអាចផ្តាច់ចេញពីគ្នាបាន ឬបញ្ចប់ខ្សែសង្វាក់ផ្គត់ផ្គង់»បានទេ។
លោកថាចិននឹងខិតខំនាំទំនាក់ទំនងជាមួយអាម៉េរិកវិលមករកផ្លូវត្រឹមត្រូវវិញ ហើយថាទំនាក់ទំនងបានធ្លាក់ចុះកន្លងមកដោយសារតែអាម៉េរិកចាត់ទុកចិនជាគូប្រជែងចម្បងរបស់ខ្លួន និងចូលរួមក្នុងផែនការបិទខ្ទប់ គាបសង្កត់និងបង្ករឿងប្រឆាំងចិនយ៉ាងច្បាស់ក្រឡែត៕