ដោយ៖ ដេប៉ូ / ភ្នំពេញ៖ ស្ថានីយផូស៊ីលឈើលំផាត់ (Lum Phat Petrified wood Fossil Site) ស្ថិតនៅភូមិសាយ៉ស ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី គឺជាទីកន្លែងផូស៊ីលឈើ ដ៏គួរជាទីកន្លែងនៃផូស៊ីលឈើ ដ៏មានអាយុ កាល យូរលង់ណាស់មកហើយ។

យោងតាមទំព័រហ្វេសប៊ុក របស់ក្រសួងបរិស្ថាន នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា៖ នាកន្លងមក ក្រុមការងារជំនាញ របស់ក្រសួងបរិស្ថាន បានចុះពិនិត្យ ស្ថានីយផូស៊ីល ដើមឈើថ្ម ក្នុងឆ្នាំ២០១៩ ក្នុងដែនជម្រកសត្វព្រៃលំផាត់ ដែលមានចំណុចនិយាមកា WGS1984 (720755-1482844)។

ប្រភពខាងលើនេះ បានបញ្ជាក់ថា៖ តំបន់ផូស៊ីលដើមឈើថ្មនេះ បានផុសឡើង នៅក្នុងបរិវេណប្រមាណ ៥០០ គុណនឹង ៥០០ ម៉ែត្រ តាមដងទន្លេស្រែពក ដែល មានរយៈកម្ពស់ ប្រមាណ ១០០ ម៉ែត្រ ធៀបនឹងនីវ៉ូទឹកសមុទ្រ។ ផូស៊ីលទាំងនេះ មិនទាន់មានការបំផ្លាញ នៅឡើយទេ ទីតាំងនេះ មានតម្លៃសម្រាប់ការសិក្សា ស្រាវជ្រាវ។ ក្រុមការងារ បានចុះសិក្សាបឋម នៅខែមេសា ឆ្នាំ២០១៩ បានពិនិត្យ និងប្រមូលទិន្នន័យ ផូស៊ីលដើមឈើ មានចំនួន ៣៥ ដើម​ដែលបានលេចចេញ ជាផ្នែកខ្លះនៅលើផ្ទៃដី (រូបទី៧៧-៨០)។ ក្នុងនោះផងដែរ ក្រុមការងារ ក៏បានជួប បំណែកផូស៊ីលពពួកតាលព្រឹក្ស (Palm Plant) ដែលស្រដៀងពពួកដើមត្នោត ផងដែរ (រូប៨០)។ តំបន់នេះ ត្រូវបានកំណត់អាយុកាល នៅស័ក Mesozoic (មេសូស្យូអ៊ីក) ក្នុងសម័យកាល Jurassic (ជូរ៉ាស៊ីក) (២០១,៣- ១៤៥ លានឆ្នាំ) ។

-កំណាយផូស៊ីលឈើ លំផាត់ឆ្នាំ២០១៩-២០២០៖ ក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០ ក្រុមការងារសិក្សាផូស៊ីល នាយកដ្ឋានតំបន់ បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន បានធ្វើកំណាយ ផូស៊ីល ដើមឈើថ្ម (Petrified Wood) មួយដើម នៅក្នុងតំបន់នោះ ជាលទ្ធផលមានដូចជា៖

១- ដើមឈើថ្មមួយដើម មានប្រវែង១៧ម៉ែត្រ ផ្នែកខាងចុង នៅទិសខាងជើង ឆៀង ខាងលិច រលំមកគងនៅផ្នែកខាងលើនៃផ្ទៃដី (រូបទី៨១)។ ផូស៊ីលដើមឈើ ខាងចុង បែកជាបំណែកតូចៗ (រូបទី៨២) ដែលលេចចេញនៅផ្ទៃខាងលើ មានមុខកាត់ ៩០​ ស.ម (រូបទី ៨៣) បន្តទៅផ្នែកខាងគល់ មុជចុះបន្តិចម្ដងៗ ជ្រៅទៅៗ។ គល់ឈើថ្ម មានមុខកាត់ ១៣៥ស.ម និងសំណុំឫសមានទំហំ១៨៥ស,ម​ដែលស្ថិតនៅជម្រៅ ១៤៥ស.ម និង បន្តក្នុងជម្រៅជាង២០០ស.ម (រូបទី៨៤)។ នៅក្នុងផ្នែកនៃសំណុំឫសដើមឈើនេះ ស្រោបដោយស្រទាប់ថ្ម យើងក៏បានរកឃើញ បំណែកនៃស្លឹកឈើ ដែលកប់នៅក្នុងថ្ម បំណែកនៃថ្មខ្លះក៏បានលេចចេញជាបំណែក នៃសំបកឈើ ដែលមានស្លាកស្នាម នៅជាប់នឹងស្រទាប់ថ្ម។

