​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស៊ីនហួ​) ៖ គម្រោង​ថាមពលព្រះអាទិត្យ​អណ្តែត​ទឹក​នៅ​ក្នុង​ទំនប់​សិរិ​ន​ដន (Sirindhorn) នៅ​ភាគ​ឦសាន​ប្រទេស​ថៃ​បាន​នាំមក​នូវ​ថាមពលបៃតង​ច្រើន​ជាង​មុន​​ដល់​សហគមន៍​មូលដ្ឋាន​។​

​គម្រោង​នេះ​ត្រូវបាន​បង្កើតឡើង​រួមគ្នា​ដោយ​ក្រុមហ៊ុន​ចិន China Energy Engineering Group​។​

​បន្ទាប់​ពី​ដំណើរការ​ពាណិជ្ជកម្ម​អស់​រយៈពេល​មួយ​ឆ្នាំ វា​ក៏​បាន​ក្លាយជា​វេទិកា​មួយ​ដើម្បី​ផ្តល់​អត្ថប្រយោជន៍​ដល់​ជីវភាព​រស់នៅ​ប្រកបដោយ​និរន្តរភាព ខណៈ​វា​មាន​មជ្ឈមណ្ឌល​តាំងពិព័រណ៍​មួយ និង “​ផ្លូវ​ដើរ​ធម្មជាតិ​” ប្រវែង ៤០០ ម៉ែត្រ ដែល​អ្នកទស្សនា​អាច​រីករាយ​នឹង​ទេសភាព​ទំនប់ និង​មើល​ផ្ទាំង​សូ​ឡា​បណ្តែត​ទឹក​។​

​ជាមួយ​នឹង​ការរួមបញ្ចូល​គ្នា​នៃ​ប្រភព​ថាមពល​ពីរ គម្រោង​កូនកាត់​នេះ​បង្កើត​ថាមពល​អគ្គិសនី​តាមរយៈ​ថាមពល​ពន្លឺព្រះអាទិត្យ​នៅពេល​ថ្ងៃ និង​វា​រី​អគ្គិសនី​នៅពេល​យប់​ដោយ​ជួយ​បន្លាយពេល​នៃ​ការ​​បង្កើត​ថាមពល​និង​កាត់បន្ថយ​ការប្រែប្រួល​នៃ​ថាមពល​កកើត​ឡើងវិញ​។​

​លោក ស៊ូ​វី​តា សូ​ទុក (Suwita Shotuk) វិស្វករ​ជាន់ខ្ពស់​នៅ​អាជ្ញាធរ​អគ្គិសនី​ថៃ (EGAT) បាន​និយាយ​វាយតម្លៃ​ខ្ពស់​អំពី​ដៃគូ​ចិន​របស់​ពួកគេ​។​

​ថៃ​បាន​ចាប់ផ្តើម​តម្រង់​ទិស​វិស័យ​ថាមពល​របស់​ខ្លួន​ឡើងវិញ​អស់​ជាច្រើន​ឆ្នាំ​មកហើយ ហើយ​បាន​បង្វែរ​ការយកចិត្ត​ទុកដាក់​របស់​ខ្លួន​ពី​ឥន្ធនៈហ្វូស៊ីល​ទៅ​ជា​ថាមពល​កកើតឡើង​វិញ​។​ទីតាំង​ត្រូពិច​របស់​​ប្រទេស​និង​ពន្លឺព្រះអាទិត្យ​ពេញ​មួយ​ឆ្នាំ​ធ្វើ​ឱ្យ​ថៃ​ល្អ​បំផុត​សម្រាប់​ការអភិវឌ្ឍ​ថាមពល​ពន្លឺព្រះអាទិត្យ​។​

​ជាមួយនឹង​ភាពជោគជ័យ​នៃ​គម្រោង​ដំបូង​របស់​ខ្លួន អាជ្ញាធរ EGAT មានបំណង​ចម្លង​គំរូ​កូនកាត់​សូ​ឡា​បណ្តែត​ទឹក​នេះ​សម្រាប់​ទំនប់​ចំនួន ១៥ ផ្សេងទៀត​។​

​ព្រះរាជាណាចក្រ​ថៃ​គ្រោង​នឹង​សម្រេចបាន​នូវ​អព្យាក្រឹតភាព​កាបូន​នៅ​ត្រឹម​ឆ្នាំ ២០៥០ និង ការបំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​សូន្យ​នៅត្រឹម​ឆ្នាំ ២០៦៥៕

​សូ​ឡា​បណ្តែត​ទឹក​នៅ​ក្នុង​ទំនប់​សិរិ​ន​ដន​របស់​ថៃ