ឆ្នាំជូត
រាសីស្រុតចុះ។ក្នុងថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ម្ល៉ោះហើយទោះលោកអ្នកធ្វើអ្វីមិនសូវឆ្លើយតបដូចសេចក្តីប្រាថ្នានោះឡើយ។បើមានអ្វីមួយគ្រោងទុក ឬ បម្រុងចរចាកុំសង្ឃឹមពេក ពីព្រោះបើខកបំណងនាំខូចចិត្ត។ការប្រកបការងារពុំអាចយកចិត្តឆេវឆាវដាក់មុខបានទេប្រយ័ត្នកើតរឿងរាវធំដោយប្រការណាមួយ។បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយការរកផលកម្រៃជួបការលំបាកហើយពិសេសការជួញជិតឱ្យប្រយ័ត្នជម្លោះវិវាទថែមទៀត។
រីឯបញ្ហាប្រុសស្រីដែលមិនទាន់មានគូគាប់កុំឃើញភ្លាមស្រឡាញ់ភ្លែតប្រយ័ត្នជួបរឿងកម្មក្រាសនៅពេលក្រោយ៕
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។ថ្ងៃនេះលោកអ្នកបើចង់ចរចាឬយករឿងសំខាន់អ្វីមួយមកសម្រេចចិត្តជាពេលវេលាល្អប្រពៃគួរសមពីព្រោះថាអាចទទួលផលគ្រាន់គាប់ប្រសើរដែរ។ការប្រកបការងារអ្វីតែងផ្តល់ផលល្អ និង ហុចជាផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្ត។អ្នកប្រកបរបររកស៊ីជួញដូរបើចង់បោះទុនតូចធំមិនទាស់ខុសអ្វីឡើយពីព្រោះផលល្អៗនឹងហុចមកវិញជានិច្ច។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខនិងស្រស់ស្រាយប្រពៃ៕
ឆ្នាំខាល
រាសីល្អជាមធ្យម។នៅថ្ងៃនេះដោយសារភាពឧបទ្រពនៅតាមជាប់នៅឡើយ ម្ល៉ោះហើយលោកអ្នកឱ្យប្រយ័ត្នការមានទំនាស់ជាមួយក្រុមមនុស្សនៅក្បែរខ្លួន និង សមាជិកក្រុមគ្រួសារដោយប្រការណាមួយ។ក្រៅពីនេះបើលោកអ្នកមានប្រកបការងារអ្វីច្រើនមានការរាំងស្ទះ ហើយក្រុមមនុស្សបៀតបៀនយាយីច្រើន។អ្នកប្រកបរបររកស៊ីជួញដូរវិញមិនត្រូវយកភាពច្រណែនឈ្នានីសដាក់ចំពោះមុខឬបង្ករឿងថ្នាំងថ្នាក់ចំពោះអ្នកដទៃប្រយ័ត្នកើតឧបទ្រពចង្រៃការលក់ដូរកាន់តែមិនដាច់ថែម។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំងនិងប្រទាំងប្រទើសគ្នាច្រើន៕
ឆ្នាំថោះ
រាសីល្អជាមធ្យម។ការរស់នៅផ្ទះសម្បែងត្រូវប្រកាន់ចិត្តត្រជាក់ ហើយដាច់ខាតមិនត្រូវយកដៃប៉ះដៃ យកជើងប៉ះជើងពីព្រោះងាយកើតរឿងរាវពីតូចទៅធំណាស់។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកទទួលរងសម្ពាធច្រើនបន្តិច ហើយកិច្ចការងារមួយចំនួនស្រាយមិនចេញទៀតផង។លោកអ្នកទាល់តែខិតខំខ្លាំងទើបសម្រចជោគជ័យការងារមួយចំនួនទៅរួច។អ្នកអាជីវករថ្ងៃនេះទោះមានការជួញទីជិតឆ្ងាយតែងអាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងត្រជាក់ចិត្ត។
រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើចង់ជ្រើសរើសគូស្រករពុំសូវល្អទេព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។ការរស់នៅដំណើរជីវិតមានភាពរលូនល្អ និងបើមានការជជែកពិភាក្សាតែងឆាប់ចុះសម្រុងណាស់។ដោយឡែកការជជជែកកិច្ចការងារអ្វីក៏ដោយងាយឆាប់ចប់ និង ទទួលបានផលលឿនទៀតផង។ក្រៅពីនេះលោកអ្នកអាចទទួលដំណឹងល្អអ្វីមួយឱ្យសប្បាយចិត្តថែមទៀត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញបើចង់បោះទុនតូចធំឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ បើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខជាក់ជាពុំខាន។
សម្ព័ន្ធស្នេហាកំលោះក្រមុំមិនសូវមានការលូតលាស់ទៅមុខទេ ហើយពិសេសងាយកើតជម្លោះវិវាទដោយសារម្នាក់ៗចង់ចាញ់ឈ្នះគ្នារៀងៗខ្លួន៕
ឆ្នាំម្សាញ់
រាសីស្រុតចុះ។ការរស់នៅ លោក អ្នក មិនត្រូវមានចិត្តប្រកែប្រកាន់ច្រើនឡើយ ពីព្រោះងាយកើតបញ្ហារត់ចូលណាស់។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីត្រូវចេះគ្រប់គ្រងខ្លួនឯងឱ្យបានល្អពីព្រោះថាងាយជួបនូវរឿងរាវយាយីជាងសព្វមួយដង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការប្រជែងគ្នាច្រើន និង ពិសេសមានការប្រទាំងប្រទើសជាមួយអ្នកមានមុខរបរដូចគ្នាផងគួរមានការបើកចិត្តឱ្យទូលាយបន្តិចទើបគ្មានរឿងរ៉ាវចម្រូងចម្រាសកើតមានឡើង។
រីឯបញ្ហាស្នេហាប្រុសស្រីមានការរកាំចិត្តព្រោះតែម្នាក់ៗចង់ចាញ់ឈ្នះគ្នាដោយមិនសូវចេះអត់ឱនឱ្យគ្នាឡើយ៕
ឆ្នាំមមី
រាសីស្រុតចុះ។ថ្ងៃនេះបើមានការធ្វើដំណើរឆ្ងាយជិតគប្បីមានការប្រយ័ត្នប្រយែងពីព្រោះថាងាយកើតបញ្ហា និង ពិសេសក្រុមមនុស្សងាយបង្កជារឿងរាវជាងសព្វមួយដង។ការប្រកបការងារបើទោះបីធ្វើអ្វីតែងកើតនូវបញ្ហារាំងស្ទះ ហេតុនេះត្រូវអត់ធ្មត់ទើបរឿងរាវទាំងនេះមិនអាចចូលយាយីកើត។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកជួបរឿងខ្វាយខ្វល់ព្រោះតែការធ្វើជំនួញទីជិតឆ្ងាយមិនសមដូចប្រកបទេព្រោះតែងអង្គុយស្ងាបច្រើនជាង។
រីឯបញ្ហាស្នេហាប្រុសស្រីមានការប្រែប្រូលប្តូរផ្លាស់ព្រោះជួនផ្អែមល្ហែម ជួនពាក់មុខខ្លាដាក់គ្នា៕
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។ទាំងស្ត្រីបុរសបើលោកអ្នកមានបញ្ហាជាមួយអ្នកដទៃ ហើយចង់សម្រុះសម្រួលឬចង់អង្វរករក្នុងរឿងអ្វីមួយឱ្យគេអនុគ្រោះ នោះបញ្ហាខ្លះអាចសម្រេចជោគជ័យដូចគាប់បំណង។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកចុះប្រកបការងារឬប្រកបកិច្ចការងារសំខាន់អ្វីមួយ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញបើលោកអ្នកចង់បើកហាងថ្មីឬចេញប្រកបជំនួញអ្វីមួយជាឱកាសល្អប្រពៃបំផុត។
សម្ព័ន្ធស្នេហាប្រុសស្រីមានការចេះអត់ឱននិងផ្អែមល្ហែមចំពោះគ្នាប្រពៃ៕
