ដោយៈ សុក្ខារិន / ពោធិសាត់: នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ រួមដំណើរដោយអស់លោក លោកស្រី ជាអភិបាលខេត្តរង និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាក្នុងខេត្ត បានចុះពិនិត្យមើលការងារបង្ករបង្កើនផលរបស់ប្រជាកសិករ នៅភូមិរបោះរាំងឃុំអូរតាប៉ោង និងភូមិកោះខ្ជាយ ឃុំរំលេច ស្រុកបាកាន ។

លោក ខូយ រីដា បានមានប្រសាសន៍ថាៈ ការចុះមកនេះ ដើម្បីចង់ដឹងសុខទុក្ខ និងស្ថានភាពជីវភាពរស់នៅរបស់បងប្អូននៅទីនេះ ពិសេសចង់ដឹងថា តើពូជស្រូវដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ដល់ជូនបងប្អូន យកមកធ្វើការដាំដុះស្ដារឡើងវិញ បន្ទាប់ពីគ្រោះទឹកជំនន់បំផ្លាញខ្ទេចខ្ទីរនោះ ដំណើរការបានដល់កម្រិតណាហើយ? ជោគជ័យឬក៍បរាជ័យ? ហើយបងប្អូនមានបញ្ហាប្រឈម និងតម្រូវការអ្វីខ្លះ ដែលត្រូវឲ្យលោក ជាអភិបាលខេត្ត ជួយដោះស្រាយ។

អភិបាលខេត្តពោធិសាត់ បានសម្ដែងការសប្បាយរីករាយ ជាមួយបងប្អូនប្រជាកសិករ ដែលឃើញស្រែស្រូវរបស់បងប្អូន មានពណ៌បៃតងស្រងាត់គ្រប់ទីកន្លែង ពិសេសឃើញការឧស្សាហ៍ព្យាយាមរបស់បងប្អូន គ្មានពេលទំនេរ ក្នុងការបង្កបង្កើនផលនេះ ។

លោក ខូយ រីដា បានជំរុញបន្ថែមទៀត ឲ្យបងប្អូនប្រជាកសិករ ឃុំអូរតាប៉ោង និងឃុំរំលេច ខិតខំបង្កបង្កើនផលស្រូវ ឲ្យអស់លទ្ធភាព ស្របតាមគោលបំណងរបស់សម្ដេចតេជោ ដែលបានផ្ដល់ពូជស្រូវជូន។

ដោយឡែក ការប្រើជី និងប្រើថ្នាំ ក្នុងការដាំដុះដំណាំស្រូវ និងបន្លែផ្សេងៗ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះវាអាចបង្កឲ្យមានគ្រោះថ្នាក់ ដល់អាយុជីវិត ជាយថាហេតុ បើយើងប្រើប្រាស់ខុសបច្ចេកទេស ហើយ ការធ្វើស្រែប្រាំងនេះ អ្វីដែលបារម្ភបំផុតនោះ គឺខ្វះទឹក ប៉ុន្តែសម្ដេចផ្ដល់ទាំងពូជស្រូវ ធ្វើទាំងប្រឡាយនាំទឹក មកចែកជូនដល់ស្រែទៀតផង ដូច្នេះគ្មានអ្វីព្រួយបារម្ភនោះទេ គិតតែនាំគ្នាធ្វើឲ្យអស់លទ្ធភាពទៅ ធ្វើយ៉ាងណាឲ្យមានស្រូវពេញជង្រុក ដើម្បីទុកហូបនិងលក់ដោះស្រាយជីវភាពគ្រួសារ ឲ្យបានធូរធារ។

លោក ខូយ រីដា បានផ្ដាំផ្ញើដល់បងប្អូនប្រជាកសិករទាំងអស់ ពេលបូមទឹកបញ្ចូលស្រែ សូមកុំបូមឲ្យអស់ពីប្រឡាយ ដើម្បីទុកឲ្យត្រី ក្ដាម ខ្យង និងជីវៈចម្រុះផ្សេងៗទៀត នៅមានជីវិត ជាតម្រូវការម្ហូបអាហាររបស់យើងគ្រប់ៗគ្នា។ ជាមួយគ្នានេះ ត្រូវបញ្ជូនកូនចៅទៅរៀន និងអប់រំទូន្មានប្រៀនប្រដៅពួកគេ ឲ្យបានល្អ ចៀសវាងដើរផ្លូវខុស នាំឲ្យខូចអនាគត បង្កការលំបាកដល់ក្រុមគ្រួសារ និងសង្គមជាតិ។

វត្តមានរបស់លោកអភិបាលខេត្ត បានធ្វើឲ្យប្រជាកសិករ មានភាពកក់ក្ដៅ សើចក្អាកក្អាយសប្បាយរីករាយជាទីបំផុត ដោយបានឃើញថ្នាក់ដឹកនាំ ចុះមកដល់វាលស្រែបែបនេះ។

ជាមួយគ្នានេះ បងប្អូនប្រជាកសិករ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់ពូជស្រូវដល់ពួកគាត់ សម្រាប់ស្ដារឡើងវិញនូវការខូចខាត ដោយគ្រោះទឹកជំនន់កន្លងមក និងបានប្ដេជ្ញាបន្តគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ជារៀងរហូត ។

បើយោងតាមការពិនិត្យជាក់ស្ដែង បរិមាណនៃការប្រមូលផលស្រូវ របស់បងប្អូនប្រជាកសិករឆ្នាំនេះ មានការកើនឡើង ជាងបណ្ដាឆ្នាំមុនៗ ដោយសារឆ្នាំនេះ របបទឹកភ្លៀងគ្រប់គ្រាន់ស្ទើរគ្រប់ទីកន្លែង ទោះបីតំបន់ខ្លះ មានការប៉ះពាល់លិចលង់ ដោយជំនន់ទឹកភ្លៀងក្ដី តែស្រូវស្រែរបស់បងប្អូន គឺពុំមានផលប៉ះពាល់ច្រើននោះទេ៕/V/R