ដោយះសរិទ្ធ/ភ្នំពេញ៖ ជនបរទេសម្នាក់បានបាត់បង់ជីវិតក្រោយបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ កាលពីវេលាម៉ោង១២រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅក្រោមអគារ THE PEK RESIDENCES TOWER2 ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តឡង់គ្រីស័រ ពណ៌ស មិនចាំស្លាកលេខ បានធ្វើដំណើរតាមបណ្តោយផ្លូវសប៊ិត មកឈប់ក្រោមអាគារ THE PEK RESIDENCES TOWER2រួចធ្វើសកម្មភាពដកកាំភ្លើងបាញ់សម្លាប់ជនបរទេសម្នាក់។ ភ្លាមៗនោះគេឃើញជនបរទេសរងគ្រោះ ព្យាយាមរត់ដែរ ប៉ុន្តែរត់បានពីរបីជំហានក៏ដួលតែម្តង។ ចំណែករថយន្តបានបើករត់គេចខ្លួនចេញពីទីតាំងកើតហេតុបាត់។ មួយសន្ទុះក្រោយមក រថយន្តសាម៉ុយបានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រ ដើម្បីធ្វើការសង្គ្រោះបន្ទាន់ តែជាអកុសលជនរងគ្រោះបានស្លាប់ ដោយសារត្រូវគ្រាប់កាំភ្លើង និងរងរបួសធ្ងន់ពេក។

តាមប្រភពព័ត៌មាន បន្តទៀតថា ជនរងគ្រោះបានជិះកង់បីឥណ្ឌាមកឈប់ទល់មុខកន្លែងកើតហេតុ ត្រូវបានជនបង្កបើករថយន្តមកឈប់ក្បែររួចដកកាំភ្លើងបាញ់សម្លាប់តែម្តង។ ចំណែកជុំវិញទីតាំងកើតហេតុ សមត្ថកិច្ចបានឱ្យដឹងថា ជនបង្ករបានធ្វើសកម្មភាពបាញ់ចំនួន ៣គ្រាប់។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានយកទៅតម្កល់នៅវត្តស្ទឹងមានជ័យ ដើម្បីជំនាញធ្វើកោសល្យវិច្ច័យ ហើយជនបង្ករកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌនៃការិយាល័យកម្រិតធ្ងន់នៃក្រសួងមហាផ្ទៃ កំពុងសហការជាមួយអាជ្ញាធរមូលដ្ឋាន បើកការស៊ើបអង្គេតស្រាវជ្រាវ និងឈានទៅដល់ការស្វែងរកខ្មាន់កាំភ្លើងលាក់មុខខាងលើ មកផ្តន្ទាទោសតាមនីតិវិធីច្បាប់៕ N