ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
អាភៀន
នាមសព្ទ
ដំណាំមួយប្រភេទ ដើមតូចៗកម្ពស់ប្រហែលនឹងដើមថ្នាំជក់ឬប្រហែលនឹងដើមស្ពៃដែលចេញផ្កាហើយ, ផ្លែមានជ័រ គេយកជ័រនោះមកកូរឲ្យខាប់សម្រាប់ប្រើការជក់បឺតលេបផ្សែង ( នាំឲ្យញៀនជាប់ ) ឬប្រើការផ្សំថ្នាំកែរោគក៏បាន
នៅលើខ្នងភ្នំក្នុងប្រទេសលាវ គេដាំអាភៀនខ្លះដោយអន្លើៗ ។
អុជ
(អុច)
កិរិយាសព្ទ
( បា. ឧជ្ជល; សំ. ឧជ្វល ” ឆេះទ្រលោម; ភ្លឺរុងរឿង, ភ្លឺសន្ធោ, ភ្លឺសន្ធោសន្ធៅ “, ខ្មែរលុបជើង ជ ឬ ជើង វ និងតួ ល ទុកត្រឹមតែ ឧជ ប្រើជា អុជ ) ដុតឲ្យឆេះមានអណ្ដាតភ្លើងឡើង
អុជចង្កៀង ( ធ្លាប់សរសេរជា អុច មកយូរហើយ ប្រើតាមទម្លាប់នោះក៏បាន ) ។
ទោះបី ដុតមិនមានអណ្ដាតភ្លើងក៏ហៅ អុជ បានខ្លះដែរ
អុជបីប៉ុយ ឬ អុជបីរណ្ដៅ ដាក់ប៉ុយទន្សែជាដើមលើស្បែក ( មនុស្ស ) បីអន្លើ, ត្រង់កន្លែងដែលត្រូវដាក់ហើយដុតឲ្យឆេះប៉ុយទាំងបីនោះ ដើម្បីឲ្យជារោគសរសៃ ( តាមទម្លាប់ខ្មែរខ្លះដែលធ្លាប់ប្រើ ) ។ អុជជ័រ ដុតរណ្ដៅជ័រ… ដើម្បីឲ្យចេញជ័រថ្លា ។
ព. ប្រ. ញុះឬញុះញង់ឲ្យក្ដៅចិត្ត
អុជឲ្យឈ្លោះគ្នា ( និយាយថា ដុត ក៏បាន ) ។ នាំអុជនាំអាល នាំបណ្ដាលឬនាំញុះញង់ឲ្យក្ដៅចិត្ត ( ម. ព. អុជអាល ផង ) ។
អុជៗ
(អុចៗ)
គុណសព្ទ
( ព. ប្រ. ) ដែលមានសម្បុរឬសណ្ឋានរទុះៗច្រើនអន្លើ ( ដូចជាស្នាមអុជ )
ខ្មៅអុជៗ ( ធ្លាប់សរសេរជា អុចៗ មកយូរហើយ ប្រើតាមទម្លាប់នោះក៏បាន ។ ម. ព. អុជ ផង ) ។
ឥណ្ឌូស៊ីន
នាមសព្ទ
( បារ. អ័ងដូស្ហ៊ីន៉ឺៈ Indochine ) ឈ្មោះភូមិប្រទេសមួយប៉ែកធំក្នុងទ្វីបអាស៊ី នៅត្រង់ចន្លោះប្រទេសឥណ្ឌានិងប្រទេសចិន
ប្រទេសឥណ្ឌូស៊ីន, សម័យពីមុន មាន ៨ អន្លើគឺ ប្រទេសភូមា, ម៉ាលក្កា, សៀម, ខ្មែរ, កូស័ងស៊ីន, អណ្ណាម, តុងក័ង, លាវ ។
បើតាមកំណើតពាក្យនេះគួរប្រើជា ឥណ្ឌូចិន, ប៉ុន្តែខ្មែរធ្លាប់ប្រើជា ឥណ្ឌូស៊ីន ថ្នឹកមកយូរហើយ ។ សម័យតមក កូស័ងស៊ីនប្រែឈ្មោះជា វៀតណាមខាងត្បូង, អណ្ណាមជា វៀតណាមកណ្ដាល, តុងក័ង ជាវៀតណាមខាងជើង។ ក្នុងសម័យបុរាណព្រេងនាយ ហៅប្រទេសឥណ្ឌូស៊ីននេះ, ត្រង់ប៉ែកខាងលិចនិងប៉ែកកណ្ដាល, ថា សុវណ្ណភូមិ “ផែនដីមាស, ប្រទេសមាស” ឬ “ជ្រោយមាស”
ក្នុងសតវត្សរ៍ទី ៣ នៃពុទ្ធសករាជ, ព្រះអរហន្តពីរអង្គគឺសោណត្ថេរ និង ឧត្តរត្ថេរ បានមកប្រកាសពុទ្ធសាសនានៅសុវណ្ណភូមិ តាមព្រះរាជនិមន្តនៃព្រះបាទធម្មាសោក និងថេរបញ្ជានៃព្រះមហាមោគ្គល្លីបុត្តតិស្សត្ថេរ (មានសេចក្ដីពិស្ដារនៅក្នុង ពុទ្ធសាសនប្បវត្តិ ) ។
ឱទក
(–ទៈកៈ)
គុណសព្ទ
( បា. ឬ សំ. ) ដែលរស់នៅក្នុងទឹក : ត្រកួន, កញ្ឆែត. . . ជាដំណាំឱទក ។ ព. កា. រំលឹកឲ្យឧស្សាហ៍ដាំដំណាំឱទក : ដំណាំឱទក ប្រើធ្វើអន្លក់ បន្លែក៏បាន មានស្រះត្រពាំង ខែប្រាំងគង់មាន- ទឹកដក់នៅបាន- យូរត្រូវដាំទៅ ។ កុំខ្ជិលច្រអូស ខ្វះដើរងងូស សុំគេអ្នកក្រៅ សុំគេ ញយពេក អ្នកមានមាត់ឆៅ គេស្ដីប្រដៅ គួរខ្មាសគេណាស់ ។ ដំណាំឱទក ដាំច្រើនអាចលក់ ព្រោះកើតរហ័ស ពុំយូរប៉ុន្មាន បានប្រាក់ច្បាស់ៗ បានជាចាស់ៗ ហៅទ្រព្យផ្គាប់ឆ្នាំង ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. –ទៈកៈ, ដូចជា ឱទកជាតិ ជាតិដំណាំជាដើម ដែលរស់នៅក្នុងទឹក ។ ឱទកនិវាប បន្លែទឹក ។ ឱទកសញ្ជាតិ ជាតិអ្វីៗដែលកើតឯងក្នុងទឹក ។ ឱទកសត្ត ឬ ឱទកសត្វ សត្វដែលកើតក្នុងទឹកហើយរស់នៅក្នុងទឹក ។ ល ។