ដោយៈសុផល/កំពត៖ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ក្រសួង ទេសចរណ៍បានរៀបចំសិក្ខាសាលាស្តីពីការលើកកម្ពស់គុណភាពការផ្តល់សេវាកម្មទេសចរណ៍ សម្រាប់ភ្ញៀវទេសចរចិន ក្រោមវត្ត មានលោក ជា សែ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និង លោក Wang Zhiquanប្រធានការិយាល័យកុងស៊ុលចិន ប្រចាំ ខេត្តព្រះសីហនុ និងលោក សេង ម៉េងហុង ប្រធាននាយកដ្ឋាន សហប្រតិបត្តិការមេគង្គនៃក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ លោក មាន វ៉ាន់ដេត ប្រធាននាយកដ្ឋានបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈទេសចរណ៍ និងមន្ទីរទេសចរណ៍ខេត្តកំពត ប្រតិបត្តិករទេសចរណ៍ អ្នកជំនាញទេសចរណ៍ សិស្ស និស្សិត ប្រមាណ២០០ នាក់។

អង្គសិក្ខាសាលា បានកត់សម្គាល់ថា ប្រទេសកម្ពុជាក្រោម នយោបាយវ៉ាក់សាំងរបស់រាជរដ្ឋាភិបាលដែលមាន សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំដ៏ឆ្នើម បានឈាន ដល់ការបើកសកម្មភាពសេដ្ឋកិច្ច សង្គមនិងទេសចរណ៍ នៅក្នុងគន្លង ប្រក្រតីភាពថ្មីឡើងវិញរហូតឈានដល់ការ ទទួល ចំណាត់ថ្នាក់ជាប្រទេសដែលអាចបើកសកម្មភាពសេដ្ឋកិច្ច សង្គម លឿន ជាងគេ និងជាប្រទេសដែលមានសុវត្ថិភាពសម្រាប់ការ ទស្សនាទេសចរណ៍ផងដែរ។ ការបើកដំណើរការសេដ្ឋកិច្ច សង្គម ឡើងវិញនេះ បានជំរុញឱ្យមានការកម្សាន្តទេសចរណ៍នៅ តាមគោលដៅ ទេសចរណ៍។

ជាមួយនឹងការងើបឡើងវិញនៃវិស័យទេសចរណ៍នេះ ក្រសួង ទេសចរណ៍ បានគិតគូរនិងយកចិត្តទុកដាក់ខ្ពស់លើការ ពង្រឹង គុណភាពសេវាកម្មប្រកបដោយ គុណភាព និងសុវត្ថិភាពជូន ភ្ញៀវទេសចរតាមគន្លងថ្មី និងបន្តជំរុញផ្សព្វផ្សាយទាក់ទាញ ទេសចរ ទាំងទេសចរអន្តរជាតិ និងទេសចរក្នុងស្រុក។

សិក្ខាសាលាស្តីពីការលើកកម្ពស់គុណភាពការផ្តល់សេវាកម្មទេសចរណ៍សម្រាប់ភ្ញៀវទេសចរចិន ក្រោមមូលនិធិពិសេសនៃកិច្ច សហប្រតិបត្តិការ មេគង្គ-ឡាងឆាងនេះបានរៀបចំឡើងស្រប ពេលវេលានឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងទេសចរណ៍នៅក្នុងការជំរុញអភិវឌ្ឍសមត្ថភាពអ្នកជំនាញទេសចរណ៍ និងប្រតិបត្តិករ ទេសចរណ៍ដើម្បីត្រៀមលក្ខណៈទទួលភ្ញៀវទេសចរ។ ជាពិសេស​ភ្ញៀវទេសចរចិនមកកាន់ព្រះរាជាណាចក្រកម្ពុជា។

ប្រភពក្រសួងទេសចរណ៍បានឱ្យដឹងថាការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ចាំបាច់ទាមទារឱ្យមានការគិតគូរដល់ការបណ្តុះ​បណ្តាល និងអភិវឌ្ឍសមត្ថភាពអ្នកជំនាញដើម្បីមានសមត្ថភាព គ្រប់គ្រាន់និងវិជ្ជាជីវៈខ្ពស់នៅក្នុងការផ្តល់សេវាកម្មដល់ទេសចរកាន់តែប្រសើរ និងប្រកបដោយភាពពេញចិត្តដល់ភ្ញៀវដែលធ្វើដំណើរ​កម្សាន្តនៅតាម គោលដៅទេសចរណ៍។

ក្នុងក្របនៃការងារបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សក្នុង​វិស័យ​ទេសចរណ៍ក្រសួងទេសចរណ៍បាននិងកំពុងយកចិត្តទុក ដាក់ ខ្ពស់ដល់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍​ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារទេសចរណ៍ទាំងបរិមាណ និង​គុណភាពជាពិសេស ក្រសួងទេសចរណ៍បានមើលឃើញច្បាស់ពី​សារៈសំខាន់នៅក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងព័ត៌មាន ជួយដល់ការរៀបចំបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពអ្នក​ជំនាញទេសចរណ៍តាមរយៈប្រព័ន្ធអនឡាញ ដោយបានបង្កើត​ប្រព័ន្ធគ្រប់គ្រងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍អនឡាញ ដែលមានអាសយដ្ឋាន www.tptd.org ដើម្បីជួយដល់​អ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ យុវជន សិស្ស និស្សិត និង​សាធារណជន ដែលមានបំណងចង់អភិវឌ្ឍសមត្ថភាព និងចាប់​យក​​អាជីពជាអ្នកជំនាញនៅក្នុងវិស័យទេសចរណ៍ អាចធ្វើការ​ពង្រឹងសមត្ថភាពទាំងជំនាញចាស់ និងជំនាញថ្មីបន្ថែមបាន​គ្រប់​ពេល​វេលា គ្រប់ទីកន្លែង និងអាចពង្រឹងសមត្ថភាពជំនាញ​ពេញ​មួយ​ជីវិត។

ជាក់ស្តែង គិតចាប់ពីខែមិថុនា ឆ្នាំ២០២០ រហូតមកដល់ ខែធ្នូ ឆ្នាំ​២០២២ នេះ សិក្ខាកាមសរុបដែលសិក្សាតាមថ្នាក់នៅក្នុងប្រព័ន្ធ​នេះ មានប្រមាណ ៦៩៥៩៥ នាក់។
ជារួម តាមរយៈសិក្ខាសាលា នេះ នឹងមិនត្រឹមតែចូលរួមដល់ការ​បណ្តុះបណ្តាលទេពកោសល្យជំនាញដល់ប្រតិបត្តិករទេសចរណ៍ និងអ្នកបម្រើការក្នុងវិស័យទេសចរណ៍នៅគោលដៅទេសចរណ៍ខេត្តតំបន់ឆ្នេរឱ្យកាន់តែមានសមត្ថភាពនៅក្នុងការផ្តល់សេវាកម្មជូនភ្ញៀវទេសចរ និងចូលរួមបង្កើនភាពជាដៃគូជំរុញការ​បណ្តុះ​បណ្តា​ល និងអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ប៉ុណ្ណោះទេ គឺថែមទាំងជាផ្នែកមួយដ៏សំខាន់ក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ក្នុងការជំរុញ និង បង្កើនការផ្លាស់ប្តូរវប្បធម៌ សេដ្ឋកិច្ច និងពាណិជ្ជកម្ម និងទេសចរណ៍ រវាងប្រទេសទាំងពីរ៕ សរន / N