ដោយៈ សរិទ្ធ / ភ្នំពេញៈ ជនសង្ស័យមួយក្រុម បានបាញ់ប្លន់យកម៉ូតូ ពីប្ដីប្រពន្ធ មួយគូ បានសម្រេច ខណៈបុរសជាប្ដី រងរបួសធ្ងន់ កំពុងសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យ។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោងជាង ៤ ទៀបភ្លឺ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ នេះ នៅភូមិស្រែក្នុង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រពន្ធ របស់ជនរងគ្រោះ បានឲ្យដឹងថាៈ រូបនាងនិងប្ដី បានជិះម៉ូតូ ចេញពីខេត្តតាកែវ មកភ្នំពេញ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ មួយក្រុម ដកកាំភ្លើងបាញ់ទៅជនរងគ្រោះ ១គ្រាប់ បណ្តាលឲ្យរងរបួសធ្ងន់ រួចប្លន់យកម៉ូតូ បានសម្រេច រួចលើកយកម៉ូតូ​ជិះគេចបាត់ ស្រមោលតែម្ដង ។ ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យលោកសង្ឃ ។

បច្ចុប្បន្ន សមត្ថកិច្ច កំពុងបើកការស៊ើបអង្កេត ស្រាវជ្រាវកំណត់មុខសញ្ញា ដើម្បីតាមចាប់យកមកផ្តន្ទាទោស តាមច្បាប់ ៕/V/R