ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ ក្រុមផ្តល់ជំនួយជាច្រើនកំពុងផ្អាកប្រតិបត្តិការក្នុងប្រទេសអាហ្វហ្គានីស្ថានបន្ទាប់ពីពួកតាលីបង់ដាក់បម្រាមថ្មីលើស្ត្រីដែលធ្វើការក្នុងអង្គការមិនមែនរដ្ឋាភិបាល ដែលអាចរំខានដល់ជំនួយមនុស្សធម៌ដល់មនុស្សរាប់លាននាក់ក្នុងអំឡុងរដូវរងាដ៏អាក្រក់។
គណៈកម្មាធិការសង្គ្រោះអន្តរជាតិ (IRC) ដែលជាអង្គការជំនួយដ៏ធំបំផុតមួយនៅអាហ្វហ្គានីស្ថាន បាននិយាយថា “ប្រសិនបើយើងមិនត្រូវបានអនុញ្ញាតឱ្យជួលស្ត្រីទេនោះយើងមិនអាចផ្តល់ជំនួយឱ្យទៅអ្នកដែលត្រូវការនោះទេ។ ដូច្នេះ IRCបច្ចុប្បន្នកំពុងផ្អាកសេវាកម្មរបស់យើងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន”។
ស្ត្រីមានចំនួន ៣.០០០ នាក់ក្នុងចំណោមបុគ្គលិក ៨.០០០ នាក់របស់អង្គការ IRC នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
អង្គការសង្គ្រោះកុមារ (Save the Children) អង្គការក្រុមប្រឹក្សាជនភៀសខ្លួនន័រវែស និងអង្គការថែទាំអន្តរជាតិគឺស្ថិតក្នុងចំណោមអង្គការផ្សេងទៀតដែលបានបញ្ឈប់ប្រតិបត្តិការ។ទីភ្នាក់ងារទាំងបីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា “បើគ្មានបុគ្គលិកស្រីរបស់យើងទេ យើងមិនអាចទៅដល់កុមារ ស្ត្រីនិងបុរសដែលត្រូវការជំនួយទាំងអស់សង្ឃឹមក្នុងប្រទេសអាហ្វហ្គានីស្ថានប្រកបដោយប្រសិទ្ធភាពនោះទេ”។
កាលពីចុងសប្តាហ៍ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរបស់តាលីបង់ លោក ឌីន ម៉ូហាមម៉េត ហានីហ្វ (Din Mohammad Hanif) បានចុះហត្ថលេខាលើបទបញ្ជាមួយដែលរារាំងស្ត្រីមិនឱ្យធ្វើការនៅក្នុងអង្គការក្រៅរដ្ឋាភិបាលជាតិនិងអន្តរជាតិ ដោយសារពួកគេមិនបានពាក់ស្បៃគ្របក្បាល ហើយមិនគោរពច្បាប់អ៊ីស្លាមផ្សេងទៀត។ លោកបានព្រមានថា អង្គការណាដែលមិនគោរពតាមបញ្ជា នឹងត្រូវដកហូតអាជ្ញាប័ណ្ណ។
ចំណាត់ការនេះបានទាក់ទាញការថ្កោលទោសពីជុំវិញពិភពលោក រួមទាំងសហរដ្ឋអាម៉េរិកផងដែរ។ រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក អានថូនី ប្លីងកិន បាននិយាយនៅក្នុង Twitter ថា ការហាមឃាត់នេះនឹង “រំខានដល់ជំនួយសង្គ្រោះជីវិតដ៏សំខាន់ចំពោះមនុស្សរាប់លាននាក់។ ការសម្រេចចិត្តនេះអាចជាការបំផ្លិចបំផ្លាញសម្រាប់ប្រជាជនអាហ្វហ្គានីស្ថាន”។
អ្នកនាំពាក្យក្រុមតាលីបង់ លោក ហ្សាប៊ីហ៊ូលឡា មូចាហ៊ីដ (Zabihullah Mujahed) បាននិយាយនៅលើ Twitter ថា សហរដ្ឋអាម៉េរិកគួរតែបញ្ឈប់ការជ្រៀតជ្រែកក្នុងបញ្ហាអាហ្វហ្គានីស្ថាន។ លោកបានបន្ថែមថាក្រុមសកម្មប្រយុទ្ធនេះនឹងមិនអនុញ្ញាតឱ្យ”នរណាម្នាក់និយាយបែបសំរាមៗឬធ្វើការគំរាមកំហែងទាក់ទងនឹងការសម្រេចចិត្តរបស់មេដឹកនាំរបស់យើងក្រោមលេសនៃជំនួយមនុស្សធម៌នោះឡើយ”៕
ប្រជាជនអាហ្វហ្គានីស្ថានឈរតម្រង់ជួរដើម្បីទទួលជំនួយស្បៀងអាហារពីអង្គការក្រៅរដ្ឋាភិបាលក្នុងទីក្រុងកាប៊ុលកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២