ដោយៈ បញ្ញាសាស្រ្ត / ភ្នំពេញ៖ ជាមួយនឹងស្នាមញញឹម ដែលចេញមកពីក្រអៅ បេះដូង តារាចម្រៀង អេឡិច ចាន់ត្រា ដែលគេស្គាល់ថា ជាប្រធានក្រុមតារាចម្រៀង Alex Entertaiment តែងតែចែករំលែកក្តីស្រលាញ់ ដល់មនុស្សជុំវិញខ្លួន ដោយមិនប្រកាន់ឋានៈពណ៌សប្បុរ ឡើយ។ ជាពិសេស គឺក្តីអាណិតអាសូរ ដល់កុមារងាយរងគ្រោះ ដោយអំពើហិង្សា និងការបៀតបៀន លើរាងកាយ។
ជាក់ស្តែង កាលពីថ្ងៃ ២៥ ធ្នូ ដែលចំថ្ងៃនៃពិធីបុណ្យ ណូអែល ដែលជាប្រពៃណី របស់លោកខាងលិច សម្រាប់អ្នកកាន់សាសនាគ្រឹស្ដ ប៉ុន្តែសម្រាប់ប្រទេសកម្ពុជា ទោះជាបុណ្យនោះ មិនមែនជាបុណ្យប្រពៃណីជាតិក៏ដោយ តែការរៀបចំជប់លៀង តាមក្រុមហ៊ុននានា នៅតែត្រូវបានអនុវត្ត។ ងាកមកតារាចម្រៀង កាត់ចិន អេឡិច ចាន់ត្រា វិញ សម្រាប់ថ្ងៃសម្រាកពីកិច្ចការផ្ទាល់ខ្លួន អេឡិច តែងតែចំណាយ ពេលខ្លះផ្តល់ក្តីស្រលាញ់ ដល់កុមារ នៅមណ្ឌល Afesip Cambodia ដែលគេដឹងថា ជាមណ្ឌលកុមារ រងគ្រោះដោយអំពើហិង្សា និងការបៀតបៀន របស់ លោកស្រី ម៉ម សុម៉ាលី ដែលជាវីរនារី ក្នុងការមើលថែ និងផ្តល់ភាពកក់ក្តៅ ដល់កុមារទាំងនោះ។
ជាមួយនឹងទឹកមុខញញឹម អេឡិច បាននិយាយថាៈ ការឱ្យក្តីស្រលាញ់ទៅមនុស្ស ជុំវិញខ្លួន គឺជាការចាំបាច់បំផុត ជាពិសេសនោះគឺ អ្នកខ្វះខាត ដែលគាត់កំពុងត្រូវការ ការផ្តល់ឱ្យដោយមិនទន្ទឹងការតបស្នង គឺជាការផ្តល់ឱ្យដោយមានក្តីសុខបំផុត។
លោកបាននិយាយថាៈ ក្នុងមួយឆ្នាំ មិនតិចជាងពីរ ឬបីដងទេ ដែលលោក និងមិត្ត សិល្បៈផ្សេងទៀត រួមគ្នា ធ្វើកម្មវិធីសប្បុរសផ្សេងៗ មិនថានៅតាមទីក្រុង ឬទីជនបទ នោះទេ មិនថាតិចឬច្រើន នោះគឺជាសេចក្តីសុខផ្លូវចិត្តមួយ ដែលលោក តែងតែធ្វើ កន្លងមក។
សូមរំលឹកថា តារាចម្រៀង ដែលជាអតីត ស្ថិតក្នុងក្រុមតោមាស រៃមាស អេឡិច ចាន់ត្រា ជារឿយៗតែងតែចែកអំណោយ ជូនដល់ចាស់ជរាគ្មានទីពឹង កុមារកំព្រា បន្ថែមទៀតនោះ គឺលោកបានយកអង្ករជាច្រើនបាវ ជូនដល់វិហារចិន នៅម្តុំទឹកថ្លា ផងដែរ៕/V-PC