ដោយៈ គង់ហេង / កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម បានរំលឹកឱ្យ រដ្ឋបាលស្រុក ក្រុង ឃុំ សង្កាត់ គឺត្រូវបង្កលក្ខណៈងាយស្រួល ជូនប្រជាពលរដ្ឋ ក្នុងការផ្តល់សេវា សាធារណៈ ជាង ៣០០ មុខ នេះ ឱ្យមានប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងកំណែ ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាល។ នេះជាការរំលឹកឡើង របស់លោក អ៊ុន ចាន់ដា ជាអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី ២៦ ធ្នូ នេះ។

នៅក្នុងការអញ្ជើញចូលរួម ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សា ចំនួន មួយខ្នង នៅសាលាបឋមសិក្សាកោះចំប៉ា ស្ថិតក្នុងភូមិព្រីងជ្រុំ ស្រុកជើងព្រៃ លោកអភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថាៈ រាជរដ្ឋាភិបាល បានគិតគូរ យ៉ាងខ្លាំង គឺដើម្បីធ្វើយ៉ាងណា ឱ្យប្រទេសជាតិ មានការរីចម្រើន ក្រោមដំបូល សន្តិភាព។ មានសន្តិភាព មានការអភិវឌ្ឍន៍ អីចឹង ធ្វើយ៉ាងណាឱ្យមានការអភិវឌ្ឍន៍ គឺគប្បីត្រូវមានការបណ្តុះបណ្តាល ច្បាស់លាស់ នៃធនធានមនុស្ស គឺរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលមានការកំណែទម្រង់​ជាច្រើន បានដាក់ចេញ សូម្បីតែការគ្រប់គ្រង រដ្ឋបាលសាធារណៈ រដ្ឋបាលដែនដី នេះ ក៏ត្រូវតែមានកម្មវិធីកំណែទម្រង់ដែរ គឺកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ទៀតថាៈ ក្នុងនោះ កន្លងមក រាជរដ្ឋាភិបាល ថ្នាក់ជាតិ បានផ្ទេរមុខងារជាច្រើន មកឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ គឺសម្រាប់រដ្ឋបាល ខេត្ត មានសេវាជាង ៧០០ មុខ និងសេវាជាង ៣០០ មុខ មកឱ្យស្រុក ក្រុង ឃុំ សង្កាត់។ ដើម្បីធ្វើយ៉ាងណា ធានាក្នុងការផ្តល់សេវាទាំងអស់នេះ ប្រកបដោយ ប្រសិទ្ធភាព ជូនប្រជាពលរដ្ឋ គឺឱ្យសេវាមកនៅកៀកជិតប្រជាពលរដ្ឋ។ ដោយសេវា ទាំងនោះ ចេញពីខេត្ត ចូលទៅស្រុក ក្រុង ចេញពីស្រុក ក្រុង ចូលទៅឃុំសង្កាត់ ។

លោកបានបន្តថាៈ ផ្ទុយពីអតីតកាលដែលត្រូវប្រជាពលរដ្ឋ ជាអ្នកទទួលសេវាឡើង ពីផ្ទះធ្វើដំណើរឡើងមកសាលា ក្រុង ស្រុក ឬមកសាលាខេត្ត ហើយការងារខ្លះ ឡើង រហូតរាជធានីភ្នំពេញទៀត គឺខាតបង់ពេញវេលា ឬផលប្រយោជន៍ថវិកា របស់ប្រជាពលរដ្ឋ។ ឥឡូវនេះ សូមឱ្យមេឃុំទាំងឡាយ ធ្វើឱ្យដូច ខាងក្រុងកំពង់ចាម និងស្រុកមួយចំនួនបាន បាននាំសំបុត្រកំណើត លិខិតមរណភាព អាពាពិពាហ៍ ប្រគល់ជូនដល់លំនៅឋានតែម្តង៕/V/R