ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អាជ្ញាធរចិនកំពុងចុះតាមផ្ទះហើយបង់ប្រាក់ឱ្យមនុស្សចាស់អាយុ៦០ឆ្នាំឡើងដើម្បីចាក់វ៉ាក់សាំងការពារកូវីដ១៩។ប៉ុន្តែទោះបីជាករណីឆ្លងកំពុងកើនឡើងខ្លាំងក៏ដោយ ក៏លោក លី លាំងសេង (Li Liansheng) អាយុ ៦៤ ឆ្នាំនៅតែនិយាយថា មិត្តភក្តិរបស់គាត់មានការបារម្ភចំពោះរឿងរ៉ាងនានាអំពីគ្រុនក្តៅ កំណកឈាម និងផលប៉ះពាល់ផ្សេងទៀត។
លោកលី ដែលបានចាក់វ៉ាក់សាំងមុនពេលគាត់ឆ្លងកូវីដ បាននិយាយថា “នៅពេលមនុស្សឮអំពីឧបទ្ទវហេតុបែបនេះ ពួកគេប្រហែលជាមិនព្រមចាក់ថ្នាំបង្ការទេ”។ ប៉ុន្មានថ្ងៃក្រោយឆ្លងកូវីដលោកលីកំពុងចាប់ផ្តើមឈឺបំពង់កនិងក្អក។ លោកបាននិយាយថា វាដូចជា “ផ្តាសាយធម្មតា” ជាមួយគ្រុនក្តៅស្រាល។
ចិនបានចូលរួមជាមួយប្រទេសផ្សេងទៀតក្នុងការព្យាបាលករណីឆ្លងជាជាងព្យាយាមលុបបំបាត់មេរោគទាំងស្រុង ដោយបានទម្លាក់ចុះឬបន្ធូរបន្ថយច្បាប់ស្តីពីការធ្វើតេស្តិ៍ ការធ្វើចត្តាឡីស័ក និង ការធ្វើបំលាស់ទី ខណៈចិនព្យាយាមទាញបញ្ច្រាសមកវិញការធ្លាក់ចុះសេដ្ឋកិច្ច។ ប៉ុន្តែចំណាត់ការនេះបានធ្វើឱ្យមន្ទីរពេទ្យជន់លិចដោយអ្នកជំងឺគ្រុនក្តៅនិងពិបាកដកដង្ហើម។
គណៈកម្មការសុខភាពជាតិបានប្រកាសយុទ្ធនាការថ្ងៃទី ២៩ ខែវិច្ឆិកាដើម្បីបង្កើនអត្រាការចាក់វ៉ាក់សាំងក្នុងចំណោមជនជាតិចិនវ័យចំណាស់ដែលអ្នកជំនាញសុខភាពនិយាយថាមានសារៈសំខាន់ក្នុងការបញ្ចៀសវិបត្តិថែទាំសុខភាព។ វាក៏ជាឧបសគ្គដ៏ធំបំផុតផងដែរមុនពេលដែលបក្សកុម្មុយនីស្តកាន់អំណាចអាចលុបចោលការរឹតបន្តឹងសម្រាប់កម្ចាត់មេរោគដ៏តឹងរ៉ឹងបំផុតចុងក្រោយបង្អស់របស់ពិភពលោក។
ចិនបានរក្សាចំនួនករណីឆ្លងឱ្យនៅទាបក្នុងរយៈពេលពីរឆ្នាំជាមួយនឹងយុទ្ធសាស្ត្រ “កូវីដសូន្យ” ដែលផ្តាច់ទីក្រុងនានាឱ្យនៅឯកោនិងបង្ខាំងមនុស្សរាប់លាននាក់ឱ្យនៅតែក្នុងផ្ទះរបស់ពួកគេ។ ឥឡូវនេះ ខណៈចិនដកខ្លួនចេញពីវិធីសាស្ត្រនេះ ចិនកំពុងប្រឈមមុខនឹងការឆ្លងរាលដាល ដែលប្រទេសផ្សេងទៀតបានឆ្លងកាត់រួចហើយ។
គណៈកម្មការសុខាភិបាលបានកត់ត្រាចំនួនអ្នកស្លាប់ដោយសារកូវីដ១៩ត្រឹមតែប្រាំមួយនាក់ប៉ុណ្ណោះក្នុងខែនេះ ដែលនាំឱ្យចំនួនអ្នកស្លាប់ផ្លូវការរបស់ប្រទេសឡើងដល់ ៥.២៤១ នាក់។ នេះត្បិតមានការរាយការណ៍ជាច្រើនពីក្រុមគ្រួសារសាច់ញាតិ ដែលបានស្លាប់ក៏ដោយ៕
គិលានុបដ្ឋាយិកាម្នាក់រៀបចំការចាក់វ៉ាក់សាំងកូវីដនៅមណ្ឌលសុខភាពសហគមន៍នៅទីក្រុងណានតុង ក្នុងខេត្តជាំងស៊ូ ភាគខាងកើតប្រទេសចិន នៅថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២២