ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ទីភ្នាក់ងារចារកម្មអាម៉េរិក CIAកំពុងរួមបញ្ចូលគ្នាជាមួយសេវាចារកម្មរបស់សម្ពន្ធមិត្តណាតូនៅអឺរ៉ុបដើម្បីធ្វើប្រតិបត្តិការបំផ្លិចបំផ្លាញជាសម្ងាត់នៅក្នុងប្រទេសរុស្ស៊ី នេះបើតាមការអះអាងថ្មី។
អ្នកជំនាញអាម៉េរិក លោក ជែក មឺហ្វ៊ី (Jack Murphy) ជាទាហានជើងចាស់នៃកងប្រតិបត្តិការពិសេសរបស់អាម៉េរិកអស់រយៈពេលប្រាំបីឆ្នាំ បាននិយាយថាយុទ្ធនាការសម្ងាត់នេះគឺនៅពីក្រោយការផ្ទុះនិងអគ្គិភ័យ ដែលមិនអាចពន្យល់បានជាច្រើន ដែលបានវាយប្រហារទីតាំងយុទ្ធសាស្ត្រឬលេចធ្លោក្នុងប៉ុន្មានខែថ្មីៗនេះ។
ដោយឡែក សេវាស៊ើបការណ៍សម្ងាត់អឺរ៉ុបផ្សេងទៀតត្រូវគេនិយាយថាកំពុងជ្រៀតចូលទៅក្នុងប្រទេសរុស្ស៊ីដើម្បីបង្កើតភាពចលាចលដោយគ្មានជំនួយពី CIA ក៏ដូចជាអ៊ុយក្រែនផងដែរ។
ការអះអាងរបស់គាត់បានកើតឡើង ខណៈអគ្គិភ័យថ្មីបានវាយប្រហារផ្សារទំនើបមួយក្នុងតំបន់ក្រាស្នូដា (Krasnodar)ភាគខាងត្បូងប្រទេសរុស្ស៊ីដែលវាជាឧបទ្ទវហេតុចុងក្រោយបង្អស់ក្នុងចំណោមឧបទ្ទវហេតុបែបនេះរាប់សិបលើក។ រឿងនេះកើតឡើងខណៈលោកពូទីនបានចេញការព្រមានដ៏ស្រៀវឆ្អឹងខ្នងមួយទៀតទៅកាន់លោកខាងលិចនៅថ្ងៃបុណ្យណូអែល។
នៅប្រទេសអ៊ុយក្រែនកាលពីថ្ងៃអាទិត្យ ស៊ីរ៉ែនអំពីការវាយឆ្មក់តាមអាកាសបានបន្លឺឡើងនៅទូទាំងប្រទេសខណៈអ្នកខ្លះសម្រេចចិត្តលើកពេលអបអរថ្ងៃបុណ្យណូអែលរបស់ពួកគេដើម្បីចៀសវាងការប្រារព្ធពិធីនៅថ្ងៃតែមួយជាមួយរុស្ស៊ី។
កន្លែងផលិតប្រេងនិងឧស្ម័ន ផ្លូវរថភ្លើង ឃ្លាំងប្រេងឥន្ធនៈ រោងចក្រថាមពល និងផ្សារទំនើបត្រូវបានវាយប្រហារនៅទូទាំងប្រទេសរុស្ស៊ីដោយការផ្ទុះដ៏អាថ៌កំបាំងជាមួយនឹងពាក្យចចាមអារ៉ាមអំពីការបំផ្លិចបំផ្លាញជាច្រើនទៀត។
លោកមឺហ្វ៊ីបាននិយាយនៅក្នុងសារបង្ហោះមួយថា “យុទ្ធនាការនេះគឺជាប់ពាក់ព័ន្ធនឹងក្រុមលាក់ខ្លួនជាយូរយារ ដែលសេវាចារកម្មរបស់សម្ពន្ធមិត្តបានដំណើរការដើម្បីរារាំងការលុកលុយរបស់រដ្ឋាភិបាលក្រុងមូស្គូមកលើអ៊ុយក្រែន ដោយការធ្វើសង្គ្រាមជាសម្ងាត់នៅពីក្រោយខ្សែត្រៀមជួរមុខរបស់រុស្ស៊ី”។
“យុទ្ធនាការនេះគឺទទួលខុសត្រូវចំពោះការផ្ទុះជាច្រើនដែលមិនអាចពន្យល់បាននិងឧបទ្ទវហេតុផ្សេងទៀត ដែលបានកើតមានលើបរិវេណឧស្សាហកម្មយោធារុស្ស៊ីចាប់តាំងពីការឈ្លានពានពេញទំហឹងរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងខែកុម្ភៈ”។
លោកបានដកស្រង់ពីប្រភពអនាមិករបស់សហរដ្ឋអាម៉េរិករួមមានអតីតចារកម្មបីនាក់ និងមន្ត្រីយោធាពីរនាក់ និងប្រភពទីប្រាំមួយ ដែលទទួលបានព័ត៌មានអំពីយុទ្ធនាការនេះ។
ទោះជាយ៉ាងណា CIAបានបដិសេធការចោទប្រកាន់នេះ៕
លោក ជែក មឺហ្វ៊ី អះអាងថា CIA ជាអ្នកបង្កការបំផ្លិចបំផ្លាញដ៏អាថ៍កំបាំងនៅរុស្ស៊ី