ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ លោកឧកញ៉ា ជា សៀភ័ក្ត្រ រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ និងលោកស្រី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបុណ្យណូ អែល ឬគ្រីស្ទម៉ាស ២០២២  “Merry Christmas 2022” នៅបរិវេណវេទិកា ខេត្តបន្ទាយមានជ័យ នារាត្រីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២។

លោក សៀ សុភ័ក្រ និងលោក អ៊ុំ​រាត្រី បានមានប្រសាសន៍ សម្ដែងនូវសេចក្ដី សោមនស្សរីករាយ ដែលបានចូលរួមជាមួយ លោកគ្រូ អ្នកគ្រូគង្វាល និងបងប្អូន គ្រីស្ទបរិស័ទ ដែលបានរៀបចំពិធីបុណ្យណូអែលរួមគ្នា ប្រារព្ធធ្វើឡើង ជារៀងរាល់ឆ្នាំ គឺអស់រយៈពេល ១៤ ឆ្នាំ កន្លងមក នៅក្នុភូមិសាស្ត្រខេត្ត ត្រូវគ្នាជាមួយគ្រិស្តបរិស័ទ ទូទាំងពិភពលោក។

លោកបានបន្ដថាៈ បុណ្យណូអែល ជាបុណ្យមួយដែលគ្រិស្តបរិស័ទ ទូទាំងពិភពលោក តែងតែប្រារព្ធធ្វើឡើង ដើម្បីអបអរសាទរ ចំពោះការប្រសូតមក ជាមនុស្ស ដើម្បីធ្វើជាកាដូ ក្នុងការជួយសង្គ្រោះមនុស្ស ដែលមានបាប ហើយនៅថ្ងៃ នេះ ផងដែរ ឃើញមានកាដូ ដូចជា អង្ករសម្រាប់ប្រជាជន ដែលមានភាពខ្វះខាត ចំនួន ២០០ គ្រួសារ។ ជាការពិតណាស់ នេះគឺជាពិធីជួបជុំជាមួយបងប្អូន គ្រីស្ទបរិស័ទ ដែលមានជំនឿជឿជាក់ លើព្រះយេស៊ូគ្រិស្ត រួបរួមគ្នាសាមគ្គីគ្នា ឲ្យកាន់តែមានភាពស្និទ្ធស្នាល ចុះសម្រុងនឹងគ្នា រវាងក្រុមមួយ និងក្រុមមួយទៀត ។

លោក អ៊ុំ រាត្រី បានលើកឡើងដែរថាៈ រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បានចែងថា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ដែលត្រូវបានប្រជាពលរដ្ឋ ភាគច្រើន គោរពនិងប្រតិបត្តិ ប៉ុន្តែរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ ដល់សេរីភាព ខាងជំនឿ និងប្រតិបត្តិខាងផ្លូវសាសនា និងលក្ខខណ្ឌមិនប៉ះពាល់ ដល់ជំនឿ ឬ សាសនាដទៃទៀត ។

ចុងក្រោយគណៈអធិបតី បានប្រគល់អង្ករ ដល់ប្រជាពលរដ្ឋ​ដែលមានជីវភាព ខ្វះខាតចំនួន ២០០ គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ ២០គីឡូក្រាម។

សូមរំលឹកដែរថា ក្នុងឱកាសអបអរសាទរ ព្រះរាជកំណេីតព្រះយេស៊ូគ្រីស្ទ​ Merry Christmas លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក ហានសាន់ខាំ អុកស៊ូ បានចុះនាំយកអំណោយ នៃក្តីស្រលាញ់មួយចំនួន មាន៖​ អង្ករចំនួន ២ តោន សៀវភៅ ២០០ ក្បាល នំបុ័ង ១៣០ នំ និង hot dogs ១៣០ កញ្ចប់ ជូនមណ្ឌលសង្គ្រោះជនអស់សង្ឃឹមទី២​ នៅស្រុកមង្គលបូរី​ ខេត្តបន្ទាយមានជ័យ ៕/V/R