ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អតីតមេដឹកនាំក្រុមឧទ្ទាមកុម្មុយនីស្តបានក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់នេប៉ាល់កាលពីថ្ងៃអាទិត្យទី២៥ធ្នូដោយមានការគាំទ្រពីអតីតគូប្រជែងរបស់គាត់និងគណបក្សនយោបាយតូចៗផ្សេងទៀត។
ការប្រកាសនេះត្រូវបានធ្វើឡើងដោយការិយាល័យរបស់លោកស្រីប្រធានាធិបតី ប៊ីដយ៉ា ទេវី បានដារី (Bidhya Devi Bhandari)បន្ទាប់ពីមេដឹកនាំបក្សកុម្មុយនីស្តម៉ៅនិយម លោក ពូសប៉ា កាម៉ាល់ ដាហាល់ (Pushpa Kamal Dahal)បានជួបលោកស្រីដើម្បីទទួលយកតំណែងនាយករដ្ឋមន្ត្រីបន្ទាប់ពីការបោះឆ្នោតកាលពីខែមុននៅក្នុងរបត់ផ្លាស់ប្តូរដ៏សំខាន់នៅក្នុងនយោបាយនៅក្នុងប្រទេសតំបន់ភ្នំហេមពាន្តមួយនេះ។
លោកដាហាល់មានការគាំទ្រពីសមាជិកជាងពាក់កណ្តាលនៃសមាជិកសភាដែលទើបជាប់ឆ្នោតថ្មីនៅសភាជាន់ទាប។
លោកទំនងជានឹងស្បថចូលកាន់តំណែងនៅថ្ងៃចន្ទនេះ ហើយបង្ហាញពីសំឡេងភាគច្រើនរបស់គាត់នៅក្នុងសភាដែលមានសមាជិក ២៧៥ រូបក្នុងពេលក្រោយទៀតក្នុងសប្តាហ៍នេះ។
គណបក្សចំនួនប្រាំពីរបានសន្យាគាំទ្រលោកដាហាល់ រួមទាំងបក្សកុម្មុយនីស្តនេប៉ាល់ ដែលប្រែពីមិត្តទៅជាសត្រូវរបស់គាត់ (បក្ស United Marxist-Leninist) ដែលដឹកនាំដោយលោក ខាដហ្គា ប្រាសាដ អូលី (Khadga Prasad Oli)។
លោកដាហាល់និងលោកអូលីបានចាប់ដៃគូក្នុងការបោះឆ្នោតសភាចុងក្រោយក្នុងឆ្នាំ ២០១៧ ប៉ុន្តែនៅពាក់កណ្តាលអាណត្តិប្រាំឆ្នាំពួកគេបានចាប់ផ្តើមជជែកដេញដោលគ្នាថាតើអ្នកណានឹងបន្តធ្វើជានាយករដ្ឋមន្ត្រី។ ពីដំបូងមានការព្រមព្រៀងគ្នាថាពួកគេនឹងចែកអាណត្តិគ្នា ប៉ុន្តែលោកអូលីទំនងជាបានបដិសេធ ដោយធ្វើឱ្យលោកដាហាល់ខឹងសម្បាជាខ្លាំង។
លោកដាហាល់បានបោះបង់ចោលភាពជាដៃគូនេះ ហើយបានចាប់ដៃគូជាមួយលោក សឺ បាហាឌួ ឌូបា (Sher Bahadur Deuba) និងគណបក្សសមាជនេប៉ាល់របស់គាត់ដើម្បីក្លាយជាផ្នែកមួយនៃរដ្ឋាភិបាលចម្រុះថ្មី ដែលដឹកនាំដោយលោកឌូបា។
បន្ទាប់ពីការបោះឆ្នោតថ្ងៃទី ២០ ខែវិច្ឆិកា លោកឌូបានិងលោកដាហាល់បានបែកបាក់គ្នា បន្ទាប់ពីមិនយល់ស្របថាតើអ្នកណានឹងក្លាយជានាយករដ្ឋមន្ត្រី។
លោកដាហាល់ ដែលគេស្គាល់ថា Prachanda ឬ “បុរសកាច” បានដឹកនាំការបះបោរកុម្មុយនីស្តម៉ៅនិយមដ៏ឃោរឃៅពីឆ្នាំ១៩៩៦ ដល់ឆ្នាំ ២០០៦។ មនុស្សជាង ១៧.០០០ នាក់ត្រូវបានសម្លាប់ ហើយស្ថានភាពរបស់មនុស្សជាច្រើនទៀតនៅមិនទាន់ដឹង។
ពួកម៉ៅនិយមបានបោះបង់ចោលការបះបោរប្រដាប់អាវុធរបស់ពួកគេ ចូលរួមក្នុងដំណើរការសន្តិភាពដែលជួយសម្របសម្រួលដោយអង្គការសហប្រជាជាតិក្នុងឆ្នាំ ២០០៦ ហើយបានចូលប្រឡូកក្នុងឆាកនយោបាយ។ គណបក្សរបស់លោកដាហាល់ទទួលបានអាសនៈសភាច្រើនជាងគេក្នុងឆ្នាំ ២០០៨ ហើយគាត់បានក្លាយជានាយករដ្ឋមន្ត្រី ប៉ុន្តែបានលាលែងពីតំណែងនៅមួយឆ្នាំក្រោយមក ដោយសារខ្វែងគំនិតជាមួយប្រធានាធិបតី។
មុនពេលការបោះឆ្នោត លោកដាហាល់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន The Associated Press នៅក្នុងបទសម្ភាសន៍មួយថា គោលដៅចម្បងរបស់គាត់គឺផ្តល់ឱ្យប្រទេសនូវរដ្ឋាភិបាលដែលមានស្ថិរភាពមួយ ដែលនឹងបញ្ចប់អាណត្តិរយៈពេលប្រាំឆ្នាំពេញលេញ។
នេប៉ាល់ត្រូវបានរំខានដោយអស្ថិរភាពនយោបាយ ការផ្លាស់ប្តូររដ្ឋាភិបាលជាញឹកញាប់ និងការឈ្លោះប្រកែកគ្នាក្នុងចំណោមគណបក្សនានា ដែលគេស្តីបន្ទោសចំពោះការពន្យារពេលក្នុងការសរសេររដ្ឋធម្មនុញ្ញនិងការអភិវឌ្ឍសេដ្ឋកិច្ចយឺតយ៉ាវ។
គ្មានរដ្ឋាភិបាលណាមួយបានបញ្ចប់អាណត្តិពេញលេញនោះទេ ចាប់តាំងពីការលុបបំបាត់របបរាជានិយមរាប់សតវត្សរ៍ក្នុងឆ្នាំ ២០០៨៕
មេដឹកនាំបក្សកុម្មុយនីស្តម៉ៅនិយម លោក ពូសប៉ា កាម៉ាល់ ដាហាល់ ទំនងជានឹងស្បថចូលកាន់តំណែងនៅថ្ងៃចន្ទនេះ