ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅថ្ងៃទី២៦ ធ្នូនេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ រៀបចំស៊ីហ្គេមឆ្នាំ២០២៣ (CAMSOC) បានផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្ត របស់រាជរដ្ឋាភិបាល ដល់ជ័យលាភីស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ។

សូមបញ្ជាក់ថា ស៊ីហ្គេមនៅវៀតណាម កម្ពុជាបានបញ្ជូនប្រតិភូ កីឡាករ កីឡាការិនី ចំនួន​ ៥៥០ នាក់ លើប្រភេទកីឡាចំនួន ៣៣ ប្រភេទ ដែលមាន ២៩៥ វិញ្ញាសា ទៅចូលរួមប្រកួត។
ក្នុងព្រឹត្តិការណ៍នេះ កម្ពុជាឈរនៅចំណាត់ថ្នាក់លេខ៨ ក្នុងចំណោម ១១ ប្រទេស ដោយដណ្ដើមបានមេដាយ សរុបចំនួន ៦៣ គ្រឿង ក្នុងនោះមាស ចំនួន៩ គ្រឿង ប្រាក់ ១៣ គ្រឿង និងមេដាយសំរិទ្ធ ៤១ គ្រឿង។

ប្រភេទកីឡាដែលដណ្ដើមបានមេដាយ និងទទួលបានប្រាក់រង្វាន់ រួមមាន ប្រភេទកីឡាឃីក បុកស៊ីង, ប៉េតង់, តេក្វាន់ដូ WT (World Taekwondo), វ៉ូវីណាម, ចំបាប់, ទូករ៉ូអ៊ីង, ជីជីតស៊ូ, វូស៊ូ, យូដូ, ប្រដាល់សកល, កាយសម្ព័ន្ធ, ការាតេ, បាល់ទះក្នុងសាល, ប្រដាល់គុនខ្មែរ និងហែលទឹក។

សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថាៈ «សមិទ្ធផលមេដាយមាស ប្រាក់ និងសំរឹទ្ធរបស់កម្ពុជា ដែលដណ្តើមបាន ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ គឺពិតជាបានបង្ហាញពីឆន្ទៈដ៏មោះមុត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញវិស័យកីឡា កម្ពុជា ឲ្យបានស្មើមុខស្មើមាត់ ទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ»។

សម្តេចពិជ័យសេនា ទៀ បាញ់ បានសង្កត់ធ្ងន់ថាៈ លទ្ធផល គួរជាទីមោទនៈរបស់កម្ពុជា ដែលដណ្តើមបាន ក្នុងស៊ីហ្គេមលើកទី៣១ កន្លងមកនេះ ខ្ញុំសូមកោតសរសើរ ដោយស្មោះ ចំពោះ ការខិតខំប្រឹងប្រែង របស់ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) សហព័ន្ធកីឡាជាតិ។ ជាពិសេសគ្រូបង្វឹក កីឡាករ កីឡាការិនី ជម្រើសជាតិកម្ពុជាទាំងអស់ ដែលបានរួមកម្លាំងគ្នា រួមស្មារតីគ្នា និងការប្តេជ្ញាចិត្តខ្ពស់ ដែលសម្រេចបាននូវសមិទ្ធផល គួរជាទីសាទរ ជូនជាតិមាតុភូមិ របស់យើង។

ជោគជ័យទាំងនេះ បានបង្ហាញពីវិស័យកីឡាកម្ពុជា រីកចម្រើន គួរឲ្យកត់សម្គាល់ មានវឌ្ឍន ភាពល្អប្រសើរ ទាក់ទងនឹងគុណភាពកីឡា។ ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជា បានវិនិយោគវិស័យកីឡា កាន់តែច្រើនឡើងៗ រួមទាំងការកសាង ហេដ្ឋារចនាសម្ព័ន្ធកីឡា ការជួសជុលកែលម្អ ការហ្វឹកហាត់ ការបណ្តុះបណ្តាលធនធានមនុស្ស ជំនាញកីឡា ទាំងក្នុងនិងក្រៅប្រទេស។ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ប្រាក់រង្វាន់លើក ទឹកចិត្ត ដល់ជ័យលាភី មេដាយមាស ប្រាក់ និងសំរឹទ្ធគ្រប់ការប្រកួតអន្តរជាតិទាំងអស់។

ពេលនេះ កម្ពុជាកំពុងត្រៀមខ្លួនទទួលស្វាគមន៍ រៀបចំការប្រកួតព្រឹត្តិការណ៍ កីឡាអាស៊ី អាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលនឹងចាប់ផ្ដើមពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ និងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០២៣៕ V / N