ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ការប្រកួតកីឡាប៉េតង់ពានរង្វាន់គរុគុណ ឆ្នាំ២០២២ លើកទី២ និងខួបអនុស្សាវរីយ៍លើកទី៣០ ថ្ងៃបង្កើតសហព័ន្ធកីឡាប៊ូល និងប៉េតង់ (១៩៩២ – ២០២២) បានបញ្ចប់ហើយ នាល្ងាចថ្ងៃទី២៥ ធ្នូ ល្ងាចមិញនេះ។

ការប្រកួតកីឡាប៊ូល និងប៉េតង់ ពានរង្វាន់គរុគុណលើកទី២ ឆ្នាំ២០២២ នេះ មានការចូល រួមចំនួន ៦៣ ក្លិប មកពី ១១ ស្ថាប័ន ក្នុងនោះមានគណៈប្រតិភូកីឡា ១០០ នាក់ និងអត្តពលិក ៣៥០ នាក់ ជាចំនួនមួយមិនធ្លាប់ចូលរួមពីមុនមក លើ ៨ វិញ្ញាសា រួមមាន បុរសអាយុ១៨ឆ្នាំឡើង ៣នាក់ ទល់ ៣នាក់ នារីអាយុ១៨ឆ្នាំឡើង ៣នាក់ ទល់ ៣នាក់ បុរសវ័យចាស់អាយុ ៥៥ ឆ្នាំឡើង ៣នាក់ ទល់ ៣នាក់ បុរសអាយុ១៨ឆ្នាំឡើង ២នាក់ ទល់ ២នាក់ នារីអាយុ១៨ឆ្នាំឡើង ២នាក់ ទល់ ២នាក់ យុវជនអាយុក្រោម១៨ឆ្នាំ ១នាក់ ទល់ ១នាក់ យុវនារីអាយុក្រោម១៨ឆ្នាំ ១នាក់ ទល់ ១នាក់ និងពានសមាគម។

លោក ស សុខា ប្រធានកិត្តិយសសហព័ន្ធ បានមានប្រសាសន៍ថាៈ ពានរង្វាន់គរុគុណនេះដោយទទួលបានការឧបត្ថម្ភ ពីសំណាក់ក្រុមគ្រួសារសម្ដេចទាំងទ្វេ គឺសម្ដេចក្រឡាហោម ស ខេង និងសម្ដេចវិបុលបញ្ញា សុខ អាន និងក្រុមការងារ បានសម្របសម្រួលរៀបចំប្រព្រឹត្ត ទៅដោយរលូន បញ្ចប់ដោយជោគជ័យ តាមការគ្រោងទុក និងលទ្ធផល គួរជាទីមោទនៈ។

មកដល់ម៉ោងនេះ គ្មានសហព័ន្ធកីឡាណាទទួលបានមេដាយមាស ច្រើនជាងសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាទេ ។ ជាក់ស្ដែងកីឡាការិនី កែវ ឡេង ដែលទទួលបានមេដាយមាស ពិភពលោក រហូតទៅដល់ ៤ជំនាន់ជាប់ៗគ្នា។

លោក ស សុខា បានលើកឡើងថាៈ ចំពោះរូបលោកផ្ទាល់ និងគណៈកម្មការរៀបចំការប្រ កួត ព្រមទាំងក្រុមការងារ បានត្រឹមតែត្រួសត្រាយផ្លូវ ជូនកីឡាករ កីឡាការិនីប៉ុណ្ណោះការប្រកួតឈ្នះ ឬចាញ់ គឺអាស្រ័យទៅលើការខិតខំប្រឹងប្រែង របស់កីឡាករ-កីឡាការិនីទាំងអស់គ្នា។ ដូច្នេះកីឡាករ-កីឡាការិនីខ្លួនឯង ត្រូវខិតខំហ្វឹកហាត់ ស្រង់យកបទពិសោធន៍ ពីកីឡាករ-កីឡាការិនី រៀមច្បងនិងមិនត្រូវមើលងាយ ដៃគូរបស់ខ្លួនជាដាច់ខាត ព្រោះវានាំឲ្យយើងបរាជ័យ។

ចាប់តាំងពីឆ្នាំ១៩៩២ មកដល់បច្ចុប្បន្ននេះ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា មានអាយុកាល ៣០ឆ្នាំហើយ ពោលគឺ គម្រប់ខួប ៣០ឆ្នាំ ក្រោមការដឹកនាំរបស់សម្ដេចទាំងពីរ គឺសម្តេចក្រឡាហោម ស ខេង ជាប្រធានកិត្តិយស និងសម្តេចវិបុលបញ្ញា សុខ អាន ជាប្រធាន បាននាំមកនូវកិត្យានុភាព និងមោទកភាព ជូនដល់ព្រះរាជាណាចក្រកម្ពុជា ជាមហាអំណាចលើកីឡាប៊ូល និងប៉េតង់ នៅថ្នាក់តំបន់ ទ្វីប និងពិភពលោក។

លោក ស សុខា បានសម្តែងនូវក្តីសង្ឃឹម យ៉ាងមុតមាំថាៈ ក្រោយពីការខិតខំប្រឹងប្រែង រៀបចំការប្រកួត រៀងរាល់ឆ្នាំ កីឡាប៊ូល និងប៉េតង់របស់យើង ដែលបានចូលរួមប្រកួត លើឆាកជាតិ និងអន្តរជាតិ សង្ឃឹមថា កីឡាមួយនេះ នឹងដាក់បញ្ចូលជាកីឡាអូឡាំពិក ក្នុងពេលខាងមុខ ដោយសារកន្លងមកនេះ កីឡាប៊ូល និងប៉េតង់នៅមិនទាន់បានដាក់បញ្ចូល ជាប្រភេទកីឡាអូឡាំពិក នៅឡើយទេ៕/V/R