ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ លោកឧត្តមសេនីយ៍ត្រីបោន ប៊ិនមេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យតំណាងលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេសនៅព្រឹកថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជេីញជាអធិបតី ភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគាររដ្ឋបាលមូលដ្ឋាន កងរាជអាវុធហត្ថស្រុក តម្លៃជាង ១៦ ម៉ឺនដុល្លារ និងប្រកាសចូលកាន់តំណែង មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកមង្គលបូរី នេះ។
លោក ឆឹង ណាវ៉ុន ប្រធានក្រុមប្រឹក្សាស្រុកមង្គលបូរីនិងលោក រ័ត្ន ដាស៊ីណង់ អភិបាល នៃគណៈអភិបាលស្រុកមង្គលបូរីនិងអាជ្ញាធរមូលដ្ឋា ព្រមទាំងលោក មេបញ្ជាការរង កងរាជអាវុធខេត្ត នាយទាហាន នាយទាហានរង នៃកងរាជអាវុធ ហត្ថ ក៏បានចូលរួមផងដែរ។
លោក ឡុង ឧត្តម ប្រធានមន្ទីរភស្តុភារ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឱ្យដឹងថាៈ អគាររដ្ឋបាលមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី ដែលត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលមូលដ្ឋាន កងរាជអាវុធហត្ថស្រុកមង្គលបូរី នាថ្ងៃនេះ គឺជាអំណោយរបស់ លោកឧត្តមសេនីយ៍ ត្រី បោន ប៊ិនមេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យដែលមានទំហំ ២៥២,៦២ ម៉ែត្រការ៉េ មាន ៦ បន្ទប់, អគារស្នាក់នៅ១, ឃ្លាំងសម្ភារៈ១, អគារផ្ទះបាយ១, បន្ទប់ទឹក១ រួមនឹងសមិទ្ធផលផ្សេងៗ សរុបអស់ថវិកាចំនួន១៦១.៨៤៨ ដុល្លារអាមេរិក ។ អគារនេះ បានសាងពីបេតុង រឹងមាំស្កឹមស្កៃ ប្រក់ក្បឿងក្បាច់ មានប្លង់ សំណង់ស្ថាបត្យកម្មរចនាបថខ្មែរ ដែលផ្តល់គំរូដោយ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ។
នាឱកាសនោះដែរ លោកវរសេនីយ៍ត្រី ជួន សុខា នាយការិយាល័យបុគ្គលិកកងរាជ អាវុធហត្ថខេត្ត បានអានសេចក្តីសម្រេចតែងតាំង លោកវរសេនីយ៍ត្រី ចាន់ រដ្ឋា ជាមេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកមង្គលបូរី រួមនឹងមេបញ្ជាការរងចំនួន ៣ រូបទៀត ។
លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានសាទរនិងកោតសរសើរ ចំពោះសំណង់អគាររដ្ឋបាល និងសមិទ្ធផលនានា នៅមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកមង្គលបូរី ដែលល្អ ស្តង់ដារ មានរចនាបថខ្មែរ ហើយសឹងតែល្អជាគំរូថ្នាក់ស្រុក ក្រុង ខ័ណ្ឌនៅទូទាំងប្រទេស។
លោកក៏អបអរចំពោះលោកមេបញ្ជាការ មេបញ្ជាររង នៃមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកមង្គលបូរី ហើយថា កម្លាំងសមត្ថកិច្ចនេះ សូមសហការល្អនឹងកម្លាំងប្រដាប់ អាវុធ អាជ្ញាធរមានសមត្ថកិច្ចនានា ដើម្បីអនុវត្ត និងទ្រោលសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ ថែរក្សាការពារសុវត្ថិភាព ជូនពលរដ្ឋ ។
លោកអភិបាលស្រុក បានស្នើឱ្យកងកម្លាំង បន្តថែរក្សាមុខតំណែង តួនាទី និង កិត្តិយស ខិតខំបម្រើការងារ ហើយកុំឱ្យទៅប្រព្រឹត្តបទល្មើស ឬធ្វើអីខុស ដែលនាំឱ្យខូចអនាគតខ្លួន ។
នាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិនមេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យតំណាងលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជា ការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានលេីកឡេីងថាៈ សមិទ្ធផលដែលអង្គភាពកងរាជអាវុធហត្ថ ទទួលបាន នាពេលកន្លងមក ក៏ដូចជាពេលនេះ គឺបានកើតចេញពីការជឿជាក់ និងពីសកម្មភាព ការងារល្អ ទំនាក់ទំនងល្អ ជាមួយអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋគ្រប់ទិសទី សបញ្ជាក់ពីមោទនភាព ដ៏វិសេសវិសាលបំផុត ក្រោមដំបូលនៃម្លប់សន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃ មគ្គុទ្ទេសក៏ឯករបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា និងមានការចង្អុលបង្ហាញ បញ្ជាផ្ទាល់ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើ ផ្ទៃប្រទេស ។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានណែនាំដល់មន្ត្រីកងរាជអាវុធហត្ថ ត្រូវយកចិត្តទុកដាក់ ក្នុងកិច្ចការងារ តាមតួនាទី ភារកិច្ច ជាពិសេសអាវុធហត្ថ ដែលទេីបទទួលតួនាទី ភារកិច្ចថ្មី ត្រូវមានស្មារតីទទួលខុសត្រូវ និងការឆ្លើយតប ចំពោះការផ្តល់នូវភាពជឿជាក់ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា ដែលជានិច្ចកាល លោកតែងតែខិតខំយកចិត្តទុកដាក់ខ្ពស់ ដឹងសុខ ដឹងទុក្ខ ចំពោះ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ ។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានថ្លែងអំណរគុណដល់សប្បុរសជននានា ដែលបានបរិច្ចាគថវិកា សម្ភារ:ផ្ទាល់ខ្លួន ក្នុងការចូលរួមចំណែក ក្នុងការកសាងអគារ រដ្ឋបាលដ៏ស្កឹមស្កៃ នៃមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកមង្គលបូរីនេះ ក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ ស្រុកថ្មពួក ស្រុកម៉ាឡៃ ទីស្នាក់ការសន្តិសុខ ហើយត្រៀមកសាង នៅក្រុងសិរីសោភ័ណ បន្ថែមទៀត ។
លោកបានបន្តថាៈ ក្នុងនាមជាកងកម្លាំង ដែលកើតចេញពីប្រជាជន និងដែលផ្តល់បុណ្យស័ក្ត តួនាទីភារកិច្ច ពីរាជរដ្ឋាភិបាល និងថ្នាក់បន្ទាប់ ក៏ដូចជា ការណែនាំរបស់ នាយឧត្តមសេនីយ៍ សៅ សុខា និងការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនោះ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ក្រុង ស្រុក នឹងបន្តកសាង ជំរំជម្រក អគាររដ្ឋបាល និងរចនាសម្ព័ន្ធ សម្រាប់ធ្វើជាកន្លែងធ្វើការ ឱ្យបានល្អ សមស្រម ទាន់សម័យអភិវឌ្ឍន៍ ដើម្បីទុកជូនជាតិមាតុភូមិ និងអ្មកជំនាន់នេះ និងអ្នកជំនាន់ក្រោយ និងក៏រកនូវមធ្យោបាយ សម្ភារ:គ្រប់គ្រាន់ទាន់សម័យ សម្រាប់ឱ្យកងកម្លាំង បំពេញការងារផងដែរ ។ លោកក៏បានដាក់បញ្ជាឱ្យកម្លាំង អាវុធហត្ថ បន្តខិតខំបំពេញការងារស្នូល ការងារសង្គម ការងារអន្តរាគមន៍ និងការងារសហការឱ្យបានលទ្ធផលល្អ ៕ V / N