ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ជនអ៊ីស្លាមរ៉ូហ៊ីងយ៉ារាប់សិបនាក់ដែលហេវហត់និងខ្សោយត្រូវបានប្រទះឃើញនៅលើឆ្នេរមួយក្នុងខេត្តអាចេ(Aceh)របស់ឥណ្ឌូនេស៊ីកាលពីថ្ងៃអាទិត្យបន្ទាប់ពីពួកគេធ្វើដំណើរផ្សងព្រេងក្នុងសមុទ្រអស់ពេលរាប់សប្តាហ៍។
ក្រុមជនភៀសខ្លួនដែលមានបុរស៥៨នាក់នេះ បានទៅដល់ឆ្នេរអ៊ីនដ្រាប៉ាត្រា(Indrapatra)នៃភូមិនេសាទឡាដុង(Ladong)កាលពីដើមថ្ងៃអាទិត្យ ។ពួកអ្នកភូមិដែលបានឃើញពួកគេនៅលើទូកឈើមួយបានជួយពួកគេអោយឡើងគោកនិងបន្ទាប់មករាយការណ៍ទៅអាជ្ញាធរ។
មន្ត្រីឥណ្ឌូនេស៊ីម្នាក់បាននិយាយថា ពួកគេមើលទៅខ្សោយនិងខ្សត់ជាតិទឹក ដោយខ្លះឈឺក្រោយការធ្វើដំណើរក្នុងសមុទ្រដ៏យូរ។ក្រោយទទួលទឹកនិងអាហារពីអ្នកភូមិ ពួកគេនៅរង់ចាំការណែនាំពីផ្នែកអន្តោប្រវេសន៍និងមន្ត្រីមូលដ្ឋាន។
អង្គការសហប្រជាជាតិនិងក្រុមសិទ្ធិមនុស្សកាលពីថ្ងៃសុក្របានទទូចសុំអោយប្រទេសនានានៅអាស៊ីខាងត្បូងជួយសង្គ្រោះមនុស្សប្រមាណ១៩០នាក់ដែលគេជឿថាជាជនរ៉ូហ៊ីងយ៉ា នៅលើទូកតូចមួយដែលកំពុងរសាត់អណ្តែតអស់ពេលជាច្រើនសប្តាហ៍នៅក្នុងសមុទ្រអាន់ដាម៉ាន់(Andaman)។
ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា« របាយការណ៍បង្ហាញថា មនុស្សទាំងនោះនៅក្នុងសមុទ្រនៅឡើយក្រោយការធ្វើដំណើរខ្វះទឹកនិងអាហារគ្រប់គ្រាន់អស់ពេលមួយខែ និងដោយគ្មានកិច្ចខិតខំពីរដ្ឋណាមួយដើម្បីជួយសង្គ្រោះជីវិតពួកគេទេ។ពួកគេជាច្រើននាក់ជាស្ត្រីនិងកុមារ។របាយការណ៍បាននិយាយថា មនុស្ស២០នាក់បានស្លាប់ក្នុងអំឡុងពេលធ្វើដំណើរ»។
មន្ត្រីឥណ្ឌូនេស៊ី ពិនិត្យក្រុមជនរ៉ូហ៊ីងយ៉ា នៅឆ្នេរអ៊ីនដ្រាប៉ាត្រានៃភូមិនេសាទឡាដុង ដោយជនភៀសខ្លួនខ្លះឈឺនិងទទួលបានការពិនិត្យព្យាបាលនៅនឹងកន្លែងកាលពីថ្ងៃ២៥ធ្នូ
គេនៅមិនទាន់ដឹងថាក្រុមជនរ៉ូហ៊ីងយ៉ាងជាង៥០នាក់នេះមកពីណា ឬក៏ពួកគេជាផ្នែកនៃក្រុមជនភៀសខ្លួន១៩០នាក់ដែលរសាត់អណ្តែតក្នុងសមុទ្រអាន់ដាម៉ាន់។តែពួកគេខ្លះបាននិយាយថា ពួកគេបាននៅក្នុងសមុទ្រអស់មួយខែនិងមានបំណងទៅកាន់ម៉ាឡេស៊ី ដើម្បីស្វែងរកជីវិតល្អប្រសើរឡើង។
សូមបញ្ជាក់ថា ជនអ៊ីស្លាមរ៉ូហ៊ីងយ៉ាជាង៧០០.០០០នាក់បានភៀសខ្លួនចេញពីមីយ៉ាន់ម៉ាទៅកាន់បណ្តាជំរំនៅបង់ក្លាដែសចាប់តាំងពីខែសីហាឆ្នាំ២០១៧ នៅពេលយោធាមីយ៉ាន់ម៉ាចាប់ផ្តើមបង្ក្រាបក្នុងការឆ្លើយតបនឹងការវាយប្រហារដោយក្រុមឧទ្ទាមអ៊ីស្លាមមួយនៅក្នុងតំបន់ជនរ៉ូហ៊ីងយ៉ារស់នៅ។
ជារៀងរាល់ឆ្នាំ ជនរ៉ូហ៊ីងយ៉ាគ្មានរដ្ឋនេះទាំងក្រុមៗបានព្យាយាមចាកចេញពីជំរំនៅបង់ក្លាដែលដោយធ្វើដំណើរតាមទូកឈើដ៏គ្រោះថ្នាក់ដើម្បីទៅកាន់បណ្តាប្រទេសកាន់សាសនាអ៊ីស្លាមនៅក្នុងតំបន់ជាពិសេសក្នុងអំឡុងរដូវប្រាំងដែលសមុទ្រស្ងប់ខ្យល់៕