ឆ្នាំវក
រាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានការរីកលូតលាស់ទៅមុខសន្សឹមៗប៉ុន្តែយ៉ាងណាបញ្ហារកាំផ្លូវចិត្តក៏មានច្រើនផងដែរ។ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេគឺដូចសព្វមួយដង។សម្រាប់បើជាអ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវបោះទុនអ្វីមួយដោយតក់ក្រហល់ឡើយប្រយ័ត្នជួបរឿងស៊យអស់ប្រាក់កាសពីខ្លួនត្រូវមកដេកសោកស្តាយ។
រីឯបញ្ហាស្នេហាកំលោះក្រមុំបើចង់ធ្វើការជ្រើសរើសគូស្រករពុំសូវល្អទេឱ្យប្រយ័ត្នជួបគូកម្មច្រើនជាងគូព្រេង៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះមានជោគសិរី ហើយទោះធ្វើអ្វីក៏តែងផ្តល់ជាផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្ត។ការប្រកបការងារមានភាពរលូនពេលព្រឹកតែថ្ងៃបន្តិចចូរប្រយ័ត្នបញ្ហាចូលមកយាយី។អ្នកប្រកបរបររកស៊ីជួញដូរបើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃមិនគាប់ប្រសើរទេ ប៉ុន្តែបើចង់បោះទុនតូចធំសម្រាប់ខ្លួនឯងវិញឃើញថាគាប់ប្រសើរជាង។
សម្ព័ន្ធស្នេហាប្រុសស្រីបើពុំទាន់មានគូគាប់ជាឱកាសល្អក្នុងការស្វែងរកបំផុត៕
ឆ្នាំច
រាសីល្អជាមធ្យម។ការរស់នៅបើមានបញ្ហាអ្វីសំខាន់លោកអ្នកអាចពិភាក្សាជាមួយបងប្អូនទុកចិត្តបានថ្ងៃនេះពីព្រោះថាការសម្រេចចិត្តដោយពុំមានអ្នកពិភាក្សាពេលខ្លះលោកអ្នកអាចធ្លាក់ទឹកដោយប្រការណាមួយផង។ការប្រកបការងារអ្វីក៏ដោយលោកអ្នកតែងជួបបញ្ហាបន្តិចបន្តួចចូលយាយីនាំជួបការលំបាក។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរ វិញលោកអ្នកជួបរឿងខ្វាយខ្វល់ច្រើនព្រោះតែការធ្វើជំនួញទីជិតឆ្ងាយមិនសមដូចប្រកបទេតែងមានរឿងរកាំចិត្តច្រើន។
បញ្ហាស្នេហាប្រុសស្រីមានការរកាំចិត្តនិងពាក់មុខយក្សដាក់គ្នាមិនតិចដែរទេ៕
ឆ្នាំកុរ
រាសីស្រុតចុះ។ក្នុងថ្ងៃនេះដោយសារដួងរាសីធ្លាក់ស្រុតចុះ ដូចនេះបើចង់ធ្វើអ្វីមួយក៏ដោយតោងតែប្រយ័ត្នប្រយែងបន្តិចទើបបញ្ហាអាក្រក់មិនអាចឈានជើងចូលរួច។ការប្រកបការងារគឺមិនសូវចុះសម្រុងជាមួយក្រុមការងារនិងងាយកើតរឿងរាវថែមទៀត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរដោយសារថ្ងៃនេះយីអ៊ុនកំពុងដាក់ស្រាប់ ម្ល៉ោះហើយធ្វើឱ្យមានក្រុមមនុស្សតាមឈ្នានីស និង ព្យាបាទយាយីច្រើន ដូច្នេះត្រូវរក្សាភាពស្ងប់ស្ងាត់ទើបចៀសផុតជម្លោះវិវាទទាំងពួងទៅរួច។
សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការគិតផ្លូវអាក្រក់ ចំពោះគ្នាច្រើនធ្វើឱ្យរកាំរកូសឥតសូវសប្បាយចិត្តសប្បាយកាយនោះឡើយ៕