២- ដើមឈើទី២ នៅខាងជើងឆៀងខាងលិច ដើមឈើទី១ ក្នុងរណ្ដៅ AB(1)-AB(2) ទៅ កាន់រណ្តៅ AF(1)-AF(2) ។ យើងបានធ្វើកំណាយចេញ ប្រមាណ ៤ម៉ែត្រ ផ្នែកដែលគេរកឃើញជាផ្នែកខាងគល់ឈើ (រូបទី៨៥) ក្រុមការងារ មិនបានកាយបន្តទេដោយ ផ្ដោតសំខាន់លើដើមឈើទី១។ នៅផ្នែកគល់ ឈើ និងឫសនៃឈើដើមទី២នេះ ក៏បានជួបប្រទះបំណែកស្លឹកឈើផងដែរ (រូបទី៨៦)។ បំណែកផូស៊ីលឈើត្រង់គល់ សាច់ផូស៊ីល មានពណ៌ក្រម៉ៅ និងមាន ស្នាមរន្ធតូចៗ (រូបទី៨៦៧)។ មានបំណែកថ្មមួយចំនួនដែល កកជាប់នឹងផូស៊ីល ឈើ ដូចជាបំណែកនៃសំបកឈើ ដែលនៅជាស្លាកស្នាម (រូបទី៨៨)។

៣- មានបំណែកដើមឈើថ្ម និងមែកឈើជាច្រើន ក៏បានប្រទះឃើញ ក្នុងរណ្ដៅ កំណាយ ផងដែរ ដូចជានៅក្នុងចន្លោះរណ្ដៅកំណាយ H(1) H(-2) N(-1) N(-3) សូមមើលប្លង់ (រូបទី៨៩)។ បំណែកទាំងនោះ ត្រូវបានរកឃើញនៅក្នុង ស្រទាប់ដីទី៤ ដែលផូស៊ីល នៅទីនោះ កប់ក្នុងជម្រៅដី ប្រមាណ ១-២ ម៉ែត្រ ។

៤- សណ្ឋានដី៖ ដើមឈើថ្ម ត្រូវបានកំណាយក្នុងទំហំ ៤ម៉ែត្រគុណនឹង ២០ម៉ែត្រ និងជម្រៅ ជ្រៅបំផុតដល់ ២,២ ម៉ែត្រ។ ក្រុមការងារធ្វើកំណាយ ដើម្បីសិក្សា និងស្វែងយល់ អំពីស្ថានភាពនៃស្រទាប់ដី (រូបទី៩០)។ -ស្រទាប់ទី១ ជាស្រទាប់ផ្នែកខាងលើ មានពណ៌ប្រផេះ ដែលកើតឡើងដោយ ការពុកផុយនៃរុក្ខជាតិ លាយឡំនឹងក្រួសថ្ម បាយក្រៀមតូចៗ ស្ថិតនៅផ្នែកខាងលើ ចុះក្រោម ផ្នែកខ្លះដល់ ជម្រៅ ២០ ស.ម។ -ស្រទាប់ទី២ នៅខាងក្រោមស្រទាប់ទី១ មានពណ៌ប្រផេះក្រម៉ៅ ជាស្រទាប់ ដែលសម្បូរ ដោយក្រួសថ្មបាយក្រៀម ខ្លះមានជម្រៅដល់ ៣៥ ស.ម។ -ស្រទាប់ទី៣ ជាស្រទាប់ដីឥដ្ឋ សើម មានពណ៌លឿង និងលាយល្បាយដីពណ៌ ក្រហមតិចៗ ស្រទាប់នេះផ្នែកខ្លះ មានកម្រាស់ ៣០ ស.ម ស្រទាប់ទី៣នេះ មានជម្រៅដល់ ៦០ ស.ម ។ ស្រទាប់ទី៤ ជាស្រទាប់ ដែលមានកម្រាស់ក្រាស់ ជាងគេ និងជាស្រទាប់ដែលមានផូស៊ីលឈើ។ ផ្នែកដែលជ្រៅជាងគេ បានជីកដល់ ជម្រៅ ២,២ ម៉ែត្រ តែមិនទាន់ចប់សព្វគ្រប់នៅឡើយ។ នៅផ្នែកមួយនៃរណ្ដៅ កំណាយ យើងក៏បានជីកដល់ផ្នែកមួយ ដែលស្ថិតនៅក្រោ​ម​ស្រទាប់ទី៤ មាន លក្ខណៈប្រហាក់ប្រហែលនឹងថ្ម ដែលនៅក្នុងទន្លេស្រែពក។

៥- ក្រុមការងារ បានយកបំណែកនៃផូស៊ីលដើមឈើទី១ ពិនិត្យ ថតក្នុងមីក្រូទស្សន៍ និងបានពិភាក្សាជាមួយអ្នកជំនាញបារាំង និង ថៃ ជាលទ្ធផលបឋម ដើមឈើនោះ ស្ថិតនៅក្នុងអំបូរនៃពពួក Conifers (ស្រដៀងពពួកដើមស្រល់) ៕/V/R