ដោយៈ សៅវ៉ាន់ឌី / ព្រះវិហារៈ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំប្រារព្វទិវាជំងឺទឹកនោមផ្អែមពិភពលោក ជាលើកដំបូង ក្រោមប្រធានបទ យើងរួមគ្នាទប់ស្កាត់ជំងឺទឹកនោមផ្អែម តាមរយៈការផ្លាស់ប្តូររបៀបរស់នៅ។

ពិធីនេះមានលោកស្រី ប៉ាង រ៉ាវី អភិបាលរងខេត្តព្រះវិហារ តំណាងលោក គីម រិទ្ធី អភិបាលខេត្ត លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធាន មន្ទីរសុខាភិបាលខេត្ត ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ តាមមន្ទីរ អង្គភាព ជុំវិញខេត្ត និងពលរដ្ឋជាច្រើនរូបទៀត បានចូលរួមក្នុងឱកាសនេះ។

លោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងថាៈ គោលបំណងចម្បងនៃយុទ្ធនាការ ទិវាជំងឺទឹកនោមផ្អែមពិភពលោក ឆ្នាំ២០២២នេះ គឺដើម្បីលើកកម្ពស់ការយល់ដឹង អំពីផលប៉ះពាល់ ដែលបង្កដោយជំងឺទឹកនោមផ្អែម មកលើក្រុមគ្រួសារ លើកកម្ពស់ ការអប់រំ ការការពារ និងការគ្រប់គ្រង ជំងឺទឹកនោមផ្អែម និងជំរុញពិភពលោករួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺទឹកនោមផ្អែម ដែលជាបញ្ហាសុខភាពសកលដ៍សំខាន់ មួយ។

លោក បានថ្លែងទៀតថាៈ ជំងឺទឹកនោមផ្អែម គឺជាជំងឺរ៉ាំរ៉ៃមួយ ដែលជាតិស្ករនៅ ក្នុងឈាមអ្នកជំងឺ កើនឡើងលើសពីធម្មតា ហើយវាជាបន្ទុកដ៏ធ្ងន់ធ្ងរដល់ប្រទេស កម្ពុជាយើង និងពិភពលោកទាំងមូល ហើយតាមការប៉ាន់ស្មាន ខេត្តព្រះវិហារ អាចមានអ្នកជំងឺទឹកនោមផ្អែម ប្រមាណ ២៤.០០០ នាក់ នៅឆ្នាំ២០២២នេះ។

លោក គួង ឡូ បានថ្លែងទៀតថាៈ ករណីពិនិត្យ និងព្យាបាលជំងឺទឹកនោមផ្អែម នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ១៦ មករា មានចំនួន ៤.២៩២ នាក់ ក្នុងនោះ មនុស្សប្រុស ១.៥៦៦ នាក់ គិតត្រឹម១១ ខែ ឆ្នាំ២០២២ មានចំនួន ៤.៣៤៤ ករណី មនុស្សប្រុស ១.៦២២ ករណី។

នៅដើមឆ្នាំ២០២៣ ខាងមុខនេះ សេវាពិនិត្យ ព្យាបាលជំងឺទឹកនោមផ្អែម នឹងពង្រីក ទៅគ្រប់មណ្ឌលសុខភាព និងមន្ទីរពេទ្យទូទាំងខេត្តព្រះវិហារ ដើម្បីឆ្លើយតប ទៅនឹងការគ្របដណ្តប់សេវាសុខាភិបាលជាសកល ក៏ដូចជាឆ្លើយតបទៅនឹងការកើន ឡើង គួរឱ្យបារម្ភនៃជំងឺទឹកនោមផ្អែម។

លោក គួង ឡូ បានបញ្ជាក់ថាៈ ជំងឺទឹកនោមផ្អែម គឺបណ្តាលមកពីកត្តាហានិភ័យ គន្លឹះសំខាន់ៗគឺ បរិភោគអាហារមិនមានសុខភាព និងកង្វះការហាត់ប្រាណ។ ផលវិបាកនៃជំងឺទឹកនោមផ្អែម គឺធ្វើឱ្យខូចបេះដូង ងងឹតភ្នែក ខូចតម្រងនោម កើតដំបៅមិនងាយជា ដាច់សរសៃឈាមខួរក្បាល លើសសម្ពាធឈាម និងពិការភាព ការព្យាបាលជំងឺទឹកនោមផ្អែម គឺត្រូវព្យាបាលអស់មួយជីវិត តែជំងឺទឹកនោមផ្អែម អាចការពារបាន។ ដូច្នេះយើងទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់ ថែរក្សាសុខភាពផ្ទាល់ខ្លួន ដើម្បីការពារកុំឱ្យកើតជំងឺទឹកនោមផ្អែម ដោយកុំពិសាប្រៃ ពេក កុំពិសាផ្អែមពេក កុំពិសាខ្លាញ់ពេក និងធ្វើលំហាត់ប្រាណជាប្រចាំ។

លោកស្រី ប៉ាង រ៉ាវី បានថ្លែងថាៈ ជំងឺទឹកនោមផ្អែម កំពុងតែរីករាលដាលយ៉ាងខ្លាំង ជាពិសេស គឺប្រទេសក្រីក្រ និងកំពុងអភិវឌ្ឍន៍ ជំងឺទឹកនោមផ្អែម គឺជាជំងឺដែលមាន ជាតិស្ករ នៅក្នុងឈាម កើនឡើងខ្ពស់ ហើយត្រូវព្យាបាល អស់មួយជីវិត បើយើងព្យាបាល មិនទាន់ពេលវេលា គឺប្រឈមនឹងគ្រោះមហន្តរាយជាច្រើនដល់ លោកអ្នក និងក្រុមគ្រួសាររបស់លោកអ្នក ពិសេសធ្វើឱ្យលោកអ្នក ធ្លាក់ខ្លួនពិការភាព ដូចជាពិការភ្នែក ខូចតម្រងនោម​លើសពីនេះអាចធ្វើឱ្យប៉ះពាល់ដល់សរសៃប្រសាទ ដែលបង្កទៅជាដំបៅជើង ហើយអាចឈានទៅដល់ការកាត់ជើងចោលជាដើម។

លោកស្រី អភិបាលរងខេត្តព្រះវិហារ ក៏បានអំពាវនាវដល់មន្ត្រីរាជការ កម្លាំងប្រដាប់ អាវុធ និងពលរដ្ឋដែលចូលរួមក្នុងពិធីនេះ ត្រូវធ្វើការផ្សព្វផ្សាយ និងចូលរួមបញ្ជូន សារនេះ បន្តឱ្យបានទៅដល់អង្គភាពរដ្ឋ និងឯកជន សាធារណជនទូទៅ និងសហគមន៍ ហើយពិសេសបំផុត គឺរួមសហការជាមួយគ្នា ពីថ្នាក់ជាតិរហូតដល់ ថ្នាក់ក្រោមជាតិ និងទៅដល់មូលដ្ឋាន ក្នុងការជំរុញឱ្យមានការថែទាំសុខភាព ឱ្យបានត្រឹមត្រូវ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ពិសេសអប់រំ ជំរុញឱ្យមានការយល់ ដឹងអំពីសុខភាព និងបង្ការមិនឱ្យកើតមានជំងឺទឹកនោមផ្អែម ដើម្បីសុខភាពល្អ ទាំងអស់គ្នា៕ V / N