ដោយៈ ចាន់តូ / ភ្នំពេញៈ ក្មេងទំនើងពីរក្រុមបើកម៉ូតូដេញកាប់គ្នា ជ្រុលបុករថយន្តពីក្រោយបណ្ដាលឱ្យដួលរងរបួស ពីរនាក់ និងជ្រុះកាំបិតបុ័ងតោ នៅកន្លែងកើតហេតុ កាលវេលាម៉ោង ៩យប់ថ្ងៃអាទិត្យ ទី២៥ ខែធ្នូ ឆ្នាំ២០២២ តាមបណ្ដោយផ្លូវឧកញ៉ា ឌួង ងៀប កែងនឹងផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពអ្នកដែលឃើញហេតុការណ៍ បានប្រាប់ឲ្យដឹងថាៈ ដំបូងឡើយ គេឃើញក្មេងទំនើង ពីរក្រុមបានវ៉ៃកាប់ចាក់គ្នា នៅជិតអាគារ ៦ ជាន់ តាមបណ្ដោយផ្លូវវេងស្រេង បានដេញគ្នាប្រសេចប្រសាច តាមបណ្ដោយផ្លូវវេងស្រេង ខណៈមកដល់ចំណុចកើតហេតុខាងលើយុវជន ពីរនាក់ ដែលជិះម៉ូតូហុងដា ឌ្រីម C125 ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1IV.1290 ក៏ជ្រុលទៅបុកនឹងរថយន្តម៉ាក TOYOTA HILUX REVO ស៊េរីឆ្នាំ២០២១ ពណ៌ស ពាក់ស្លាកលេខ កម្ពុជា kIML Y.36 ដែលចតមួយភ្លែត ដើម្បីដកលុយនៅទូ ATM បណ្ដាលឱ្យដួលរងរបួស ពីរនាក់ រថយន្តកំពិត និងបែកស្តុបខាងឆ្វេង។ ភ្លាមៗ គេឃើញក្រុមដែល ដេញកាប់គេហ្នឹង បានបើកហួសទៅតាមបណ្ដោយផ្លូវ ឌួង ងៀប ពីទិសខាងត្បូង ទៅខាងជើង គេចខ្លួនបាត់ស្រមោល។ ភ្លាមៗ គេក៏បានឃើញមានជ្រុះកាំបិតប៉័ងតោ នៅកន្លែងកើតហេតុ។

ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ ហើយក៏ឲ្យភាគីខាងម៉ូតូ និងរថយន្តចរចាគ្នា ខាងម៉ូតូ ព្រមសងចំនួន ២០០ ដុល្លារសហរដ្ឋអាមេរិក ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕/V/R